ក្លៀកខ្មៅ ប្រែពណ៌ មានក្លិន ឆាប់បែកញើស អាចបណ្តាលមកពីការកោរឬដករោមក្លៀក ការប្រមូលផ្តុំកោសិកាដែលស្លាប់ បែកញើសច្រើន ខ្យល់ចេញចូលមិនត្រឹមត្រូវ ការប្រើប្រាស់ថ្នាំមួយចំនួន ឬថ្នាំបំបាត់ក្លិនជាដើម។ បញ្ហាក្លិនក្លៀក មានក្លិននេះជាបញ្ហាធំមួយ ដែលធ្វើឱ្យបាត់បង់មន្តស្នេហ៍របស់អ្នកមួយកម្រិតផងដែរ។ ខាងក្រោមនេះជាវិធីធម្មជាតិ សុវត្ថិភាព និងចំណាយតិច ដែលដកស្រង់ចេញពីគេហទំព័រswirlster.ndtv ដើម្បីធ្វើឱ្យក្លៀកប្រែជាសស្អាត ដោយគ្មានផលប៉ះពាល់ អាចសាកល្បងបាន។
ស្ករ និងប្រេងអូលីវ៖ យកប្រេងអូលីវ និងស្ករស ២ស្លាបព្រាបាយ លាយចូលក្នុងចានមួយ រួចច្របល់ចូលគ្នាសព្វ។ លាងសម្អាតក្លៀកឱ្យស្អាត រួចយកល្បាយនេះមកលាបរយៈពេល១ទៅ២នាទី រួចទុកចោលរយៈពេល ៥-១០ នាទីទៀត រួចលាងទឹកចេញ។ ស្ករដើរតួជាភ្នាក់ងារបន្សាបជាតិខ្លាញ់ដ៏ល្អ ហើយនៅពេលលាយជាមួយនឹងជាតិទឹក និងប្រេងអូលីវ វាកាន់តែមានប្រសិទ្ធភាព។ លាបល្បាយនេះលើតំបន់ដែលមានបញ្ហា ដើម្បីឱ្យក្លៀកខ្មៅរបស់អ្នកភ្លឺរលោង។
ជែលប្រទាលកន្ទុយក្រពើ៖ ត្រូវបានគេស្គាល់ថាជាឡេការពារកម្តៅថ្ងៃធម្មជាតិ ប្រឆាំងបាក់តេរី ជួយបំបាត់ស្បែករលាក និងធ្វើឱ្យក្លៀកប្រែពណ៌សបាន។ អាចប្រើប្រទាលកន្ទុយក្រពើស្រស់ ចិតសំបកចេញឱ្យអស់លាងឱ្យស្អាត កោសយកជែលក្នុងបរិមាណសមល្មម លាបលើក្លៀក ហើយទុកឱ្យស្ងួតប្រហែល ១០-១៥ នាទី រួចលាងសម្អាតនឹងទឹក។ ប្រើវិធីព្យាបាលនេះជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ។ អ្នកអាចរកទិញជែលប្រទាលកន្ទុយក្រពើរនេះ នៅទីផ្សារក៏បាន តែសូមជ្រើសយកប្រភេទសរីរាង្គ(គ្មានជាតិគីមី)។
ដំឡូងបារាំង៖ យកដំឡូងបារាំង(សរីរាង្គ) មួយផ្លែមកចិតវា ច្របាច់ទឹកចេញ លាបត្រង់ក្លៀក រួចលាងទឹកចេញ ទុកចោល ១០-១៥នាទី។ អាចព្យាយាមធ្វើជារឿយៗ រហូតដល់លទ្ធផលដែលចង់បាន។ ដំឡូងបានរាំង អាចជួយបំបាត់ស្នាមជាំខ្មៅ ជួយក្នុងការធ្វើឱ្យស្បែករលោងនិងទន់។ ម្យ៉ាងវិញទៀត អ្នកក៏អាចយកចំណិតដំឡូងបារាំងមកបិតលើក្លៀករបស់អ្នកដូចជាត្រសក់បានផងដែរ។
ម្សៅសូដា(Baking Soda)និងក្រូចឆ្មារ៖ ម្សៅសូដា(Baking Soda) ជួយបិទរន្ធញើស និងធ្វើឱ្យក្លៀកខ្មៅភ្លឺរលោង ចំណែកក្រូចឆ្មារ អាចសម្លាប់មេរោគបានយ៉ាងល្អ។ លាយម្សៅសូដា១ស្លាបព្រាបាយ និងក្រូចឆ្មារ ១ចំណិត ចូលគ្នាអោយសព្វ។ លាបវានៅលើក្លៀកប្រហែល ៥ នាទី លាងចេញដោយប្រើទឹកក្តៅឧណ្ហៗ វិធីនេះក៏ជួយផ្តល់សំណើមដល់ស្បែកផងដែរ។ អនុវត្តវិធីនេះ ៣ទៅ៤ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលដ៏មានប្រសិទ្ធភាព។
ម្សៅសាជូរ ៖ ខ្មែរបុរាណតែនិយមធ្វើម្សៅសាជូរដើម្បីលាបក្លៀក បងប្អូនអាចទិញមកធ្វើខ្លួនឯងក៏បាន ឬទិញស្រាប់មានលក់នៅទីផ្សារក៏បាន។ អមជាមួយគ្នានេះ កញ្ញា ហាក់ ដាវី ដែលជាស្ថាបនិកមាតាធម្មជាតិ បានប្រាប់ផងដែរថា ម្សៅសាជូរ អាចបំបាត់ក្លិនសារ ជួយឱ្យក្លៀកស កំចាត់បាត់តេរីបានយ៉ាងល្អផងដែរ។ ម្សៅសាជូរនេះ អាចលាបបានគ្រប់ពេល វាគ្មានក្លិន មិនមានផលរំខាន លាបហើយមានអារម្មណ៍ដូចលាបម្សៅហ៊ុយអ៊ីចឹងដែរ។
វិធីធម្មជាតិទាំង៥ ខាងលើនេះ បងប្អូនអាចជ្រើសយកវិធីមួយណាក៏បាន ដែលគិតថាងាយស្រួល និងបានផល។ បញ្ជាក់ផងដែរថា វិធីធម្មជាតិមិនមែនធ្វើភ្លាមបានផលភ្លាមនោះទេ ត្រូវការប្រើពេលវេលាសន្សឹមៗ ហើយអាចទទួលបានផលទៅតាមបញ្ហា និងសុខភាពរបស់មនុស្សរៀងៗខ្លួនផងដែរ។ ក្រៅពីនោះគួរតែសម្អាតក្លៀករបស់អ្នកឱ្យបានស្អាតជាប្រចាំ ដោយប្រើដៃឬម្សៅទន់ៗដុះល្មមៗ និងគួរពាក់អាវបែបរលុងៗ មិនគួរពាក់អាវតឹងណែន គ្មានខ្យល់ចេញចូលយូរពេកនោះទេ៕
អត្ថបទដោយ៖ Senghong