ដូចដែលបងប្អូនដឹងហើយថាកូវីដ១៩មិនទាន់ទៅណាឆ្ងាយពីពិភពលោកនេះឡើយ ហើយករណីឆ្លងថ្មីនៅតែមានរាល់ថ្ងៃទាំងក្នុងនិងក្រៅប្រទេស ហើយអ្វីដែលយើងអាចធ្វើបានគឺការការពារពីជំងឺរាតត្បាតនេះ។
យោងតាមរយៈប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានស្នើសូមឱ្យ បងប្អូនទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញ (ទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សា បាននូវនិរន្តភាពនៃការរស់នៅធម្មតាតាមបែបគន្លងថ្មី និងការបើកដំណើរការសេដ្ឋកិច្ចសង្គម។
បន្ថែមពីលើនេះ លោកជំទាវក៏សូមឱ្យបងប្អូនសាធារណជនទាំងអស់ បន្តអនុវត្តនូវវិធានការការពារការចម្លងវីរុសកូវីដ-១៩ ព្រោះវីរុសកូវីដ-១៩ មិនទាន់ ទៅណាឆ្ងាយពីយើងនៅឡើយ ហើយក៏កំពុងតែចរាចរដោយមានការបម្លែងខ្លួនជាច្រើនប្រភេទផងដែរ។
គួរជម្រាបផងដែរថានៅ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថាសម្ដេចបាន តេស្តវិជ្ជមានជំងឺកូវីដ១៩ ។សម្ដេចបានបញ្ជាក់ដែរថា សម្ដេចមិនច្បាស់ថាមេរោគនេះមកនៅជាមួយសម្ដេចចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេស៊ីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩។
រីឯករណីឆ្លងក្នុងប្រទេសកម្ពុជាដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅថ្ងៃនេះគឺមានករណីឆ្លងថ្មីចំនួន៤ករណី ដែលសុទ្ធតែជាប្រភេទអូមីក្រុង ដែលរកឃើញដោយការតេស្តម៉ាស៊ីនPCR ។
ដោយករណីឆ្លងនិងវិជ្ជមានកូវីដ១៩នៅមាននៅឡើយហេតុនេះសូមបងប្អូនប្រជាជនយើង កុំភ្លេចខ្លួនក្នុងការការពារ និងពង្រឹងសុខភាពឱ្យបានមាំមួន ពិសេសទទួលយកការចាក់វ៉ាក់សាំងដើម្បី ពង្រឹងប្រព័ន្ធភាពសុំាបន្ថែម។