ភេសជ្ជៈមានច្រើនប្រភេទ ទាំងល្អ និងអាក្រក់។ ភេសជ្ជៈខ្លះ មានប្រយោជន៍របស់មនុស្សពេញវ័យ តែមិនល្អសម្រាប់ក្មេងៗនោះទេ។ ដូច្នេះហើយ សូមឪពុកម្ដាយគ្រប់រូបពិនិត្យមើល ភេសជ្ជៈដែលកូនៗរបស់អ្នកផឹករាល់ថ្ងៃ។ ព្រោះក្មេងៗមិនដឹង ផឹកទៅ អាចប៉ះពាល់ដល់ខួរក្បាលរបស់ពួកគេ រួមទាំងប្រឈមមានបញ្ហាសុខភាពទាំងវ័យក្មេងផងដែរ។
អាស្រ័យហេតុនេះហើយ ក្រុមការងារចាបបៃតង និងលើកយកភេសជ្ជៈ៣ប្រភេទនេះ ដែលគេហាមមិនឱ្យក្មេងៗផឹកនោះទេ រាប់ចាប់ពីអាយុ១៦ឆ្នាំចុះក្រោយ នេះបើយោងតាមរយៈគេហទំព័រ HEALTHLINE។ ដោយហេតុថា ភេសជ្ជៈទាំងនោះ គឺសមតែជាមួយមនុស្សធំ មនុស្សគ្រប់អាយុ មានន័យថាមនុស្សពេញវ័យផឹក( អ្វីដែលកាន់តែព្រូយបារម្ភ ភេសជ្ជៈមួយចំនួនក៏ប៉ះពាល់ដល់សុខភាពមនុស្សពេញវ័យដូចគ្នា ឱ្យតែមុឲិនប្រយ័ត្ន ចេះតែផឹកផ្ដេសផ្ដាសរាល់តែថ្ងៃ ព្រោះហេតុផល ផឹកទៅឆ្ងាញ់…)។ តែមិនសាកសមសម្រាប់កូនក្មេងផឹកនោះទេ។ គឺផឹកទៅ អាចបង្កជាផលប៉ះពាល់ ជាពិសេសប៉ះដល់ការរីកលូតលាស់ខួរក្បាល រួមទាំងប្រឈមកើតជំងឺទាំងវ័យក្មេង(ខូចសុខភាពទាំងវ័យក្មេង)។
ចំពោះភេសជ្ជៈទាំង៣នោះមានដូចខាងក្រោម៖
១.ភេសជ្ជៈផ្អែមៗ-សូដា៖ ភេសជ្ជៈទាំងនេះ មិនល្អសម្រាប់សុខភាពរបស់ក្មេងៗនោះទេ។ ព្រោះភេសជ្ជៈទាំងនេះ អាចធ្វើឱ្យក្មេងៗឡើងគីឡូ ជាពិសេសធ្វើឱ្យកុមារប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺខ្លាញ់រុំថ្លើម ដែលមិនបង្កឡើងដោយសារជាតិអាល់កុល តែកើតឡើងដោយសារ ភេសជ្ជៈផ្អែមៗដែលក្មេងមានទម្លាប់ផឹករាល់ថ្ងៃ។ ពួកគេនៅតូចៗណាស់ មិនដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរទាំងអស់នេះទេ។ ដូច្នេះមានតែឪពុកម្ដាយនេះហើយ មើលថែនិងយកចិត្តទុកដាក់ចំណុចសំខាន់ទាំងនេះ។ យោងតាម សមាគមន៍បេះដូងអាមេរិក (AHA) បានផ្តល់អនុសាសន៍ថា ការទទួលទានស្ករបន្ថែមត្រូវរក្សាទុកក្រោម 6 ស្លាបព្រាកាហ្វេ (25 ក្រាម) ក្នុងមួយថ្ងៃសម្រាប់កុមារដែលមានអាយុពី 2-18 ឆ្នាំ។
២.ទឹកផ្លែឈើ៖ ជាធម្មតទឹកផ្លែឈើគឺសម្បូរដោយ វីតាមីន សារធាតុរ៉ៃ សារធាតុចិញ្ចឹមមានប្រយោជន៍ច្រើន ជួយសុខភាព។ ក៏ប៉ុន្ដែទឹកផ្លែឈើ គឺផឹកមមានបរិមាណកំណត់សម្រាប់កុមារ មិនមែនគិតថាល្អៗ ឱ្យកុមារផឹក បរិមាណស្មើមនុស្សធំនោះទេ។ ព្រោះជាធម្មតាទឹកផ្លែឈើគឺមានជាតិស្ករ បើកាលណាផឹកច្រើន ធ្វើឱ្យក្មេងឡើងគីឡី ឬក៏ប្រឈមជាមួយជំងឺកាចសាហាវ ដូចជាទឹកនោមផ្អែមជាដើម(ករណីផឹករាល់ថ្ងៃ កាន់ឆ្នាំ)។
៣.ភេសជ្ជៈមានជាតិកាហ្វេអ៊ីន៖ យោងតាមរយៈគេហទំព័រ ncbi.nlm.nih បានលើកឡើងថា កាហ្វេអ៊ីនគឺជាភេសជ្ជៈពេញនិយមមួយនៅលើពិភពលោក ដែលមានប្រយោជន៍ជួយលើកបញ្ញាស្មារតីរបស់មនុស្សេពេញវ័យឱ្យល្អប្រសើរ។ ជាពិសេសជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកផងដែរ។ តែផ្ទុយទៅវិញកាហ្វេមិនល្អសម្រាប់កុមារផឹកនោះទេព្រោះអាចរារាំងដល់ការលូតលាស់ និងការអភិវឌ្ឍន៍រាងកាយ និងខួរក្បាលរបស់កុមារ។
ជាចុងក្រោយ ភេសជ្ជៈទាំង៣មុននេះ មិនល្អសម្រាប់សុខភាពកុមារនោះទេ ម៉ាកប៉ាត្រូវប្រយ័ត្ន កុំចេះតែឱ្យកូនផឹក អាចប៉ះពាល់ដល់ការរីកលូតលាស់ ខួរក្បាល បញ្ញាស្មារតីរបស់ក្មេងថ្ងៃមុន ៕
អត្ថបទដោយ៖ ធីតា