ស្បូនស្រ្តីមានតែ១ ស្រ្តីគួរតែខំថែ ខំការពារជំងឺសាហាវៗ ដូចជាគីសដៃស្បូន រលាកមាត់ស្បូន មហារីកស្បូន ជាពិសេសគឺបញ្ហាធ្លាក់ស ផ្សិត អាចជួបច្រើនបំផុត។ ដូច្នេះហើយ ស្រ្តីគួរតែប្រយ័ត្នជាមួយអាហារញុំា និងដឹងពីប្រភេទអាហារដែលអាចជួយសុខភាពស្បូនខ្លះផង បើកាលណាដឹងច្រើន អ្នកអាចចេះការពារនិងជ្រើសរើសអាហារញុំាដើម្បីបានផលដល់ស្បូនលឿន។
ខាងក្រោមនេះគឺជាប្រភេទអាហារ២ក្រុម គឺអាហារបំផ្លាញស្បូន និងប្រភេទអាហារជួយសុខភាពស្បូន
អាហារបំផ្លាញស្បូន
១.អាហារកែច្នៃ៖ អាហារកែច្នៃ ឬអាហារវេចខ្ចប់ជាច្រើនដូចជាមីកំប៉ុង សាច់កំប៉ុង សាច់ក្រក ត្រីងៀត... ជាដើម គឺសម្បូរទៅដោយសារធាតុខ្លាញ់អាក្រក់ៗជាតិស្ករ អំបិល ជាច្រើន ដែលអាចមានហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាព ដែលញុំាយូរទៅៗធ្វើឱ្យមានការរលាកស្បូន ស្បូនមានដុះដុំសាច់ ជាដើម។
២.ជាតិអាល់កុល៖ ស្រា អាចធ្វើឱ្យរោគសញ្ញានៃជំងឺដុំសាច់ក្នុងស្បូនស្រ្តីតែធ្ងន់ធ្ងរទៅៗ ប្រសិនណាគាត់កំពុងតែកើតជំងឺនេះផ្ទាល់។ មួយវិញទៀត ប្រសិនណាផឹកស្រាជារៀងរាល់ថ្ងៃ មិនត្រឹមតែប៉ះពាល់ដល់ស្បូនទេ ថែមទាំងធ្វើឱ្យប៉ះពាល់ខួរក្បាលសតិអារម្មណ៍ ខូចសុខភាពយ៉ាងច្រើន ដូចជាក្រពះពោះវៀន សួត ថ្លើម ខ្សោយផ្លូវភេទ…ជាដើម។
៣.ជាតិកាហ្វេអ៊ីន៖ យើងដឹងហើយថាជាតិកាហ្វេអ៊ីននៅកម្រិតមួយសមស្រប គឺល្អសម្រាប់សុខភាពដោយគេកំណត់ ជាតិកាហ្វេអ៊ីនប្រចាំថ្ងៃ ត្រឹម ៤០០មីលីក្រាម ឬតិចជាងនេះប៉ុណ្ណោះ។ តែបើលើសកំណត់អាចប៉ះពាល់ដល់សុខភាពស្បូន ប្រសិនណាមានបញ្ហារលាកស្បូន គីសស្បូន អាចនាំឱ្យប៉ះពាល់ដល់ជំងឺកាន់តែខ្លាំង ជាពិសេសប៉ះពាល់ដល់ដំណេកទៀតដែលធ្វើឱ្យបងប្អូនគេងមិនលក់ផងដែរ។
អាហារជួយស្បូន៖
១ ដំឡូងផ្អែម ឬដំឡូងជ្វា៖ មិនត្រឹមតែមានរសជាតិឆ្ងាញ់ ងាយស្រួលរកទិញ តម្លៃសមរម្យ មិនសូវមានគីមីប៉ុណ្ណោះទេ ផ្អែកតាមblackhealthmatters បានឱ្យដឹងផងដែរថា ដំឡូងសម្បូរវីតាមីនA ដែលជួយបំពេញទៅកាន់ជញ្ជាំងស្បូនឱ្យរឹងមាំបាន។ មិនតែប៉ុណ្ណោះ ទទួលទានដំឡូងក៏ជួយជម្រុញអរម៉ូនថាមពលក្នុងរាងកាយផងដែរ។
២ ទឹកក្រូវឆ្មារ៖ លាយក្រូចឆ្មារ១ចំណិតធំល្មម ជាមួយទឹកក្ដៅឧណ្ហៗ១កែវ បន្ថែមទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ទទួលទាន១ឬ២កែវក្នុង១ថ្ងៃ។ ក្រូចឆ្មារមានអាស៊ីពីធម្មជាតិដែលជួយរក្សាកម្រិតpH ក្នុងទ្វារមាសបានល្អ។ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ការពាររ៉ាឌីកាល់សេរី និងជួយពង្រឹងភាពស៊ាំឱ្យរាងកាយរឹងមាំប្រឆាំងនិងមេរោគផងដែរ។ ប្រសិនបើអ្នកមានបញ្ហាក្រពះ សូមប្រឹក្សាជាមួយពេទ្យជំនាញជាមុន
៣ ខ្ទឹមស៖ ក្លិននិងរសជាតិហឹរនៃខ្ទឹមសគឺមានសារធាតុប្រឆាំងមេរោគ និងផ្សិត ដែលជួយការពារបញ្ហាទ្វារមាសដូចជារមាស់ ក្រហាយ មានក្លិន និងការឆ្លងមេរោគតាមបង្ហូរនោម។ វាក័បង្កើនប្រព័ន្ធភាពស៊ាំដែលអាចឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ទទួលទានខ្ទឹមសឆៅ ២ ទៅ៣កំពឹស ជារៀងរាល់ថ្ងៃ។ ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការញ៉ាំ អ្នកអាចចិតវាស្ដើងៗ លាយជាមួយអាហាររបស់អ្នកបាន។ ប្រសិនបើអ្នកមានបញ្ហាក្រពះ ឬអាឡែហ្ស៊ីជាមួយខ្ទឹមស សូមប្រឹក្សាជាមួយពេទ្យជំនាញជាមុន។
គូសបញ្ជាក់ឱ្យដឹងថា បើព្យាយាមកាត់បន្ថយញុំាគឺល្អសម្រាប់សុខភាពអ្នក បើអ្នកស្រឡាញ់ជីវិតខ្លួនឯង ។មួយវិញទៀតអ្នកអាចដឹងពីរបអាហារជួយសុខភាពស្បូនខ្លះៗផងដែរ ដូច្នេះអាចជ្រើសរើសយកទៅញុំាជាប្រចាំថ្ងៃបាន៕
អត្ថបទដោយ៖ ប៉ែត ធីតា