សម្រស់
អស់បារម្ភរឿងជ្រុះសក់! ៥វិធីព្យាបាលសក់ជ្រុះ ក្រោយពេលសម្រាល
Pov Saru
September 17 2025
62 views

ក្រោយពេលសម្រាលកូនរួច រាងកាយរបស់អ្នកម្តាយតែងតែបាត់បង់នូវសារធាតុចិញ្ចឹមច្រើន ដែលធ្វើឱ្យសុខភាពចាប់ផ្ដើមចុះខ្សោយ រូបសម្រស់ដែលធ្លាប់តែស្រស់ស្អាតក៏ប្រែប្រួល ជាពិសេសបញ្ហាជ្រុះសក់ក៏ចាប់ផ្ដើមកើតមានដែរ។ ជាការពិតណាស់ សក់គឺជាផ្នែកមួយនៃភាពស្រស់ស្អាតរបស់មនុស្សស្រី បើសក់មានសុខភាពមិនល្អដូចជាឧស្សាហ៍ជ្រុះ សរសៃសក់ផុយ ងាយដាច់ នេះគឺជាបញ្ហាចម្បងដែលធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ពិបាកចិត្ត និងស្មុគស្មាញ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមានផលិតផលជាច្រើនកំពុងចរាចរណ៍នៅលើទីផ្សារដែលជាផលិតផលថែរក្សាសក់ ប៉ុន្តែមិនប្រាកដថាប្រើផលិតផលទាំងនេះសុទ្ធតែទទួលបានផលទាំងអស់នោះទេ ប្រសិនបើគ្មានការចូលរួមថែទាំពីខ្លួនយើងផ្ទាល់។ 
 
ខាងក្រោមនេះគឺជាគន្លឹះទាំង ៥ ដែលអ្នកម្ដាយគ្រប់រូបអាចអនុវត្តខ្លួនឯងបាន ដើម្បីកាត់បន្ថយការជ្រុះសក់ជ្រុះក្រោយសម្រាលដោយយោងតាមគេហទំព័រ Phunutoday៖

១. រៀបចំរបបអាហារឱ្យបានត្រឹមត្រូវ៖ ក្រោយសម្រាលម៉ាក់ៗត្រូវញុំាអាហារណាដែលសម្បូរជាតិប្រូតេអ៊ីនដូចជា បន្លែបៃតង គ្រាប់ធញ្ញជាតិ និងវីតាមីន B ដែលមានសារៈសំខាន់ក្នុងការចិញ្ចឹមឫសសក់ឱ្យមានសុខភាពល្អពីខាងក្នុង។ លើសពីនេះ ការកាត់បន្ថយជាតិស្ករ និងជាតិកាហ្វេអ៊ីន ក៏ជាកត្តាសំខាន់ផងដែរ ព្រោះទាំងនេះគឺជាកត្តាដែលអាចធ្វើឱ្យសក់ស្ងួត និងផុយ ដែលមនុស្សជាច្រើនតែងតែព្រងើយកន្តើយ។

២. ជៀសវាងសារធាតុគីមី និងសីតុណ្ហភាពខ្ពស់៖ ការជ្រុះសក់ក្រោយពេលសម្រាលកូនរួចគឺមានភាពរសើបជាងធម្មតា ដូច្នេះចាំបាច់ត្រូវប្រយ័ត្នការប៉ះពាល់នឹងកំដៅ និងសារធាតុគីមី។ ទម្លាប់ដូចជាការរួញសក់ អ៊ុតសក់ត្រង់ លាបថ្នាំពណ៍សក់ ឬសម្ងួតសក់នៅសីតុណ្ហភាពខ្ពស់អាចធ្វើឱ្យសក់ស្ងួត ខ្សោយ និងងាយនឹងជ្រុះ។ អ្វីដែលគួរធ្វើ នៅពេលសក់កំពុងតែខ្សោយបន្ទាប់ពីងូតទឹករួចគួរទុកឱ្យវាស្ងួតតាមធម្មជាតិ ឬជូតសក់ជាមួយកន្សែងទន់ៗ ហើយជ្រើសរើសសាប៊ូកក់សក់ដែលមិនមានស៊ុលហ្វាតស្រាល ដើម្បីរក្សាស្បែកក្បាលឱ្យមានតុល្យភាព និងមានសុខភាពល្អ។

៣.ម៉ាស្សាស្បែកក្បាលជាប្រចាំ៖ ម៉ាស្សាស្បែកក្បាលរបស់អ្នករយៈពេល ៣ ទៅ ៥ នាទីជារៀងរាល់ថ្ងៃ ដើម្បីបង្កើនចរន្តឈាម ជួយឱ្យសក់ដុះលឿន និងរឹងមាំ។ ពេលសិតសក់ សូមជ្រើសរើសក្រាស់ដែលមានធ្មេញទូលាយ ប្រើសិតថ្នមៗ ដើម្បីកាត់បន្ថយការដាច់សក់។  

៤. លាបគ្រឿងផ្សំធម្មជាតិដើម្បីថែរក្សាសក់៖ គ្រឿងផ្សំធម្មជាតិបែបប្រពៃណីនៅតែត្រូវបានអ្នកម្តាយជាច្រើនជឿទុកចិត្ត ដោយសារតែសុវត្ថិភាព និងគុណភាពរបស់វា។ វិធីសាស្រ្តពេញនិយមមួយចំនួនរួមមាន ការកក់សក់ជាមួយសំបកក្រូចថ្លុង ដើម្បីសក់រឹងមាំ កក់សក់ជាមួយប្រេងដូង ឬប្រេងអូលីវ ដើម្បីបន្ថែមសំណើម ឬស្ទីមសក់ជាមួយស្លឹកគ្រៃ ខ្ញី និងក្រូចឆ្មា ដើម្បីបន្ធូរស្បែកក្បាល និងជំរុញចលនាឈាម។ វិធីទាំងនេះអាចធ្វើ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាព។

៥. រក្សាទម្លាប់ល្អក្នុងការថែរក្សាសក់៖ បន្ថែមពីលើអាហារូបត្ថម្ភ និងផលិតផលថែរក្សា ទម្លាប់ប្រចាំថ្ងៃក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការជ្រុះសក់ផងដែរ។ ការម៉ាស្សាស្បែកក្បាលជាទៀងទាត់ ចងសក់ថ្នមៗ កាត់បន្ថយការប្រើប្រាស់កំដៅ គេងឱ្យបានគ្រប់គ្រាន់ និងរក្សាផ្លូវចិត្តឱ្យបានល្អ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជួយឱ្យសក់ឆាប់មានសុខភាពល្អឡើងវិញ។

គួរបញ្ជាក់ថា ការជ្រុះសក់ក្រោយសម្រាលគឺជាបាតុភូតសរីរវិទ្យា ហើយវាជារឿងធម្មតាដែលតែងតែកើតមាន ដោយសារតែការថយចុះនៃអរម៉ូនអ៊ឹស្ត្រូសែន - អរម៉ូនដែលរក្សាសក់ក្នុងដំណាក់កាលលូតលាស់អំឡុងពេលមានផ្ទៃពោះ។ នៅពេលដែលអរម៉ូនអ៊ឹស្ត្រូសែនថយចុះ សក់ជាច្រើនចូលទៅក្នុងដំណាក់កាលសម្រាក ហើយជ្រុះចេញជាដុំៗ។ លើសពីនេះ កង្វះអាហារូបត្ថម្ភ ជាពិសេសជាតិដែក ស័ង្កសី វីតាមីន D និង biotin រួមផ្សំជាមួយនឹងការគេងមិនលក់ និងភាពតានតឹង ធ្វើឱ្យសក់កាន់តែខ្សោយ។ ហើយជាធម្មតាសក់នឹងដុះឡើងវិញដោយខ្លួនឯងបន្ទាប់ពី ៦ ទៅ ១២ ខែនៅពេលដែលអរម៉ូនមានស្ថេរភាព។ ប៉ុន្តែបើបន្ទាប់ពី ៦ ទៅ ១២ ខែ ឬយូរជាងនេះសក់នៅតែបន្តជ្រុះ អ្នកត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យឯកទេសដើម្បីធ្វើការពិភាក្សាដោះស្រាយបញ្ហាតាមភាពជាក់ស្ដែង៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 21

អត្ថបទថ្មីៗ
#សម្រស់September 17 2025
អស់បារម្ភរឿងជ្រុះសក់! ៥វិធីព្យាបាលសក់ជ្រុះ ក្រោយពេលសម្រាល
#គំនិតរកស៊ីSeptember 17 2025
សាប៊ូដុំកូនខ្មែរ ១នេះមានសមត្ថភាពកម្ចាត់បញ្ហាស្បែកមុខ បំបាត់ស្នាម និងជាំ
#អាហារSeptember 17 2025
គ្រាប់ស្វាយចន្ទីកូនខ្មែរ ១នេះឆ្ងាញ់ជាងគេក្នុងលោក! មានអត្ថប្រយោជន៍ប្រឆាំងជំងឺកាចទាំង ៤មុខនេះ
#អត្ថបទ PRSeptember 17 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកចម្លើយទៅនឹងសំណួរដែលថា តើអាហារក្រឡុកជំនួសរបបអាហារទូទៅ មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ឬទេ?
#គំនិតរកស៊ីSeptember 16 2025
ខ្មែរក៏មិនធម្មតាដែរ! សាប៊ូខ្មែរ ១នេះជួយកាត់បន្ថយសក់ជ្រុះ ឱ្យសក់ឆាប់ដុះ និងទន់រលោង
#ជំងឺSeptember 16 2025
នេះជារោគសញ្ញាសំខាន់ៗ អ្នកកំពុងមានមហារីកច្រមុះហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia