តាមការឱ្យដឹងរបស់ក្រសួងសុខាភិបាលកម្ពុជានាថ្ងៃអង្គារ ទី១៧ខែឧសាភា ឆ្នាំ២០២២ បានឱ្យដឹងថា រាជធានីភ្នំពេញត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់គម្រោង City Cancer Challenge ដែលនឹងអាចឱ្យផ្នែកសុខភាពនឹងកាន់តែប្រសើរ។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នេះងជាប្រធាន គ.វ.ក-១៩ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វេជ្ជបណ្ឌិត Susan Henshall, Chief Executive Officer City Cancer Challenge Foundation (C/Can) និងសហការី នាទីស្តីការក្រសួងសុខាភិបាល។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន និង លោកស្រី វេជ្ជបណ្ឌិត Susan Henshall បានភិភាក្សារការងារ ក្នុងគោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចសិក្សាដើម្បីស្វែងយល់អំពីការថែទាំជំងឺមហារីកនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះរាជធានីភ្នំពេញត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់គម្រោងរបស់ City Cancer Challenge។ ម្យ៉ាងវិញទៀតគណៈប្រតិភូនឹងអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធសម្ភារបរិក្ខារវេជ្ជសាស្ត្រ សមត្ថភាពធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងថែទាំជំងឺមហារីកនៅតាមមន្ទីរពេទ្យជាតិមួយចំនួននៅរាជធានីភ្នំពេញបន្ថែមផងដែរ។
លោកជំទាវបានលើកទឹកចិត្ត និងស្នើសុំភាគីដៃគូពិនិត្យលទ្ធភាពរួមបញ្ចូល Digital Health និងគម្រោង PHC Booster ដើម្បីឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល។ ចំណែកឯលោកស្រីវេជ្ជបណ្ឌិតប្រធានគណៈប្រតិភូបានបញ្ជាក់ថាសកម្មភាពនានានៃគម្រោងគឺនឹងត្រូវអនុវត្តស្របតាមផែនការយុទ្ធសាស្ត្រជាតិសុខាភិបាល សកម្មភាពជាអាទិភាព និងតម្រូវការជាក់ស្តែងនៃផ្នែកជំងឺមហារីកនៅកម្ពុជា។ និងលោកជំទាវរដ្ឋលេខាធិការ បានស្នើឱ្យមានការពិភាក្សាបច្ចេកទេសបន្ថែមទៀតជាមួយនាយកដ្ឋានការពារសុខភាព និងលើកជាចំណុចសំខាន់ៗសម្រាប់គម្រោងការសហការ ឈានទៅរកការធ្វើអនុស្សរណ:យោគយល់គ្នាទៅវិញទៅមកផងដែរ។
ភ្ជាប់ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័សសម្រាប់ការអភិវឌ្ឍន៍ប្រទេសឡើងវិញ។
អត្ថបទដោយ៖ ជុជ ណាឃីម