សព្វថ្ងៃនេះ មនុស្សភាគច្រើនមានបញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្តធ្ងន់ធ្ងរឡើង មានកត្តាច្រើនណាស់ អាចមកពីគ្រួសារ ការងារ និងស្នេហាជាដើម។ អ្នកមានបញ្ហាអារម្មណ៍មុនដំបូងមានរោគសញ្ញាដូចជាស្រ្តេស អារម្មណ៍តានតឹង និងព្រួយកង្វល់ច្រើន បើចង់ឱ្យអារម្មណ៍ធូរស្រាល តាមអ្នកជំនាញគេឱ្យហូបអាហារទាំង ៥នេះ ដើម្បីជួយសម្រួលបញ្ហាផ្លូវចិត្តបានធូរស្រាលឡើងវិញ ម្តងបន្តិចៗ រហូតបានជាសះស្បើយឡើងវិញ។ អាហារល្អ ផ្លូវចិត្តអ្នកក៏ល្អដែរ។
១. ក្រុមត្រីមានខ្លាញ់ល្អ៖ មានក្រុមត្រីត្រីកាម៉ុង ត្រីទឹកសាបស្រដៀងត្រីព្រួល និងត្រីសាល់ម៉ុន... ដែលសម្បូរជាតិអាស៊ីតខ្លាញ់អូមេហ្គា3 មានប្រយោជន៍សម្រាប់ប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់អ្នក ហើយអាស៊ីតខ្លាញ់នេះ ជួយឱ្យប្រព័ន្ធសរសៃប្រសាទអ្នកមានតុល្យភាព ព្រោះវាមានឥទ្ធិពលលើធាតុអរម៉ូនខួរក្បាល សេរ៉ូតូនីន (serotonin) norepinephrine (ន័រពីនហ្វីន) និង dopamine(ដូប៉ាមីន) ដើម្បីព្យាបាលផ្លូវចិត្តឱ្យកាន់តែប្រសើរឡើងវិញ។
២. ក្រុមទឹកដោះគោ៖ មានទឹកដោះគោយ៉ាអួ មានទឹកដោះគោឆៅ ទឹកដោះគោស្រស់ ទឹកដោះគោ Skim ក្រុមទឹកដោះគោទាំងអស់នេះ សុទ្ធតែជួយផ្លូវចិត្តអ្នកមានថាមពលឡើងវិញដែរ។ តាមគេហទំព័រ Psych2go បានចុះផ្សាយថា នៅក្នុងការសិក្សាមួយពិនិត្យលើមនុស្សពេញវ័យពីជនជាតិជប៉ុនចំនួន ៩២៩៨ នាក់ ត្រូវបានគេណែនាំឱ្យផឹកទឹកដោះគោ ដើម្បីកាត់បន្ថយហានិភ័យជំងឺធ្លាក់ទឹកចិត្ត ឬបញ្ហាផ្លូវចិត្ត។ ទោះបីអ្នកផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ជួយសង្រ្គោះបញ្ហាអារម្មណ៍បានល្អឡើងវិញលឿន។ ទឹកដោះគោជួយកម្ចាត់ការថប់បារម្ភ និងអរម៉ូនស្ត្រេស ចេញពីអារម្មណ៍និងខួរក្បាលផងដែរ។
៣. ក្រុមអាហារមានវីតាមីន៖ អាហារដែលមានវិតាមីនច្រើនជួយកាត់បន្ថយបញ្ហាផ្លូវចិត្ត និងធ្លាក់ទឹកចិត្ត។ ការហូបអាហារប្រភេទទាំងអស់នេះហើយ វាជួយទាញចិត្តអ្នកឱ្យងើបឡើងវិញ និងអារម្មណ៍ស្រស់ថ្លា។ អាហារដែលមានវិតាមីន មានដូចជា សណ្តែកសៀង ផ្សិត សាច់គោ ថ្លើម (សាច់ចៀម) ស៊ុត ខ្ទឹមបារាំង និងគ្រាប់ផ្កាឈូករ័ត្ន។
៤. ក្រុមបន្លែបៃតង៖ ពេលអ្នកហូបប្រភេទបន្លែបៃតងកាន់តែច្រើនអារម្មណ៍កាន់ស្រួលខ្លួន និងអារម្មណ៍ល្អជាងមុន។ ព្រោះក្នុងបន្លែទាំងអស់នោះមានសារធាតុល្អដូចជា មានវីតាមីនB មានជាតិសរសៃ មានសារធាតុ chlorophyll, មានសារធាតុ lutein និងអាស៊ីតហ្វូលិក។ ហើយបន្លែបៃតងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ជាខ្លាញ់អាក្រក់ចេញពីរាងកាយ សុទ្ធតែធ្វើឱ្យស្ថានភាពផ្លូវចិត្តរបស់អ្នកធូរស្រាលម្តងបន្តិចៗ ផងដែរ។ ក្រុមអាហារនេះមានដូចជា ផ្កាខាត់ណាខៀវ គ្រាប់អាល់ម៉ុន ត្រសក់ ស្ពៃក្តោប ប្រូខូលី ... ក្រុមអាហារបន្លែបៃតងនេះ មានឥទ្ធិពលឱ្យអារម្មណ៍អ្នកមានភាពស្ងប់ស្ងាត់ ជួយប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងភាពតានតឹង។
៥. ប្រភេទផ្លែប័រ និងផ្លែឪឡឹក៖ ផ្លែប័រជាប្រភពនៃជាតិសរសៃ និងមានសារធាតុរ៉ែ និងខ្លាញ់ monounsaturated fats ដែលល្អដល់សុខភាព។ បើផ្អែកតាមការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត Paul Spagnuolo បានបង្ហាញថា ផ្លែប័រជួយរារាំងដំណើរការកោសិការកុំឱ្យកើតជំងឺទឹកនោមផ្អែម ធ្វើឱ្យមានភាពប្រសើរឡើងនៃលំហូរឈាម មានសារធាតុស្រូបយកជាតិស្ករពីក្នុងឈាម និងកម្ចាត់ជាតិខ្លាញ់អាក្រក់។ ហើយផ្លែប័រនេះក៏ជួយឱ្យផ្លូវចិត្តយើងចេញពីស្រ្តេស និងបង្កើនអារម្មណ៍រីករាយផងដែរ។ ចំណែកផ្លែឪឡឹកនេះសម្បូរដោយ វីតាមីនអេ និងវិតាមីនស៊ី ទៅប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ជាពិសេសគឺសម្បូរដោយជាតិទឹក ដែលអាចជួយធ្វើឱ្យត្រជាក់ក្នុង ស្រស់ស្រាយសប្បាយចិត្តនៅពេលញុំារួច។ បញ្ជាក់ឪឡឹកអ្នកអាចយកទៅក្រឡុកធ្វើជាភេសជ្ជៈផឹកក៏មានរសជាតិឆ្ងាញ់ប្លែកមាត់ម៉្យាងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព