កាលពីកន្លងមកពាក់ព័ន្ធទៅនឹងប្រធានបទគ្រាប់ធញ្ញជាតិ ភាគច្រើនបងប្អូនអាចឃើញមានការលើកឡើងច្រើនពីប្រភេទគ្រាប់អាល់មុន សណ្តែកដី គ្រាប់ស្វាយចន្ទី គ្រាប់ជី ឬគ្រាប់រីករាយ...ជាដើម ដែលក្រុមគ្រាប់ធញ្ញជាតិទាំងនេះ គឺផ្ទុកទៅដោយសារជាតិសរសៃខ្ពស់ វីតាមិន និងជាតិរ៉ែសំខាន់ជាច្រើនទៀតដែលអាចជួយទ្រទ្រង់ដល់សុខភាពរាងកាយទាំងមូល។
ផ្សាភ្ជាប់ជាមួយនឹងប្រធានបទគ្រាប់ធញ្ញជាតិដដែល ថ្ងៃនេះ ក្រុមចាបបៃតង នឹងលើកយកសារៈប្រយោជន៍នៃគ្រាប់ល្ពៅ ដោយដកស្រង់ចេញពីប្រភព healthline បានបង្ហាញឱ្យដឹងថា៖ នៅក្នុងគ្រាប់ល្ពៅ គឺមានផ្ទុកទៅដោយសារជាតិចិញ្ចឹមមួយចំនួនធំដូចជា ជាតិសរសៃ វីតាមីនk ជាតិដែក សូដ្យូម ប៉ូតាស្យូម ម៉ាញេស្យូម ស័ង្កសី ម៉ង់ហ្កាណែស ផូស្វ័រ ស្ពាន់ធ័រ កាបូអ៊ីដ្រាត និងអាស៊ីតអូមេហ្កា៦ ដែលវាជួយបំប៉នទៅដល់សុខភាពរាងកាយរួមមាន៖
១. ជួយដល់ក្រពេញប្រូស្តាត និងប្លោកនោម៖ គ្រាប់ល្ពៅ អាចជួយបន្ថយរោគសញ្ញានៃជំងឺក្រពេញប្រូស្តាតកម្រិតស្រាល (BPH) ដែលជាស្ថានភាពដែលក្រពេញប្រូស្តាតរីកធំ ដែលបង្កបញ្ហានោមញឹកញាប់។ នេះបើផ្អែកទៅតាមការសិក្សាស្រាវអស់រយៈពេល១ឆ្នាំទៅលើបុរសជាង ១៤០០នាក់ ដែលមានបញ្ហាក្រពេញប្រូស្តាតកម្រិតស្រាល ទទួលទាននូវគ្រាប់ល្ពៅជាប្រចាំ ជាលទ្ធផលទទួលបានក្រុមបុរសដែលមានបញ្ហាជំងឺនេះ មានការកាត់បន្ថយនូវរោគសញ្ញា និងធ្វើឱ្យស្ថានភាពជំងឺប្រែជាធូរស្បើយ។
ទន្ទឹមនឹងនេះទៀតសោត ក៏មានការសិក្សាបន្ថែមទៀត ទៅលើក្រុមបុរស និងស្ត្រី ចំនួន ៤៥នាក់ដែលមានបញ្ហានោមញឹកញាប់ជារៀងរាល់ថ្ងៃ ត្រូវបានគេសង្កេតឃើញថា ការទទួលទាននូវគ្រាប់ល្ពៅចំណុះ១០ក្រាមជារៀងរាល់ថ្ងៃ គឺអាចកែសម្រួលដល់បញ្ហាប្លោកនោមឱ្យឆាប់វិលត្រលប់មកសភាពប្រក្រតីវិញបាន។
២. ជំនួយសុខភាពមេជីវិតឈ្មោល៖ សារធាតុស័ង្កសី គឺជាសារធាតុដែលសំខាន់ណាស់មិនអាចខ្វះបានទេក្នុងការរួមចំណែកក្នុងដំណើរការមេជីវិតឈ្មោល។ ជាមួយគ្នានេះ ចំពោះបុរសដែលមានកម្រិតជាតិស័ង្កសីទាបខ្លាំងក្នុងខ្លួន គឺងាយប្រឈមមុខនឹងបញ្ហាគ្មានកូន។
ដូច្នេះ គ្រាប់ល្ពៅ នឹងផ្តល់សារជាតិស័ង្កសីដ៏ល្អ ដែលមានមុខងារជួយបង្កើនគុណភាពមេជីវិតឈ្មោល និងជំនួយដល់អរម៉ូនតេស្តូស្តេរ៉ូនរបស់បុរសឱ្យកាន់តែប្រសើរក្នុងការបំពេញមុខងារបន្តពូជ។
៣. សម្រួលដល់ការគេង៖ អ្នកដែលមានបញ្ហាក្នុងការគេងញុំាគ្រាប់ល្ពៅមិនខុសទេ ព្រោះគ្រាប់ល្ពៅមានសារធាតុ Tryptophan ដែលជាអាស៊ីតអាមីណូអាចជួយជំរុញការគេង។ ដោយហេតុថា សារជាតិស័ង្កសីនៅក្នុងគ្រាប់ល្ពៅ អាចជួយបំលែង tryptophan ទៅជា សេរ៉ូតូនីន (serotonin) ដែលបន្ទាប់មកត្រូវបានផ្លាស់ប្តូរទៅជា មេឡាតូនីន (melatonin) ជាអរម៉ូនដែលគ្រប់គ្រងវដ្តនៃការគេង។
គួរបន្ថែមឱ្យដឹងផងដែរ គ្រាប់ល្ពៅត្រូវបានគេបង្ហាញថា មានសមត្ថភាពជួយធ្វើឱ្យសុខភាពបេះដូង កម្រិតជាតិស្ករក្នុងឈាម មានលក្ខណៈប្រសើរឡើងថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ ចំពោះសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងគ្រាប់ល្ពៅ នឹងចូលទៅបង្ការបញ្ហាប្រឈមនឹងជំងឺមហារីកផ្សេងៗទៅថ្ងៃខាងមុខ និងពង្រឹងប្រព័ន្ធភាពស៊ាំនាពេលបច្ចុប្បន្ន។ ប៉ុន្តែឌសូមទទួលទានឱ្យសមស្របទៅនឹងសរីរាង្គកាយ ដោយភាគច្រើនគេណែនាំឱ្យទទួលទានត្រឹមតែចន្លោះពី ២៨ ទៅ៣០ក្រាមប៉ុណ្ណោះក្នុង១ថ្ងៃ៕
អត្ថបទដោយ៖ប៉ែត ធីតា