អាហារ
ធ្វើអីក៏ប្រើល្មៀត! តោះមកពីមូលហេតុដែលម្មៀត ក្លាយជាគ្រឿងទេសមាសប្រចាំប្រទេសឥណ្ឌា
Pheakdey Pao
December 31 2021
193 views

លោកអ្នកដែលរមែងតែតាមដាននូវរឿងភាគឥណ្ឌា ប្រាកដជាបានឃើញថា វប្បធម៌ជនជាតិនេះ ចូលចិត្តប្រើម្មៀតខ្លាំងណាស់ សម្រាប់បំពេញក្នុងតម្រូវរស់នៅប្រចាំថ្ងៃ។ តើអ្នកឆ្ងល់ដែរទេថា ហេតុអ្វីបានជាជនជតិនេះចូលចិត្តប្រើល្មៀតខ្លាំងម្ល៉េះ និងប្រើក្នុងគោលបំណងអ្វីទៅ?

យោងតាមប្រភពចេញផ្សាយរបស់គេហទំព័រ noworriescurries បានបង្ហាញថា បើនិយាយពាក់ព័ន្ធនឹងល្មៀតនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេដឹងថា វាជាគ្រឿងទេសមួយធំប្រចាំប្រទេសដែលឥណ្ឌាបានប្រើវាសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃអស់ជាច្រើនពាន់ឆ្នាំមកហើយ។ លើសពីនេះទៅទៀត ល្មៀត ក៏ត្រូវបានជនជាតិឥណ្ឌាកំណត់ថា ជា«គ្រឿងទេសជីវិត» ដោយសារតែពណ៌មាសរបស់វា ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រះអាទិត្យ។

ជាមួយគ្នានេះទៀតសោត ប្រសិនផ្អែកទៅតាមវេជ្ជសាស្ត្របុរាណឥណ្ឌា ល្មៀតត្រូវបានកំណត់ជាឱសថដែលមានគុណសម្បត្តិជាច្រើនជួយព្យាបាល និងបំប៉នសុខភាពមនុស្សដូចជា៖ ប្រឆាំងនឹងការរលាក និងថ្នាំសំលាប់មេរោគ (ដោយគេអាចលាបវាលើរបួស កន្លែងរលាក ឬរោល ហើយគេក៏អាចទទួលទានធ្វើជាថ្នាំដើម្បីកាត់បន្ថយបញ្ហា ឈឺចាប់ និងសន្លាក់), ជំរុញប្រព័ន្ធភាពស៊ាំ, ប្រឆាំង​នឹង​មហារីក, ជួយដល់ការរំលាយអាហារ (កាត់បន្ថយរោគសញ្ញានៃការហើមពោះ ឬឆ្អល់)...ជាដើម។

យ៉ាងណាមិញក្នុងទិសដៅប្រើប្រាស់មួយចំនួនរបស់ជនជាតិអាចនឹងទាក់ទិនជាមួយនឹងគុណប្រយោជន៍ផ្ទាល់របស់គ្រឿងទេស១មុខនេះផង និងមានលាយឡំជាមួយអបិយជំនឿផង៖

១. ម្ហូប៖ មុខម្ហូបជនជាតិឥណ្ឌាដែលជាទូទៅប្រើនូវម្សៅល្មៀត ឬល្មៀតស្រស់ធ្វើជាគ្រឿងទេសក្នុងមុខម្ហូបស្ទើរតែគ្រប់មុខ ទិសដៅចម្បងនោះគឺគេជឿទៅលើអត្ថប្រយោជន៍ល្មៀតជួយដល់សុខភាព បន្ទាប់មកគឺពណ៌ និងក្លិនរបស់វា ជួយនឹងបង្កើនសោភ័ណ្ឌភាពក៏ដូចជារសក្លិនដល់មុខម្ហូបរបស់គេ។ ក្រៅពីមុខម្ហូបដែលត្រូវទទួលទានជាប្រចាំ ម្សៅល្មៀតក៏ត្រូវបានយកទៅលាយជាមួយនឹងទឹកដោះគោស្រស់ដើម្បីធ្វើជាភេសជ្ជៈជំនួយសុខភាពបន្ថែមទៀតផងដែរ ញ៉ាំដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងព្យាបាលរាល់រោគអាការដូចជា គ្រុនផ្តាសាយ កាត់បន្ថយ​ការ​ឈឺ​បំពង់ក និង​បំបាត់​ការ​ក្អក​ផងដែរ។

២. អាពាហ៍ពិពាហ៍៖ ចំណុចពិសេសដំបូងនៃការប្រើ ម្សៅល្មៀត​គឺគេយកទៅ​លាយ​ជាមួយ​ទឹក​ផ្កា​កុលាប ឬ​ម្សៅ​ឈើក្រអូប និង​ទឹកដោះគោ រួច​យក​ទៅ​ធ្វើ​ជា​ម្សៅ​លាបលើ​ស្បែកកូនកំលោះក្រមុំមុនថ្ងៃចូលពិធី។ ការធ្វើបែបនេះ គេជឿថា​ រមៀតមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលមិនត្រឹមតែធ្វើឱ្យស្បែកភ្លឺថ្លាប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយស្នាមមុន និងស្នាមផ្សេងៗទៀតផង។

ទន្ទឹមនឹងនេះផងដែរ ក្នុងពិធីដ៏សំខាន់មួយនៅក្នុងពិធីមង្គលការហិណ្ឌូ គឺពិធី haldi ដែលក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់កូនក្រមុំ និងកូនកំលោះជួបជុំគ្នានៅផ្ទះដាច់ដោយឡែក ដើម្បីលាបរមៀតលើកូនក្រមុំ និងកូនកំលោះ។ ជាធម្មតា គេលាបវានៅលើមុខ ក ដៃ និងជើង។ ជាងនេះទៀតសោត សម្រាប់អ្នកចូលរួមក្នុងពិធី​នេះ​ មិនថាជា​​សាច់​ញាតិ និង​មិត្ត​ភក្តិ​ទេ ត្រូវស្លៀក​ពាក់​ពណ៌ស្រដៀងនឹងពណ៌​រមៀត ដើម្បី​ធ្វើ​ជា​សញ្ញា​នៃ​ការបង្ហាញពីភាព​បរិសុទ្ធ ចំពោះ​គូស្នេហ៍មានទៅលើគ្នា​។

៣. សាសនា៖ នៅក្នុងសាសនាហិណ្ឌូ រមៀតគឺជានិមិត្តរូបនៃគុណតម្លៃ និងគុណប្រយោជន៍ជាច្រើន។ វាតំណាងឱ្យភាពមានកូន ភាពរុងរឿង ភាពបរិសុទ្ធ ក៏ដូចជាមោទនភាពពីខាងក្នុង។ ជាក់ស្តែងនៅ​តាមទី​វត្ត​អារាម ឬ កន្លែងសក្ការៈ គេរមែងមាន​ម្សៅ​ល្មៀត​​លាយ​នឹង​កំបោរ​ដើម្បី​ធ្វើពិធីបួងសួង ដោយលាប​លើ​ថ្ងាស​ជា​សញ្ញា​សម្គាល់​សាសនា៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1343

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia