ការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសជប៉ុន បានសម្លាប់ហ្វូងសត្វបក្សីអស់រាប់លានក្បាល ដែលជាហេតុធ្វើឲ្យតម្លៃស៊ុតឡើងថ្លៃ។ ករណីផ្ទុះជំងឺផ្ដាសាយបក្សីដ៏ធំសម្បើមនេះបានធ្វើឲ្យអាជ្ញាធបង្ខំចិត្តសម្លាប់បក្សីដែលនៅសេសសល់ជាង១៧លានក្បាល នៅទូទាំងប្រទេសរហូតឈានដល់ដំណាក់កាលខ្វះដីសម្រាប់កប់សាកសពបក្សី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានindiatimes កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។
បច្ចុប្បន្ននេះអ្នកស្លាប់កើនឡើងកាន់តែច្រើន ដោយសារវីរុសផ្ដាសាយបក្សីនេះកំពុងក្លាយជាបទដ្ឋានជុំវិញពិភពលោក។ ខណៈពេលដែលការផ្ទុះឡើងបានកើតឡើងជាចម្បងនៅក្នុងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី ជំងឺនេះបានរីករាលដាលបន្ថែមទៀតទៅកាន់អាមេរិកខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយប្រទេសអាហ្សង់ទីន អ៊ុយរូហ្គាយ និងបូលីវីបានរាយការណ៍ករណីដំបូងរបស់ពួកគេ។
នៅចំពោះមុខនៃការងាប់បក្សីក្នុងចំនួនដ៏ច្រើនខាងលើនេះគឺវាបានជំរុញឲ្យប្រទេសជប៉ុនជួបបញ្ហាកង្វះខ្វះខាតការផ្គត់ផ្គង់សាច់ និងស៊ុតជាសកលកើនឡើង នៅពេលដែលមានការភ័យខ្លាចអតិផរណាកើនឡើង។ ការផ្ទុះឡើងនៅក្នុងប្រទេសជប៉ុនបានបង្ខំឱ្យក្រុមហ៊ុនរួមទាំង McDonald's និង 7-Eleven ផ្អាកការលក់របស់របរដែលទាក់ទងនឹងស៊ុត ឬដំឡើងតម្លៃជាដើម។
នៅពេលនេះកសិករ និងអាជ្ញាធរបានចាប់ដៃគ្នាបង្កើតផែនការជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងកាកសំណល់ដែលបានបង្កើតក្នុងអំឡុងពេលផ្ទុះជំងឺផ្តាសាយបក្សីរួមមាន គ្រោងឆ្អឹង លាមកសត្វ និងឧបករណ៍ការពារផ្ទាល់ខ្លួន។ NHK បាននិយាយថា ចំនួនមាន់ដែលត្រូវបានសម្លាប់ចោលបានកើនឡើងលើសពីការរំពឹងទុក ខណៈនៅតំបន់ខ្លះកំពុងតែប្រើវិធីដុតមាន់ងាប់ ដោយសារតែខ្វះដីកប់៕
អត្ថបទដោយ៖ ស្រីណុច