យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសមន្ដ្រីរាជការឲ្យចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព សម្រាប់ឆ្នាំ២០២៣ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥ៈ០០ នាទី។ ក្នុងនោះក្រសួងបានកំណត់យកមណ្ឌលចំនួន ៣ ដើម្បីធ្វើការប្រឡងប្រជែងទៅតាមមុខតំណែងដូចខាងក្រោម៖
១. មណ្ឌលប្រឡងវិទ្យាល័យ ឥន្ទទេវី៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ឱសថការី និងអ្នកបច្ចេកទេស មន្ទីរពិសោធន៍មធ្យម ។
២. មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង ៖ បរិញ្ញាបត្រឆ្មប បរិញ្ញាបត្រ គិលានុបដ្ឋាក និងបរិញ្ញាបត្ររងគិលានុបដ្ឋាក (គិលានុបដ្ឋាកមធ្យម) ។
៣. មណ្ឌលប្រឡងសាលាបឋមសិក្សាសន្ធរម៉ុក៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង ៖ បរិញ្ញាបត្ររងឆ្មប (ឆ្មបធ្យម)។
ផ្អែកតាមការជូនដំណឹងខាងលើ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន និងអញ្ជើញទៅមើលឈ្មោះ និងលេខបន្ទប់ នៅតាមមណ្ឌល ប្រឡងរបស់ខ្លួននីមួយៗ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឬ ចូលមើលក្នុងផេកហ្វេសបុកផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក និងក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា ចំពោះវិញ្ញាសាប្រឡងប្រជែង នឹងធ្វើជាសំណួរដែលមានចម្លើយជ្រើសរើសច្រើន(MCQ) រយៈពេល ៦០នាទី ។ បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងនីមួយៗ យ៉ាងយូរត្រឹមម៉ោង ១៤:០០នាទី ជាកំហិត៕