ចិត្តសាស្ត្រ
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

សព្វថ្ងៃនេះ មានមនុស្សជាច្រើន កំពុងតែជួបវិបត្តិផ្លូវចិត្ត ឬមួយមានបញ្ហាផ្លូវចិត្តជារឿងមួយពិបាកដោះស្រាយដូចជាបញ្ហាស្រ្តេស ការថប់បារម្ភ និងបាក់ទឹកចិត្តខ្លាំងជាដើម។ តាមអ្នកស្រាវជ្រាវនៅ JAMA Network Open បានវិភាគទិន្នន័យសុខភាពមនុស្សពេញវ័យ ៤០.៣៦០នាក់ មានបញ្ហាសុខភាពផ្លូវចិត្តមានដូចជាជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តរយៈពេលយូរ នាំឱ្យវិវត្តកើតជំងឺលើសឈាម ជំងឺហឺត ជំងឺស្ទះសួតរុំារ៉ៃ និងជំងឺមហារីកភាគច្រើនផងដែរ។ ពេលអ្នកមិនចេះថែរក្សាសុខភាពផ្លូវចិត្តនោះទេ អ្នកច្បាស់ជាមានបញ្ហាធំជាមិនខានឡើយ។

សព្វថ្ងៃនេះ មានមនុស្សមួយចំនួនទាំងវ័យក្មេង វ័យកណ្តាល និងវ័យចាស់ ក៏មានការធ្លាក់ចិត្ត និងស្រ្តេសខ្លាំងដែរ។ បញ្ហានេះ វាអាចបណ្តាលមកពីការប្រឈមនឹងការផ្លាស់ប្តូរភ្លាមៗ របស់សង្គម និងពិភពលោក(ការងារច្រើន បញ្ហាលុយ និងគ្មានពេលសម្រាកឱ្យបានគ្រប់គ្រាន់)។ តាមបទសម្ភាសជាមួយលោកគ្រូ ហឿ សេធុល ជាប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តសាស្រ្តនៅកម្ពុជា បានលើកឡើងថា ការផ្លាស់ប្តូរទម្លាប់ភ្លាមៗ នៅក្នុងជីវិត ការងារ និងរឿងអ្វីមួយដែលនឹកស្មានមិនដល់នោះ នាំឱ្យប៉ះពាលអារម្មណ៍ផ្លូវចិត្តយើងខ្លាំងណាស់។ ហើយលោកគ្រូបានបន្តថា ជាក់ស្តែង កាលមុនកូវីដ១៩ លោកគ្រូមានទម្លាប់ធម្មតាមួយចំនួនជាប្រចាំថ្ងៃ មានដូចជា ភ្ញាក់ពីគេងនៅម៉ោង៥ បានទៅជិះកង់ហាត់ប្រាណ ហូបអាហារព្រឹកជុំគ្រូសារ រួចជូនកូនទៅរៀន និងលោកគ្រូទៅធ្វើការ ប៉ុន្តែពេលកូវីដ១៩ ចាប់ផ្តើមកើតខ្លាំង សកម្មភាពទាំងនេះ លោកគ្រូត្រូវឈប់ភ្លាមៗ មកនៅធ្វើការក្នុងផ្ទះច្រើនជាងមុន។ ហើយដើម្បីកុំឱ្យប៉ះពាល់សុខភាពផ្លូវចិត្ត លោកគ្រូព្យាយាមសម្របខ្លួនតាមស្ថានការកូវីដនេះ និងរក្សាអារម្មណ៍ឱ្យនឹងន(ឆ្លៀតពេលសមាធិ ហាត់ប្រាណ និងអានសៀវភៅ)។ ដូចជាគ្នាចំពោះបញ្ហាបច្ចុប្បន្ននេះដែរ បើយើងមិនព្យាយាមសម្រួលខ្លួនជាមួយការផ្លាស់ប្តូរទេ ជីវិតរបស់យើងច្បាស់ជាមានបញ្ហាផ្លូវចិត្តកាន់តែធ្ងន់ជាមិនខានឡើយ។ 

នៅក្នុងអត្ថន័យនេះ ការសម្របខ្លួនតាមស្ថានការណ៍ វាជួយសុខភាពផ្លូវចិត្ត កុំឱ្យប៉ះពាល់អារម្មណ៍ខ្លាំង។ បើយើងកាន់តែប្រឆាំងជាមួយស្ថានការណ៍ហ្នឹង នាំឱ្យអារម្មណ៍យើងកាន់តែធ្លាក់ទឹកចិត្តខ្លាំងឡើង។ យើងគួរធ្វើខ្លួនដូចជាទឹក ពីព្រោះទឹកអាចសម្របខ្លួនបានគ្រប់ស្ថានការណ៍ទាំងអស់។ មានវិធីមួយ កុំឱ្យអ្នកធ្លាក់ទឹកចិត្តខ្លាំងនោះ អ្នកត្រូវតែទទួលស្គាល់ការពិតជាក់ស្តែង និងរីករាយជាមួយវា(ទាំងការងារនិងជីវិត)។ ដូចជាបញ្ហាកូវីដអ៊ីចឹង វាកើតហើយ អ្នកក៏មិនអាចកែប្រែវាបានដែរ។ អ្នកត្រូវទទួលស្គាល់ការពិត ហើយព្យាយាមសម្របខ្លួន ដើម្បីអារម្មណ៍ផ្លូវចិត្តរឹងមាំ។ អ្នកត្រូវចាំថា មនុស្ស​ត្រូវ​ការ​រស់នៅ​ក្នុងស​ង្គម មិន​អាច​រស់នៅ​ក្នុង​ព្រៃ​ម្នាក់ឯងទេ។ ប្រសិន​បើកើត​មកហើយ ត្រូវ​បាន​ទុក​ចោល​នៅ​ក្នុង​ព្រៃ​ម្នាក់​ឯង​ យើង​នឹង​ក្លាយទៅ​ជា​មនុស្ស​មួយ ដែល​​មិន​អាច​ចូលរួម​ក្នុង​សង្គម​បា​​​នទេ។ ទោះ​បី​អាច​រស់​រាន​មាន​ជីវិត​ ប៉ុន្តែ​ឥរិយាបថ និង​របៀបរស់នៅរបស់យើង​ដូច​សត្វ​អ៊ីចឹង​។ ការ​រស់​នៅ​ក្នុង​សង្គម​ និង​ការ​បញ្ចូល​ក្មេង​ទៅ​ក្នុង​សង្គមមួយ​ ដែល​មាន​សីល​ធម៌ សុជីវធម៌មាន​ត្រឹម​ត្រូវ​ ​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ក្មេង​មាន​ការ​វិវត្តន៍​ល្អ។ នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់​ពីលោកគ្រូ ហឿ សេធុល។

ហើយលោកគ្រូ ហឿ សេធុល បានស្រាវជ្រាវថ្មីៗ នេះថា ក្រសួងអប់រំជាមួយយូនីសេស គេរកឃើញថា មានក្មេងកម្រិតវិទ្យាល័យរហូតដល់ ៧០% បានត្អូញត្អែរពីបញ្ហាផ្លូវចិត្ត នេះជាចំនួនច្រើន។ មានកត្តាមួយទៀត ការលូតលាស់រាងកាយ ក៏ធ្វើឱ្យក្មេងៗ ពិបាកការប្រឈមមុខជាមួយសង្គមខាងក្រៅដែរ មកពីមានទម្លាប់រស់់នៅក្នុងផ្ទះយូរពេក និងបញ្ហាសង្គមជាដើម។ ដូចជាសម្តីយលោកគ្រូ បានលើកឡើងថា ការព្យយាមសម្របខ្លួនតាមស្ថានការណ៍ និងទទួលការពិតបញ្ហាហ្នឹង នាំឱ្យផ្លូវចិត្តក្មេងជំទង់ហ្នឹងរឹងមាំ។ហើយពេលអ្នកមានអារម្មណ៍នឹងន អ្នកមិនរេតាមស្ថានការណ៍ទេ នាំឱ្យសម្រេចកិច្ចការបានច្រើន និងមានអារម្មណ៍រីករាយជាមួយជីវិតនេះផងដែរ។ យើងជាមនុស្សតែមួយគត់ ដែលធ្វើខ្លួនឱ្យមានភាពរីករាយនិងមានគុណភាព។ បើអ្នកធ្វើការងារដែលអ្នករីករាយ អ្នកកាន់តែងាយនឹងទទួលបានភាពជោគជ័យកាន់តែច្រើន។ ចូរអ្នកបង្កើតទង្វើដែលមានក្តីស្រឡាញ់ចំពោះអ្វីដែលអ្នកកំពុងតែធ្វើក្នុងពេលនេះ។

ហើយលោកគ្រូបន្ថែមថា ពេលអ្នករៀនគិតវិជ្ជមានបែបនេះ ជាការរស់នៅក្នុងបច្ចុប្បន្ន រូបអ្នកនឹងមានសមត្ថភាពអាចគ្រប់គ្រង់លើផ្លូវចិត្ត និងជីវិតរបស់ខ្លួនឯងបាន ឱ្យមានរីករាយជាមួយបច្ចុប្បន្ន។ មានតែពេលបច្ចុប្បន្ននេះទេដែលគេអាចគ្រប់គ្រងបាន។ មានសំណួរមួយថា តើអ្នកអាចគ្រប់គ្រងអតីត និងអនាគតបានទេ? ចម្លើយគឺអត់ទេ! ដូច្នេះហើយ! អ្នកគួររស់នៅក្នុងអតីតកាល ឬមួយបច្ចុប្បន្នកាលនេះ វាជាជម្រើសរបស់អ្នក។ ក្តីសុខ និងទុក្ខ ក៏ជាជម្រើសរបស់អ្នកដែរ។ មានវិធីព្យាបាលបែបអាកប្បកិរិយា និងឱសថសាស្ត្រសម្រាប់ការស្រ្តេស ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត គឺអ្នកគួរគិតបែបវិជ្ជមាន រស់ក្នុងពេលបច្ចុប្បន្ននេះឱ្យអស់ពីសមត្ថភាព អ្នកនឹងឃើញជីវិតរបស់ខ្លួនកាន់តែររឹងមាំជាងមុន។ 

ការរស់ក្នុងពេលបច្ចុប្បន្ននេះដូចជាអ្នកព្យាយាមធ្វើលំហាត់ប្រាណដើម្បីសុខភាព ការធ្វើសមាធិដើម្បីសម្រួលចិត្តឱ្យស្ងប់ និងការគេងឱ្យបានគ្រប់គ្រាន់ដើម្បីជួសជុលក្នុងរាងកាយឡើងវិញ។ ការរស់ក្នុងពេលឥឡូវនេះ ផ្លូវចិត្តរបស់អ្នកកាន់តែសម្បូរក្តីសុខចូលមកក្នុងជីវិតកាន់តែឡើង។ នៅខាងក្រោមនេះ ជាការណែនាំខ្លះៗ ពីលោកគ្រូ ហឿ សេធុល ដើម្បីពង្រឹងផ្លូវចិត្តរបស់អ្នករឹងមាំហើយរស់ក្នុងរីករាយជាមួយជីវិត៖​

១. រស់ក្នុងការគិតវិជ្ជមាន៖ តាមលោកគ្រូបានលើកឡើងថា ពេលយើងគិតអវិជ្ជមានច្រើនក្នុងខ្លួននោះ វាអាចក្លាយជាការពិតក៏មានដែរ។ ការគិតបែបនេះ វានាំយើងឆ្ងល់ថា ហេតុអ្វីយើងមានសមត្ថភាពខ្សោយ? ពេលយើងគិតថា ខ្លួនធ្វើមិនកើតទេ វាមិនអាចទេ...ហើយយើងគឺធ្វើមិនបានមែន ព្រោះតែគំនិតអវិជ្ជមាននេះ។ ដូន្នេះ យើងគួរព្យាយាមគិតវិជ្ជមានឱ្យច្រើន គិតអ្វីឱ្យលូតលាស់ គិតអ្វីឱ្យស្រស់ថ្លា ហើយអារម្មណ៍អ្នកក៏ល្អ គំនិតហ្នឹងក៏ទាញអ្នកឱ្យសម្រេចគោលដៅ។ កុំឱ្យមានគ្រោះថ្នាក់លើស្នាដៃ ការធ្វើអាជីវកម្ម និងការងាររបស់អ្នក ចូលអ្នកធ្វើខ្លួនតាមលោក Ryan Holiday ជាសហគ្រិនឆ្នើមលើកឡើងថា មូលហេតុក្មេងអាចរៀនសូត្រចេះបានលឿន ពួកគេធ្វើជាកូនសិស្សមិនប្រកាន់ខ្លួន ឬមិនតាំងខ្លួនជាអ្នកចេះដឹងនោះទេ។ គេធ្វើឱ្យគ្រូមានអំណាចលើខ្លួន ហើយគេមិនដែលគិតវិជ្ជមានថា ខ្លួនមិនចេះជាងគ្រូទេ បន្ទាប់មកគ្រូនឹងបង្ហាញថ្វីដៃឱ្យសិស្សរីកចម្រើន។ ប៉ុន្តែបើអ្នកមិនធ្វើតាមរបៀបនេះទេ គ្រូក៏មិនទុកអ្នកបន្តទៀតដែរ។ ចូរធ្វើជាសិស្សដាក់ខ្លួនដាក់កាយមិនខ្វះគ្រូបង្ហាញខ្លួនចេញមកនោះទេ។ ពេលអ្នកគិតរបៀបនេះ អ្នកផ្លាស់ប្តូរពីសិស្សទៅជាអ្នកអនុវត្ត ធ្វើឱ្យជីវិតរបស់អ្នករស់នៅក្នុងការរីកចម្រើនជាមិនខានឡើយ។ លទ្ធផលស្នាដៃអស្ចារ្យប្រសូត្រចេញពីការគិតវិជ្ជមាននេះឯង។

ការគិតវិជ្ជមាន ជួយឱ្យយើងរៀនមើលអ្វីៗ ក្នុងផ្លូវល្អជាការស្ថាបនាសេចក្តីសុខចូលក្នុងជីវិតរបស់អ្នកកាន់តែច្រើន។ នេះជាសម្តីលោក ម៉ារទីន សេលិកម៉ែន សូម្បីនៅក្នុងសៀវភៅ Learned Optimism របស់លោកក៏បានបញ្ជាក់បន្ថែមថា ពេលអ្នកងើបពីការដួល ការបរាជ័យ និងការឈឺចាប់អ្វីមួយ មិនមែនការជម្នះលើអារម្មណ៍ផ្លូវចិត្តនោះទេ ប៉ុន្តែជាការសម្លឹងមើលជីវិតជាថ្មីក្នុងផ្លូវវិជ្ជមានដោយគិតថា ការដួលក្នុងជីវិតនេះ គ្រាន់តែជាមួយរឿងមួយកើតឡើងមួយរយៈពេលខ្លី រួចក៏រលាយបាត់ទៅវិញហើយ។អ្នកអាចគិតមើលថា តើបញ្ហារាប់រយចូលមកក្នុងជីវិតអ្នកនេះ មានបញ្ហាមួយណាជាការពិត? គឺគ្មានទេ វាតែងរសាតតាមខ្យល់រហូត។ ការគិតវិជ្ជមានបែបនេះ នាំឱ្យរឿងល្អៗ ក៏ចូលមកក្នុងជីវិតរបស់អ្នករហូតដែរ។

២. រីករាយជាមួយលទ្ធផល៖ លោកគ្រូ សធុល បានលើកឡើងថា ពេលយើងរីករាយជាមួយអ្វីដែលខ្លួនព្យាយាមធ្វើនោះ លទ្ធផលរបស់អ្នកមិនខកបំណងឡើយ។ កត្តាសំខាន់អ្នកចេះរីករាយជាមួយអ្វីៗ នៅជុំវិញខ្លួននេះ”។ ការក្លាយជាសហគ្រិន កីឡាករល្អ អ្នកនិពន្ធ និងអ្នកជំនាញផ្នែកណាមួយ មិនមែនជារឿងងាយស្រួលទេ អ្នកត្រូវមានចិត្តរឹងមាំ ដើម្បីតស៊ូការបរាជ័យ និងឧបសគ្គផ្សេងៗ ផងដែរ។ ហើយអ្វីដែលពិសេស បុគ្គលសម្រេចបានជោគជ័យត្រូវមានចិត្តធ្វើការមួយនេះ គឺអារម្មណ៍រីករាយនឹងការងារ។ សូម្បីលោកគីម វូឈុងជាសហគ្រិនប្រទេសកូរ៉េបាននិយាយថា ការមានសុខភាពផ្លូវចិត្តរឹងមាំ មានសារៈសំខាន់ជាងទ្រព្យសម្បត្តិទៅទៀត។លោកចង់បញ្ជាក់ថា បើផ្លូវចិត្តខ្សោយ វានឹងមានផលប៉ះពាល់កិច្ចការងារ និងការរស់នៅក្នុងគ្រួសារផងដែរ។ អ្វីដែលធ្វើឱ្យលោកមានសុភមង្គល គឺគាត់មានអារម្មណ៍រីករាយនឹងការប្រឹងប្រែងទៅលើការងាររបស់គាត់។ សំណាងល្អនៅក្នុងជីវិតការងារ គឺពេលអ្នករីករាយជាមួយការងារនេះឯង។

ហើយលោកគឹមបាននិយាយថា ការមានសុខភាពល្អ អ្នកត្រូវមានទាំងរាងកាយរឹងមាំ ទាំងគំនិតប្រាជ្ញា និងរួមទាំងអារម្មណ៍រីករាយផងដែរ។ហើយមានពាក្យសម្តីមួយដ៏មានអត្ថន័យរបស់លោកគីម គឺថា អ្នកមិនអាចបរាជ័យទេ បើអ្នកដាក់ខ្លួនចូលនឹងការងារឱ្យមានអារម្មណ៍រីករាយបំផុតនោះ”។ សូម្បីតែលោក Andrew Matthews បានបកស្រាយបន្ថែមថា អ្នកជាមនុស្សតែមួយគត់ ដែលធ្វើខ្លួនឱ្យមានភាពរីករាយនិងមានគុណភាព។ បើអ្នកធ្វើការងារដែលអ្នករីករាយ អ្នកកាន់តែងាយនឹងទទួលបានភាពជោគជ័យកាន់តែច្រើន។ ចំណុចទី១. ចូរអ្នកបង្កើតទង្វើដែលមានក្តីស្រឡាញ់ចំពោះអ្វីដែលអ្នកកំពុងតែធ្វើក្នុងពេលនេះ។ ចំណុចទី២. ចូរអ្នកចេញដំណើរទៅតាមសំឡេងបេះដូងរបស់អ្នក។ 

៣. ស្រឡាញ់ការផ្លាស់ប្តូរ៖ តាមច្បាប់ធម្មជាតិ ការផ្លាស់ប្តូរគឺមានភាពជាអមតៈជានិច្ច។ វាប្រៀបទៅការជិះកង់ចឹងដែរ បើអ្នកកំពុងតែជិះៗ ស្រាប់តែអ្នកឈប់ ពេលនោះកង់នឹងដួលភ្លាមតែម្តង។ ចឹងហើយបានជាលោក Albert Einstein បានយល់ពីរឿងនេះយ៉ាងច្បាស់ហើយគាត់និយាយបែបសាមញ្ញឱ្យមនុស្សយល់ពីជីវិតថា ជីវិតប្រៀបទៅនឹងការជិះកង់ចឹងដែរ។ ដើម្បីរក្សាតុល្យភាពក្នុងជីវិត អ្នកត្រូវតែបន្តធ្វើចលនា។ តាមច្បាប់ព្រះពុទ្ធហៅថា ច្រវ៉ាក់នៃកម្ម គឺពិភពលោកវិលជុំបណ្ដាក់គ្នារហូតគ្មានទីបញ្ចប់។

ព្រះពុទ្ធសម្តែងថា អ្វីដែលស្ថិតនៅជាប់រហូតក្នុងធម្មជាតិនេះគឺការផ្លាស់ប្តូរនេះឯង។ សម្រាប់មនុស្សភាគច្រើនដែលដួលរំលំក្នុងជីវិតដោយអត់ដឹងខ្លួន អត់ដឹងពីមូលហេតុថា ហេតុអ្វីជីវិតខ្ញុំធ្លាក់មកចំណុចនេះ? ហេតុអ្វីជីវិតខ្ញុំអយុត្តិធម៌ចំពោះខ្ញុំម្ល៉េះ? ហេតុអ្វីខ្ញុំធ្វើអ្វីក៏បរាជ័យដែរ? មុនដំបូងខ្ញុំធ្វើការងារបានល្អណាស់។ អាជីវកម្មរបស់ខ្ញុំក៏ដំណើរល្អដែរ។ ប៉ុន្តែមួយរយៈពេលក្រោយមក ជីវិតខ្ញុំបែបជាជាប់គាំងមួយកន្លែង គិតអ្វីមិនចេញសោះ។ សូម្បីតែបញ្ហាបន្តិចសោះក៏ធ្វើឱ្យខ្ញុំមិនអាចគ្រប់គ្រងលើខ្លួនឯងបានដែរ។ ខ្ញុំអត់ដឹងមូលហេតុអ្វីបានវាទៅជាបែបនេះ?

ការពិតអ្នកមិនបានបរាជ័យអ្វីទេ គ្រាន់តែខ្វះជំនាញដាំគ្រឹះជីវិតមួយតែប៉ុណ្ណោះគឺជំនាញធ្វើជាកូនសិស្សនេះឯង។ ខ្ញុំសុំខ្ចីសម្តីលោក ដេហ្វ អាន់ដឺសាន់ ជាអ្នកនិពន្ធដ៏ឆ្នើមបានប្រាប់ថា មូលហេតុចម្បងធ្វើឱ្យអ្នកបរាជ័យព្រោះតែចិត្តមានភាពក្រអឺតក្រទម។ ការមិនព្រមដាក់ខ្លួនធ្វើជាសិស្សដោយចរិតក្រអឺតក្រទមប្រាប់ថា អ្នកពូកែហើយ ឬអ្នកចេះហើយ រួចអ្នកលែងមានស្មារតីមើលឃើញពីបញ្ហាតូចៗ រហូតវារីកធំជាងខ្លួនអ្នក។ មានពាក្យមួយនិយាយថា ពេលអ្នកឈប់រៀនសូត្រ ជីវិតអ្នកនឹងស្លាប់។ មិនមែនស្លាប់រាងកាយទេ គឺស្លាប់សមត្ថភាព និងចិត្តគំនិតរួមតូចទៅៗ នេះឯង។  

ដូច្នេះហើយ! ដើម្បីជីវិតរបស់អ្នករីកចម្រើន មានសុខភាពផ្លូវចិត្តល្អ និងការងារមានលទ្ធផល លុះត្រាអ្នកធ្វើតាមរឿងខាងលើនេះ វាធ្វើឱ្យជីវិតអ្នកកាន់តែរឹងមាំ។ ជាចុងក្រោយ ក៏សូមបញ្ជាក់ផងដែរថា ជំងឺផ្លូវចិត្តគឺជាជំងឺសំខាន់ដូចជំងឺរាងកាយដែរ ប៉ុន្តែមិនមែនមានន័យថាឱ្យតែកើតទុក្ខ មិនសប្បាយចិត្ត ស្រ្តេស សុទ្ធតែមានជំងឺផ្លូវចិត្តទេ។ ជំងឺផ្លូវចិត្តក៏ត្រូវឆ្លងកាត់ការពិនិត្យពីក្រុមគ្រូពេទ្យវាយតម្លៃដែរ ថាគាត់មានបញ្ហាផ្លូវចិត្តពិតមែនឬអត់ ឬគ្រាន់តែគាត់មានបញ្ហាលើការគិតមួយរយៈពេល៕ ប្រសិនអ្នកមានចម្ងល់ ឬចង់ស្វែងយល់បន្ថែមអំពីការប្រឹក្សាផ្លូវចិត្តអាចទាក់ទងតាមលេខទូរស័ព្ទរបស់លោកគ្រូ ហឿរ សេធុល (Hoeur Sethul) អ្នកជំនាញប្រឹក្សាយោបលផ្លូវចិត្តតាមលេខទូរស័ព្ទ៖ ០១៧ ៦៦៨ ៩៤១

១៥៧

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3331

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
4 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
832 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
605 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
307 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
765 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
182 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia