មានបងប្អូនជាច្រើនបានព្យាយាមសម្រកគីឡូ ហើយអ្នកខ្លះក៏ស្រកបានដូចចិត្ត ក៏ប៉ុន្តែកំឡុងពេលសម្រកស្រកសុខៗ ស្រាប់តែគីឡូគាំងសម្រកលែងស្រកដូចមុន ខណៈស្រកមិនទាន់ដល់គីឡូដែលខ្លួនចង់បាននៅឡើយ។
ដើម្បីសម្រាយចម្ងល់ និងផ្ដល់ជាដំណោះស្រាយដល់បងប្អូនដែលកំពុងជួបបញ្ហាមួយនេះ ដូចនេះក្រុមការងារចាបបៃតងនឹងលើកយកសម្រង់សម្ដីខ្លះៗរបស់អ្នកជំនាញសម្រកទម្ងន់ គឺអ្នកនាង ហេង ទៀង ដែលជាម្ចាស់ក្លឹបហាត់ប្រាណ GOFIt ឯកទេសសម្រកទម្ងន់ ក្នុងនោះអ្នកនាងបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យបងប្អូនមួយចំនួនគាំងគីឡូសម្រកមិនស្រកទៀតនោះ គឺ៖
បណ្ដាលមកពីក្បួននៃសម្រកមិនបានត្រឹមត្រូវ ដែលមានន័យថាបងប្អូនមួយចំនួនពេលដែលចង់សម្រកគីឡូខ្លាំង ពេលខ្លះក៏មិនមានគិតថាតើការសម្រកត្រឹមត្រូវឬក៏អត់នោះទេ ដោយព្យាយាមហាត់ប្រាណនិងតមអាហារខុសរបៀបរបប ដែលធ្វើឱ្យការសម្រកនោះស្រកដែរ ក៏ប៉ុន្តែបែជាគាំងនៅត្រង់គីឡូណាមួយក៏មាន។
ជាមួយគ្នានេះដែរ អ្នកនាងបន្តថាកត្តាធំដែលធ្វើឱ្យការស្រកគីឡូគាំងនោះ ការតមអាហារមិនបានត្រឹមត្រូវ ពោលគឺនៅពេលដែលអ្នកចង់ស្រក ហើយព្យាយាមកាត់ផ្ដាច់អាហារខ្លាំងពេក និងផ្ដាច់សូម្បីតែពពួកអាហារដែលនឹងជួយដល់សរីរាង្គ ដូចជាផ្លែឈើ បន្លែ ត្រី សាច់ និងអាហារប្រូតេអ៊ីនផ្សេងៗទៀតនោះ ទាំងនេះគឺផ្នែកមួយដែលធ្វើឱ្យរាងកាយស្រកគីឡូ ក៏ប៉ុន្តែក្នុងរាងកាយអ្នកនឹងខ្វះសារធាតតុចិញ្ចឹម និងប្រូតេអ៊ីន វីតាមីន ។ ជាពិសេសការសម្រកខុសក្បួននេះ គឺអាចបណ្ដាលឱ្យសុខភាពអុ្នកចុះខ្សោយ និង ស្បែកមិនស្រស់ថ្លាទៀតផង។
ម្យ៉ាងទៀត នៅពេលអ្នកចង់សម្រកគីឡូខ្លាំងហើយព្យាយាមហាត់ប្រាណលើសពីអ្វីដែលកម្លាំងអ្នកទៅរួច ក៏អាចបណ្ដាលឱ្យសុខភាពនិងរូបរាងកាយរបស់អ្នកចុះខ្សោយ និងខូចទ្រង់ទ្រាយសាច់ដុំផងដែរ។
អ្នកនាង ហេង ទៀងបានបញ្ជាក់ឱ្យដឹងថា មុននឹងអ្នកចង់សម្រកគីឡូឱ្យស្រក អ្នកត្រូវដឹងពីមូលហេតុនៃការឡើងគីឡូរបស់អ្នកជាមុនសិន ថាតើអ្នកឡើងគីឡូដោយសារកត្តាអ្វី អាចថាមកពីកត្តាអាហារ? ឬ មកពីអ្នកមិនទម្លាប់ហាត់ប្រាណ?
មែនទែនទៅ កត្តាធំបំផុតដែលធ្វើឱ្យអ្នកឡើងគីឡូនោះ គឺមិនមែនមកពីអ្នកមិនទម្លាប់ហាត់ប្រាណនោះទេ គឺមកពីកត្តារបបអាហារដែលអ្នកបានញ៉ាំ។ នៅពេលអ្នកចូលចិត្តញ៉ាំអាហារដែលមានជាតិខ្លាញ់អាក្រក់ ដូចជាសាច់ចៀន បំពង សាច់អាំង អាហារប្រៃ អាហារដែលមានជាតិផ្អែម អាហារទាំងអស់នេះហើយដែលបណ្ដាលឱ្យអ្នកឡើងគីឡូ ចំណែកឯការហាត់ប្រាណគឺជាផ្នែកមួយដែលជួយសម្រួលដល់ការសម្រកគីឡូ បន្ទាប់ពីអ្នកបានញ៉ាំអាហារដែលត្រឹមត្រូវប៉ុណ្ណោះ។ មួយវិញទៀត ការហាត់ប្រាណទៀតសោតគឺជួយសម្រួលសរសៃឈាម ចង្វាក់បេះដូង និងជួយកម្ចាត់ជាតិពុលចេញពីរាងកាយតាមរយៈការបែកញើស។
សូមបញ្ជាក់ម្ដងទៀតថា ប្រសិនបើលោកអ្នកគាំងគីឡូមិនស្រកទៅមុខទៀត សូមងាកទៅមើលរបបអាហាររបស់អ្នកម្ដងទៀត ថាតើអ្នកបានញ៉ាំអាហារត្រឹមត្រូវឬនៅ ញ៉ាំទឹកគ្រប់គ្រាន់ឬនៅ ហាត់ប្រាណត្រូវក្បួនហើយឬនៅ? នេះគឺគន្លឹះថ្មីបន្ថែមទៀត សម្រាប់លោកអ្នកដែលព្យាយាមសម្រកគីឡូដោយខ្លួនឯង ក៏ប៉ុន្តែបើនៅតែមិនស្រកទៀត សូមរកគ្រូបង្ហាត់ ឬអ្នកឯកទេសសម្រកគីឡូជួយផ្ដល់ការណែនាំបន្ថែមទៀត។
អត្ថបទដោយ៖ តឹក ស៊ីថា