តម្រងនោមវាមានតួនាទីច្រោះនិងបញ្ចេញជាតិពុលនៅក្នុងខ្លួន ដែលមានមកពីការទទួលទានចំណីអាហារឱ្យចេញមកក្រៅ តាមរយៈទឹកនោម។ ជំងឺខូចតម្រងនោម ជាសំដៅលើការបំពេញមុខងារតម្រងនោមគ្មានប្រសិទ្ធភាព ដែលមានន័យថាមានការធ្លាក់ចុះនៃមុខងារតម្រងនោមរបស់យើង នេះបើផ្អែកតាមការចែករំលែកពីលោកគ្រូពេទ្យ ហួ ភារ៉ា ។
ផ្អែកតាមការឱ្យដឹងពីMayoclinic បានឱ្យដឹងថា កើតជំងឺខូចតម្រងនោម ឬជំងឺតម្រងនោមរ៉ាំរ៉ៃនេះ បង្កជាផលវិបាករួមមាន មានភាពមិនប្រក្រតីសារធាតុរាវក្នុងខ្លួន អាចធ្វើឱ្យហើមសួត លើសសម្ពាធឈាម ខូចមុខងារបេះដូង ចំណង់ផ្លូវភេទចុះខ្សោយ ខ្សោយឆ្អឹងងាយបាក់ ភាពស៊ាំចុះខ្សោយ ប៉ះពាល់សរសៃប្រសាទ និងអាចឈានដល់ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ ដែលត្រូវចាំបាច់លាងឈាមជាប្រចាំ ឬធ្វើការប្ដូរតម្រងនោមជាដើម។
តាមការចែករំលែក ពីលោកគ្រូពេទ្យ ហួ ភារ៉ា បានឱ្យដឹងថា មូលហេតុដែលងាយធ្វើឱ្យខូចតម្រងនោម មាន២គឺ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ និងអ្នកជំងឺលើសសម្ពាធឈាម(សម្ពាធឈាមឡើងខ្ពស់)។ ក្រៅពីនោះ ក្នុងប្រភព kidney-org ក៏បានលើកឡើងពី កត្តារួមផ្សំតូចៗជាច្រើន ដែលកើតឡើងពីទម្លាប់រស់នៅប្រចាំថ្ងៃ អាចធ្វើឱ្យតម្រងនោមរបស់អ្នកខូចបានយ៉ាងងាយ មានដូចជា៖
១ ផឹកទឹកមិនគ្រប់គ្រាន់៖ រក្សាជាតិទឹកក្នុងខ្លួន អាចជួយអ្នករក្សាជម្រះជាតិសូដ្យូម និងជាតិពុលចេញពីរាងកាយ ព្រមទាំងជួយការពារមិនឱ្យកើតជំងឺក្រួសតម្រងនោមផងដែរ។ កម្រិតទឹកគួរទទួលទានជាទូទៅហោចណាស់ ២.៥ទៅ៤លីត្រ(តាមសកម្មភាពដែលអ្នកបញ្ចេញច្រើនឬតិច)។
២ ញ៉ាំសាច់ច្រើន៖ ទម្លាប់ញ៉ាំសាច់ច្រើនពេក ធ្វើឱ្យជាតិអាស៊ីតនៅក្នុងឈាមកើតឡើង ដែលធ្វើឱ្យតម្រងនោមមិនអាចច្រោះជាតិអាស៊ីទាំងនោះទាន់ យូរៗបង្កជាជំងឺលើសជាតិអាស៊ីត និងខូចតម្រងនោមផងដែរ។ ហេតុនេះក្នុងរបបអាហារប្រចាំថ្ងៃ គួរតែព្យាយាមធ្វើម៉េចឱ្យមាន ត្រី បន្លែ ផ្លែឈើ ច្រើនជាសាច់។
៣ គេងមិនគ្រប់គ្រាន់៖ មនុស្សសម័យថ្មី ហាក់មិនបានយកចិត្តទុកដាក់លើការគេង បែរជាទម្លាប់ចូលគេងដាច់យប់ ឆ្លងថ្ងៃជាប្រចាំទៅវិញ។ អំឡុងពេលដែលអ្នកគេងពេលយប់ វាប្រៀបបានដូចជាការសម្រាលបន្ទុកឱ្យតម្រងនោមធ្វើការ កាលណាយើងគេងបានតិច តម្រងនោមក៏នឹងចាប់ផ្ដើមចុះខ្សោយ។
៤ ផឹកគ្រឿងស្រវឹងលើសកម្រិត៖ ការផឹកគ្រឿងស្រវឹងលើសពី៤កែវក្នុង១ថ្ងៃ ត្រូវបានគេរកឃើញថាប្រឈមមុខនឹងជំងឺតម្រងនោមរ៉ាំរ៉ៃទ្វេដង។ បើអ្នកផឹកស្រា ហើយជក់បារី ផងនោះត្រូវបានរកឃើញថា ហានិភ័យខូចតម្រងនោម លឿនជាងមនុស្សធម្មតារហូតដល់៥ដងឯណោះ។
៥ ប្រើប្រាស់ថ្នាំច្រើនពេក៖ ការយល់ដឹងពីការប្រើប្រាស់ថ្នាំហាក់នៅពេលកម្រិត ការប្រើប្រាស់ថ្នាំច្រើនហួសកម្រិតងាយនឹងធ្វើឱ្យខូចតម្រងនោម ជាពិសេសពពួកថ្នាំបំបាត់ការឈឺចាប់។
៦ ញ៉ាំអាហារប្រៃ និងអាហារកែច្នៃច្រើន៖ អាហារប្រៃមានជាតិសូដ្យូមខ្ពស់ ដែលជាហេតុបង្កើតសម្ពាធឈាមឡើងខ្ពស់ ហើយវាក៏ងាយធ្វើឱ្យខូតតម្រងនោមផងដែរ។ រីឯរបបអាហារ កែច្នៃ ភាគច្រើនសម្បូរដោយសារធាតុសូដ្យូម និងផូស្វ័រ ការសិក្សាមួយចំនួនបានបង្ហាញថា ទទួលទានផូស្វ័រខ្ពស់ពីអាហារកែច្នៃ អាចបង្កគ្រោះថ្នាក់ដល់តម្រងនោម និងឆ្អឹង។
៧ អង្គុយយូរ៖ ការអង្គុយយូរក៏ផ្សារភ្ជាប់គ្នា នឹងការវិវត្តនៃជំងឺតម្រងនោមផងដែរ។ សមកម្មភាពរាងកាយច្រើនអាចជួយបំប្លែងជាតិស្ករទៅជាថាមពល កាលណាដែលអ្នកអសកម្មភាព អង្គុយយូរៗពេក ធ្វើឱ្យជាតិស្ករកកស្ទះក្នុងសរសៃឈាម បង្កជាការលើសសម្ពាធឈាម និងជំងឺតម្រងនោមផងដែរ៕
អត្ថបទដោយ៖ Senghong