ជាទូទៅនៅអាស៊ីយើងប្រជាជននិយមស្រឡាញ់ស្បែកសស្អាតមើលទៅគួរឱ្យស្រឡាញ់ មូលហេតុនេះហើយ ជម្រុញឱ្យមនុស្សជាច្រើន ចូលចិត្តប្រើគ្រឿងសម្អាង ឬហៅម្យ៉ាងទៀតថាឡេលាបស្បែកដើម្បីធ្វើអោយស្បែកស តែពួកគេមិនបានដឹងថា ស្បែកដែលមានសុខភាពល្អស្រស់ស្អាតមានសំណើមភ្លឺចេញពីខាងក្នុង វាក៏អាស្រ័យលើរបបអាហារដែលញុំារាល់ថ្ងៃនេះដែរ។
អាស្រ័យហេតុនេះហើយHealthy Cambodia សូមលើកយករបបអាហារមួយចំនួនដែលធ្វើអោយស្បែកស្រស់ស្អាតចេញពីខាងក្នុងអោយអ្នកទាំងអស់គ្នាបានដឹង
១ ប្រភេទអាហារដែលសម្បូរដោយវីតាមីនប្រូតេអ៊ីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុផ្សេងៗទៀតដូចជាពពួកវីតាមីនCវាមានសារសំខាន់ក្នុងការសំយោគកូឡាជែន សារធាតុនេះវាជួយពង្រឹងស្បែកផ្ដល់សំណើមដល់ស្បែក ព្រោះកាលណាអាយុកាន់តែច្រើនការផលិតកូឡាជែនកាន់តែចុះថយធ្វើឱ្យស្បែកចាប់ផ្ដើមស្ងួត មានស្នាមជ្រួញជាដើម។
២ ផ្លែប៉េងប៉ោះ វេជ្ជបណ្ខិត MARIE Jhin,MD ជាគ្រូពេទ្យជំនាញសើស្បែក មានប្រសាសន៍ថាប៉េងប៉ោះមានសារធាតុPhytochemical ដែលធ្វើឱ្យវាមានពណ៌ក្រហមប៉េងប៉ោះជួយបង្កើនកម្លាំងកូឡាជែន ប្រឆាំងនឹងឥទ្ធិពលកម្មរស្មី UVដែលបញ្ចេញដោយព្រះអាទិត្យនិងជួយកម្ចាត់រ៉ាឌីកាល់សេរីរបស់ស្បែកចាស់ៗធ្វើឱ្យស្បែកភ្លឺរលោង។
៣ ការ៉ុត និងដំឡូងជ្វា ផ្ទុកដោយសារធាតុបេការ៉ូទីនដែលជាសារធាតុការពារពីពន្លឺព្រះអាទិត្យ ហើយសម្បូរដោយវីតាមីន A និងជួយបង្កើតខូឡាជែនឱ្យស្បែកដូចទៅនិងផ្លែប៉េងប៉ោះដែរ។
៤ ប្រេងផ្កាឈូករ័ត្ន(Safflower)សម្បូរដោយវីតាមីនEនិងអូមេហ្កា៣ល្អសម្រាប់អ្នកមានស្បែកស្ងួត ជួយការពារនិងជួសជុលស្បែកដែលខូចខាត កាត់បន្ថយការរលាកស្បែក អាហារសម្បូរដោយវីតាមីនEមានដូចជាគ្រាប់អាល់ម៉ុន សណ្ដែកដី គ្រាប់ពណ៌ខៀវក្រម៉ៅ។
៥ ផ្លែក្រូច ជាផ្លែឈើដែលសម្បូរងាយស្រួលរកទិញថែមទាំងមានរសជាតិឆ្ងាញ់ អ្នកដែលចូលចិត្តញុំាផ្លែក្រូចមិនខុសទេ វាផ្ទុកដោយវីតាមីនCជួយប្រឆាំងអុកស៊ីតកម្ម និងផ្ដល់ជាតិទឹកដល់ស្បែក។
៦ ទឹកដូង មិនត្រឹមតែមានរសជាតិឆ្ងាញ់មួយមុខទេ វាសម្បូរដោយវីតាមីន ប៉ូតាស្យូមនិងអេឡិចត្រូលីត ថែមទាំងមានអត្ថប្រយោជន៍ដល់ស្បែកជាច្រើនជួយឱ្យស្បែកទន់រលោងផ្ដល់សំណើមដល់ស្បែកមើលទៅក្មេងជាងវ័យ។
៧ អ័យស្ទ័យ ជាអាហារពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារតែរសជាតិឆ្ងាញ់របស់វាមិនត្រឹមតែប៉ុណ្ណោះអ័យស្ទ័យមានផ្ទុកសារធាតុស័ង្កសីជាតិរ៉ែដែលស្បែកត្រូវការជាចាំបាច់ដើម្បីជួសជុលកោសិការស្បែកដែលខូច និងបង្កើតកោសិការថ្មី។
៨ រមៀត ក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែរវាជួយឱ្យស្បែកភ្លឹចេញពីខាងក្នុងនិង ជួយបំបាត់ស្នាមអុជខ្មៅដល់ស្បែក។
សរុបមកអាហារពិតជាមានអត្ថប្រយោជន៍ចំពោះស្បែកខ្លាំងណាស់ញុំាអាហារល្អជួយអោយស្បែកស្រស់ស្អាត ហើយអាហារមួយចំនួនក៏ប៉ះពាល់ដល់ស្បែកដូចគ្នា៕
ប្រភព eatthis
អត្ថបទដោយ៖ ប៉ែត ធីតា