ប្រធានសុខាភិបាលអង់គ្លេស បានបញ្ជាក់រកឃើញករណីឆ្លងមេរោគដ៏កម្រមួយមានឈ្មោះថា monkeypox ត្រូវបានកំណត់អត្តសញ្ញាណលើអ្នកជំងឺម្នាក់ជាលើកដំបូងនៅប្រទេសអង់គ្លេស ។ មន្ត្រីសុខាភិបាលអង់គ្លេស ក៏កំពុងតាមដានអ្នកដែលពាក់ព័ន្ធផ្សេងទៀត ដែលមានទាក់ទងជាមួយអ្នកជំងឺដែលបានឆ្លងមេរោគ monkeypox នេះបើតាមការឱ្យដឹងពីmetro នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។
ទីភ្នាក់ងារសន្តិសុខភាពចក្រភពអង់គ្លេសបាននិយាយថា អ្នកជំងឺឆ្លងមេរោគនេះបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីគាត់បានទៅលេងនៅរដ្ឋNigeria អាហ្វ្រិកខាងលិច ។ ឥឡូវនេះពួកគេកំពុង ទទួលការថែទាំនៅអង្គភាពជំងឺឆ្លងនៅមូលនិធិNHS នៅទីក្រុងឡុងដ៍ ។
គួរឱ្យដឹងផងដែរថា មេរោគ monkeypox ឆ្លងដ៏កម្រមួយនេះ អាចឆ្លងពីសត្វទៅមនុស្ស ហើយកម្លងមកច្រើនតែមានវត្តមាននៅក្នុងសត្វចិញ្ចឹម និងមនុស្សមួយចំនួន ជាពិសេសនៅអាហ្វ្រិកកណ្តាលនិងភាគខាងលិច។ អ្នកវិទ្យាសាស្ដ្រ បានបញ្ជាក់ថាជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការទាក់ទងជិតស្និទ្ធជាមួយមនុស្សដែលឆ្លងមេរោគ។
តាមការបញ្ជាក់ពី CDC អាមេរិកកាលពីឆ្នាំ២០២១បានឱ្យដឹងថាមេរោគ monkeypox បន្ទាប់ពីឆ្លងបានចម្លោះពី៥ ទៅ២១ថ្ងៃ មានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺបំពង់ក ហើមត្រង់កូនកណ្ដុល អស់កម្លាំង ហើយវាចាប់ផ្ដើមឡើងរមាស់និងឡើងពកៗលើផ្ទៃមុខ ហើយបន្តទៅរាងកាយ។ អ្នកជំងឺដែលបានឆ្លងកន្លងមកអាចព្យាបាលបាន តែក៏អាចមានករណីធ្ងន់ធ្ងរដែលធ្វើឱ្យមនុស្សស្លាប់ផងដែរ៕
អត្ថបទដោយ៖ senghong