យោងតាមប្រភពចេញផ្សាយ taiwannews ចុះនាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សាលារៀនចំនួន ១៨ នៅក្នុងទីក្រុង តាយយាន (Taoyuan)លើកោះតៃវ៉ាន់ បានផ្អាកសាលាពី ១ថ្ងៃទៅ ២សប្តាហ៍ ចំពេលមានការកើនឡើងនៃករណីអូមីក្រុងកើនក្នុងទីក្រុង ដែលត្រូវបានរកឃើញមានជាប់ពាក់ព័ន្ធនៅក្នុងទីតាំងហាងសាច់អាំងកាលពីចុងសប្តាហ៍មុន។
ជាក់ស្តែង នៅរសៀលថ្ងៃអាទិត្យ (១៦ មករា) មជ្ឈមណ្ឌលបញ្ជាការរាតត្បាតកណ្តាល (CECC) បានប្រកាសករណីកូវីដក្នុងស្រុកថ្មីចំនួន ១០បន្ថែម។ ដោយក្នុងនោះមាន ៨នាក់ ត្រូវបានគេរកឃើញថា ជាប់ទាក់ទងនឹងសាខានៃហាងសាច់អាំងក្នុងស្រុក Zhongli នៃទីក្រុង Taoyuan ដែលនាំឱ្យមានការឆ្លងចង្កោម ទៅដល់ ២៣ករណី។
នៅល្ងាចនោះ មន្ទីរអប់រំក្រុងបានប្រកាសថា ករណីថ្មីទាក់ទងនឹងហាងសាច់អាំងនោះ មានសមាជិកគ្រួសារ ៤នាក់ និងអ្នកដែលបានទៅហូបអាហារនៅក្នុងហាងនោះចំនួន៥នាក់ កាលពីថ្ងៃទី៩ ខែមករា។ ក្នុងចំណោមសមាជិកគ្រួសារដែលឆ្លងមេរោគនេះ ត្រូវបានគេកំណត់អត្តសញ្ញាណមានស្ត្រីម្នាក់ និងកូនតូចពីរនាក់។
អាស្រ័យហេតុនេះដែរ នៅល្ងាចថ្ងៃដដែលនោះ មន្ទីរសុខាភិបាលបានប្រកាសថា សាលារៀនចំនួន ១០ នឹងបិទរយៈពេល ១៤ ថ្ងៃ ខណៈ ៨ ផ្សេងទៀតនឹងផ្អាកថ្នាក់រៀនរយៈពេលមួយថ្ងៃ ដើម្បីតាមដានពីស្ថានភាពវីរុសរាតត្បាតក្នុងទីក្រុង៕