អំឡុងពេលពពោះ គឺជារឿងសំខាន់ខ្លាំងបំផុតសម្រាប់អ្នកម៉ាក់ និងលោកប៉ាគ្រប់រូបគួរយកចិត្តដាក់ កុំធ្វេសប្រហែស ដែលបង្កជាហានិភ័យដល់ទារកក្នុងផ្ទៃ។ ជាក់ស្តែងដូចដែលយើងបានដឹងឮពីរឿងរ៉ាវ ដែលត្រូវបានចែងដោយចាស់បុរាណ បូករួមទាំងក្រុមគ្រូពេទ្យហាមប្រាមបន្ថែម ដោយមិនឱ្យស្ត្រីដែលពពោះធ្វើសកម្មភាព និងញ៉ាំអាហារណាដែលមិនល្អដល់សុខភាពកូនក្នុងផ្ទៃឡើយ។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះផងដែរ ថ្ងៃនេះចាបបៃតងសូមពាំនាំនូវចំណេះដឹងខ្លះពាក់ព័ន្ធទៅនឹងអាហារ និងសកម្មភាពមួយចំនួនដែលស្ត្រីមានផ្ទៃពោះគួរជៀសវាងជាដាច់ខាត បើមិនចង់ឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពខ្លួន និងទារកក្នុងផ្ទៃ។ បើយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ healthline.com អត្ថបទមួយនេះទៀតសោត ជូនជាពិសេសសម្រាប់អ្នកម៉ាក់ថ្មីថ្មោងដែលទើបតែពពោះកូនដំបូង៖
១. អាហារឆៅ៖ ប្រភេទសាច់ឆៅ បន្លែឆៅ ស្តាប់ទៅហាក់ដូចជាសម្បូរទៅបណ្តុំសារធាតុប្រូតេអ៊ីនជាច្រើនឥតខ្វះ តែស្ត្រីមានផ្ទៃពោះយល់ល្អកុំទទួលទានអាហារប្រភេទនេះអី ព្រោះថា សាច់ និងបន្លែឆៅផ្ទុកបាក់តេរីមិនល្អមួយចំនួនដែលបង្កជាមេរោគឆ្លងចូលក្នុងស្បូន ហើយអាចគំរាមកំហែងដល់អាយុជីវិតកូនក្នុងផ្ទៃ។
២. កាហ្វេអ៊ីន៖ បើទោះបីជាញៀនកាហ្វេខ្លាំងកម្រិតណា អំឡុងពេលពពោះបើអាចផ្អាកញ៉ាំបានគួរតែផ្អាកទៅ ពីព្រោះថា ផឹកកាហ្វេ ជារៀងរាល់ថ្ងៃនឹងបង្កើនសម្ពាធឈាម អត្រាចង្វាក់បេះដូង ប្រែប្រួលរបត់រំលាយអាហារ តម្រង់នោម( ចូលបន្ទប់ទឹកញឹក)។ កត្តានេះ យើងអាចលើកឡើងពីបញ្ហាប្រឈមខ្លាំង២ គឺទី១ កាហ្វេអ៊ីនអាចនឹងរារាំងនូវការវិវត្តន៍របស់ទារកក្នុងផ្ទៃ ទី២បញ្ហាចូលបន្ទប់ទឹកញឹក អាចនឹងបង្កជាហានិភ័យរអិលដួល។
៣. ជក់បារី៖ ការជក់បារីពិតជាផ្តល់ផលអាក្រក់ខ្លាំងបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ដោយសារតែសារធាតុគីមីដែលមាននៅក្នុងផ្សែងបារីអាចបង្កជា ការប៉ះពាល់ជាច្រើនដូចជា៖ រលូតកូន សម្រាលកូនមិនគ្រប់ខែ សុខភាពក្មេងក្នុងផ្ទៃខ្សោយ កូនស្លាប់ក្នុងផ្ទៃ ឬអំឡុងពេលសម្រាលត្រូវស្លាប់ភ្លាមៗ។
៤. ផឹកស្រា៖ ជាតិអាល់កុលឆ្លងកាត់យ៉ាងរហ័សពីចរន្តឈាមរបស់ម្តាយតាមរយៈសុក និងទងផ្ចិតទៅកូន ហើយបញ្ហានេះអាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់ខួរក្បាល និងសរីរាង្គទារក។ មិនតែប៉ុណ្ណោះ បង្កជាហានិភ័យផ្សេងទៀតរួមមាន៖ រលូតកូន កូនកើតមិនគ្រប់ខែ ក្មេងមានបញ្ហាខួរក្បាល ពិការភាពពីកំណើត ឬស្លាប់ក្នុងផ្ទៃ និងអំឡុងពេលកើតតែម្តង។
៥. អង្គុយឬឈរយូរពេក៖ ក្នុងអំឡុងពេលមានផ្ទៃពោះ ការអង្គុយ ឬឈរយូរក៏អាចចោទជាបញ្ហាផងដែរ។ វាអាចបណ្តាលឱ្យមានបញ្ហាហើមជើង និងបញ្ហាសរសៃឈាមវ៉ែន។ បន្ថែមពីនេះទៅទៀត គេមិនឱ្យឆោងចាប់យករបស់ណាដែលផុតពីដៃ ឬលើករបស់ធ្ងន់ៗទេ ព្រោះទារកអាចប៉ះទង្គិច ធ្វើឱ្យ រលូតកូនក្នុងផ្ទៃ។
៦. ងូត ឬគេងត្រាំទឹកក្តៅ៖ សីតុណ្ហភាពទឹកក្តៅ ដែលម្តាយគេងត្រាំ ឬងូត អាចនឹងប៉ះពាល់ ដល់ទារកក្នុងផ្ទៃ បណ្ដាលឱ្យមានបញ្ហាពិការភាពពីកំណើត ឬកើតមកមានរូបរាងខុសប្រក្រតី។
៧. ពាក់ស្បែកជើងកែង៖ គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកម៉ាក់ពាក់ស្បែកជើងកែង ព្រោះវាងាយរអិល ពិបាកទប់ជំហរខ្លួន ជំពប់ក្រឡាច់ដួល ប៉ះពាល់ខ្លាំងដល់កូនក្នុងផ្ទៃ។
អាស្រ័យតាមការបកស្រាយខាងលើនេះ សូម្បីអ្នកម៉ាក់លោកប៉ា មេត្តាប្រយ័ត្នប្រយែងឱ្យខ្លាំងមែនទែនក្នុងអំឡុងពេល ៩ខែ ១០ថ្ងៃ នៃការពពោះនេះ។ ជាការណែនាំដ៏ល្អបន្ថែម សូមទៅពិនិត្យផ្ទៃពោះ និងស្តាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញឱ្យបានដឹកដល់ ដើម្បីធានានូវសុខសុវត្ថិភាពទាំងម្ដាយ និងកូនរហូតដល់ថ្ងៃសម្រាល៕