ជាធម្មតានៅពេលដែលអាកាសធាតុខាងក្រៅប្រែប្រួលទៅជាក្តៅខុសធម្មតាគឺចាប់ពី៤០អង្សាសេឡើងទៅ គឺវាធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួននោះក៏ចាប់ផ្តើមប្រែប្រួលឡើងកម្តៅខ្លាំងដូចគ្នា។ នៅពេលដែលសីតុណ្ហភាពក្នុងខ្លួនប្រែពីធម្មតាទៅជាក្តៅខ្លាំង គឺវាងបង្កទៅជាជំងឺគ្រោះថ្នាក់ដល់អាយុជីវិតគឺជំងឺ Heat stroke។
ជាការពិតណាស់ យោងតាម CDC អាមេរិកបានបញ្ជាក់ច្បាស់ៗថា ជំងឺ Heat stroke មិនមែនជាជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ។ Heat stroke គឺជាជំងឺម្យ៉ាងដែលកើតឡើងដោយសារមូលហេតុទាក់ទងនឹងកំដៅកើនឡើងខ្លាំង។ ជំងឺ Heat stroke នេះវាកើតឡើងនៅពេលដែលរាងកាយប្រែប្រួលសីតុណ្ហភាពពីធម្មតាទៅជាក្តៅ ហើយមានរោគសញ្ញាភ្លាមៗដូចជា៖ អារម្មណ៍ច្របូកច្របល់, បាត់បង់ស្មារតី (សន្លប់) ស្បែកក្តៅ ស្ងួត បែកញើសខ្លាំង ប្រកាច់ អាចឈានទៅរកការស្លាប់ភ្លាមៗប្រសិនបើការព្យាបាលមិនទាន់ពេល។
ប្រសិនបើមានអាការដូចដែលបានរៀបរាប់ខាងលើ អ្នកត្រូវប្រញាប់ប្រើវិធីសាស្រ្តសង្រ្គោះបឋម ដោយអនុវត្តដូចខាងក្រោម៖
· ផ្លាស់ទីទៅកន្លែងដែលមានម្លប់ត្រជាក់ ហើយដោះសម្លៀកបំពាក់ខាងក្រៅចេញ។
· ងូតទឹក ប្រសិនបើអាចធ្វើបាន
· ដាក់ក្រណាត់សើមត្រជាក់លើស្បែក
· ដាក់ក្រណាត់សើម លើក្បាល ក ក្លៀក និងក្រលៀន ដើម្បីបញ្ចុះកម្តៅនៅក្នុងខ្លួន។
បន្ទាប់ពីសង្រ្គោះបឋមរួចហើយ អ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យដែលនៅជិតអ្នកបំផុត ដើម្បីត្រួតពិនិត្យ និងតាមដានអំពីអាការ។ សូមកុំទុកយូរពីព្រោះជំងឺនេះអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនបើព្យាបាលមិនបានទាន់ពេលវេលា៕
អត្ថបទដោយ៖ មឿន គន្ធា