ជំងឺបេះដូង ជាប្រភេទជំងឺដែលអាចបង្កគ្រោះថ្នាក់ភ្លាមៗ ដល់អាយុជីវិត តាមរយៈការស្ទះសរសៃឈាមក្នុងបេះដូង ឬការគាំងបេះដូងជាដើម។ ភាពមិនទៀងទាត់ នៃជំងឺបេះដូង រួមមានការគាំងបេះដូង និងការស្ទះសរសៃឈាមបេះដូង អាចកើតឡើងគ្រប់ពេលវេលា ហើយវាជារឿងដែលពិបាកស្មានទុកមុន ឬអាចដឹងមុន ទោះគ្រូពេទ្យជំនាញ បានកំណត់រោគវិនិច្ឆ័យហើយក៏ដោយ ។ ប៉ុន្តែអ្វីៗ មិនទាន់ចប់ត្រឹមនេះទេ ក្នុងពេលថ្មីៗនេះ ក្រុមគ្រូពេទ្យជំនាញ នៃសកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក បានប្រើប្រាស់ បញ្ញាសិប្បនិម្មិត (IA) ដើម្បីជួយឲ្យគ្រូពេទ្យដឹងមុន ពីការគាំងបេះដូង ប្រកបដោយភាពច្បាស់លាស់ ។
ក្រុមអ្នកជំនាញបានបង្កើត បច្ចេកវិទ្យាដែលមានឈ្មោះថា Survival Study of Cardiac Arrhythmia (SSCAR) ។ បច្ចេកវិទ្យានេះ ដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត ហើយវាត្រូវបានផ្ទុករាល់ព័ត៌មានសំខាន់ៗរបស់អ្នកជំងឺ ដែលជាធម្មតាគ្រូពេទ្យជំនាញ មិនអាចធ្វើការប៉ាន់ប្រមាណ និងវាយតម្លៃ ដឹងមុននោះទេ ។
យោងតាមលទ្ធផលនៃការសិក្សាកន្លងមក បច្ចេកវិទ្យានេះបានជួយប៉ាន់ស្មានទុកជាមុន នូវអ្វីដែលនឹងអាចកើតឡើង បានយ៉ាងច្បាស់លាស់ ចំពោះអ្នកជំងឺបេះដូង ជាពិសេសការគាំងបេះដូងនេះតែម្ដង ។
តាមរយៈភាពជោគជ័យនេះ ក្រុមអ្នកជំនាញ បានកំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ទៅលើប្រព័ន្ធដំណើរនៃបញ្ញាសិប្បនិម្មិតផ្សេងទៀត ដើម្បីជាគុណប្រយោជន៍ ចំពោះអ្នកជំងឺបេះដូងប្រភេទផ្សេងៗទៀត ។ ស្របពេលជាមួយគ្នានេះ ពួកគេសង្ឃឹមថា អាចបង្កើតខ្នាតគំរូមួយ ដែលអាចត្រូវបានប្រើប្រាស់នៅគ្រប់ទីកន្លែង នៅជុំវិញពិភពលោកបាន ៕
អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖ www.sciencedaily.com