រូបភាព៖ WebMD
មហារីកក្រពេញទីរ៉ូអុីតអាចត្រឡប់មកវិញ ទោះបីជាមានការព្យាបាល ឫទោះបីអ្នកបានកាត់ក្រពេញទីរ៉ូអុីតចេញក៏ដោយ។ បញ្ហានេះអាចកើតឡើងប្រសិនបើកោសិកាមហារីករីករាលដាលហួសពីក្រពេញទីរ៉ូអុីតមុនពេលវាត្រូវបានយកចេញ។
មហារីកក្រពេញទីរ៉ូអុីតអាចកើតមានឡើងវិញនៅក្នុង៖
- កូនកណ្តុរនៅក
- បំណែកតូចៗនៃជាលិកាទីរ៉ូអុីតបានបន្សល់ទុកក្នុងពេលវះកាត់
- តំបន់ផ្សេងទៀតនៃរាងកាយដូចជាសួតនិងឆ្អឹង។
តែជាដំណឹងល្អ ជំងឺមហារីកក្រពេញទីរ៉ូអុីតដែលកើតឡើងម្តងទៀតអាចព្យាបាលបាន។ គ្រូពេទ្យអាចណែនាំឱ្យធ្វើតេស្តឈាមតាមកាលកំណត់ ឬស្កែនទីរ៉ូអុីតដើម្បីពិនិត្យរកមើលរោគសញ្ញា។
និយមន័យ
ជំងឺមហារីកក្រពេញទីរ៉ូអុីតកើតឡើងនៅក្នុងកោសិកានៃក្រពេញទីរ៉ូអុីតដែលជាក្រពេញមានរាងដូចមេអំបៅ ស្ថិតនៅត្រង់ក ចំពីក្រោមបំពង់សំលេង និងនៅខាងមុខបំពង់ខ្យល់។ វាផលិតអរម៉ូនទីរ៉ូអ៊ីត និងអរម៉ូនកាលស៊ីតូនីន ដែលមានមុខងារជាអ្នកផលិតអរម៉ូនដែលគ្រប់គ្រងចង្វាក់បេះដូង សម្ពាធឈាម សីតុណ្ហភាពរាងកាយ និងទម្ងន់។ មហារីកក្រពេញទីរ៉ូអុីតកើតឡើងនៅពេលកោសិកាក្នុងក្រពេញទីរ៉ូអ៊ីតឆ្លងកាត់ការផ្លាស់ប្តូរហ្សែន ដែលអនុញ្ញាតឱ្យកោសិការីកលូតលាស់ និងស្វ័យគុណយ៉ាងឆាប់រហ័ស ដែលយូរៗទៅធ្វើឱ្យកោសិកាធម្មតាដែលមានសុខភាពស្លាប់ និងកោសិកាក្រពេញទីរ៉ូអុីតមិនធម្មតា (កោសិកាមហារីក) ដែលកកកុញបង្កើតបានជាដុំមហារីក ហើយលុកលុយជាលិកាក្បែរៗ និងអាចរាលដាល (មេតាសាស) ទៅផ្នែកផ្សេងទៀតនៃរាងកាយ។
រូបភាព៖ Mayo Foundation
ប្រភេទមហារីកក្រពេញទីរ៉ូអុីត
ប្រភេទមហារីកក្រពេញទីរ៉ូអុីតមានច្រើនប្រភេទ។ ខ្លះលូតលាស់យឺតណាស់ ហើយខ្លះទៀតអាចឈ្លានពានវិវត្តខ្លួនបានយ៉ាងរហ័យ។ បើទោះបីជាអត្រាមហារីកក្រពេញទីរ៉ូអុីតហាក់ដូចជាកំពុងតែកើនឡើង តែករណីមហារីកក្រពេញទីរ៉ូអុីតភាគច្រើនអាចព្យាបាលបានដោយការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ យោងតាម Mayo Clinic បច្ចេកវិទ្យាថ្មីកំពុងអនុញ្ញាតិឱ្យវេជ្ជបណ្ឌិតរកឃើញជំងឺមហារីកក្រពេញទីរ៉ូអុីតនៅដំណាក់កាលដំបូងដែលពីមុនមកគេមិនអាចដឹងបាន។
រោគសញ្ញា
មហារីកក្រពេញទីរ៉ូអុីតជាធម្មតាមិនបណ្តាលអោយមានរោគសញ្ញាដំបូងឡើយ។ នៅពេលដែលមហារីកក្រពេញទីរ៉ូអុីតកើនឡើង វាអាចបណ្តាលឱ្យ៖
- មានដុំមួយដែលអាចឱ្យអ្នកមានអារម្មណ៍ដឹងតាមរយៈស្បែកនៅលើក
- កូនកណ្តុរហើមនៅក
- ការផ្លាស់ប្តូរសម្លេង ស្អកៗ
- ពិបាកលេបអាហារ ឫទឹក
- ឈឺចាប់ត្រង់ក និងបំពង់ក។
មូលហេតុ
គេនៅមិនទាន់រកឃើញច្បាស់ទេថាតើមូលហេតុអ្វីបណ្តាលឱ្យមានជំងឺមហារីកក្រពេញទីរ៉ូអុីត។
កត្តាហានិភ័យ
យោងតាម Mayo Clinic & NHS កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអុីតរួមមាន៖
- ភេទស្រី
- ជំងឺមហារីកក្រពេញទីរ៉ូអុីតកើតឡើងជាញឹកញាប់លើស្ត្រីជាងបុរស។
- ការប៉ះពាល់នឹងកម្រិតវិទ្យុសកម្មខ្ពស់
- ការព្យាបាលដោយប្រើកាំរស្មីដើម្បីព្យាបាលនៅបរិវេនក្បាល នឹងបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអុីត។
- ហ្សែន
- រោគសញ្ញាហ្សែនដែលបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអុីតរួមមាន៖
- ជំងឺមហារីកក្រពេញទីរ៉ូអុីតជាលក្ខណៈគ្រួសារ
- គ្រួសារមានប្រវត្តិកើតជំងឺមហារីក neoplasia endocrine ច្រើន
- រោគសញ្ញា Cowden's និង polyposis adenomatous ក្នុងគ្រួសារ។
ការការពារ
គ្រូពេទ្យមិនប្រាកដថាអ្វីដែលបណ្តាលឱ្យកើតមានជំងឺមហារីកក្រពេញទីរ៉ូអុីតច្រើនបំផុតដូច្នេះមិនមានវិធីដើម្បីការពារជំងឺមហារីកក្រពេញទីរ៉ូអុីតចំពោះអ្នកដែលមាន
ហានិភ័យជាមធ្យមនៃជំងឺនេះទេ។
**ការការពារសម្រាប់អ្នកដែលមានហានិភ័យខ្ពស់
មនុស្សពេញវ័យនិងកុមារដែលមានការផ្លាស់ប្តូរហ្សែនប្រឈម នឹងហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអុីត ដូចនេះពួកគេអាចនឹងពិចារណាលើការវះកាត់ក្រពេញទីរ៉ូអុីតដើម្បីការពារជំងឺមហារីក។
សូមពិភាក្សាជាមួយវេជ្ជបណ្ទិតអ្នកប្រឹក្សាខាងហ្សែនដែលអាចពន្យល់ពីហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអុីត និងជម្រើសនៃការព្យាបាលរបស់អ្នក៕
ដោយ ហៃ សុចិន្តា
ប្រភព Mayo Clinic & NHS
អត្ថបទបន្ថែម
បើនោមមានឈាម អាចជារោគសញ្ញាជំងឺតម្រងនោមធ្ងន់ធ្ងរ ត្រូវប្រញ៉ាប់ទៅពេទ្យជាបន្ទាន់
ញ៉ាំសាច់ច្រើនប្រឈមនឹងរលាកសន្លាក់ដែលអាចរហូតពិការភាពនៅពេលចាស់ទៅ បើធ្ងន់ធ្ងរ
ឥទ្ធិពលស្ត្រេសលើកម្រិតអរម៉ូនអ៊ឹស្ត្រូសែន៖ ស្ត្រីក្រោយអស់រដូវប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺបេះដូង