បើអ្នករស់នៅសព្វថ្ងៃមិនសប្បាយចិត្តដោយមានភាពស្មុគស្មាញ បញ្ហាការងារ និងមានអារម្មណ៍ថាជីវិតខ្លួនមួយនេះរស់គ្មានអត្ថន័យអ្វីសោះ ដល់ពេលហើយ ដល់ពេលដែលអ្នកធ្វើរឿងតូចៗ តែមានអត្ថន័យ មានសុភភមង្គល និងរីករាយក្នុងការងារម្តងហើយ។ រឿងទីមួយដែលអ្នកចាំបាច់ត្រូវតែធ្វើនោះ ជាអារម្មណ៍អរគុណថ្ងៃថ្មីបានមកដល់ក្នុងពេលព្រឹកនេះ។ បើថ្ងៃស្អែកអ្នកស្លាប់ទៅ ថ្ងៃថ្មីក្នុងពេលព្រឹកនេះ តើអ្នកចង់ធ្វើអ្វីជាងគេ? ជាសំណួរមួយដាស់សតិរបស់អ្នកថា ហេតុអ្វីអ្នកមិនរីករាយក្នុងថ្ងៃនេះឱ្យអស់ដៃទៅ? ជីវិតរបស់អ្នកជាជម្រើសតើ។
នៅម៉ោងបន្ទាប់អ្នកគួរតែរីករាយជាមួយការអានសៀវភៅនិងផឹកកាហ្វេមួយកែវ ពេលអ្នករីករាយជាមួយរឿងតូចៗ បែបនេះ ផ្លូវចិត្តរបស់អ្នកគឺមានក្តីសុខណាស់។ ខ្ញុំស្រមៃក៏មានក្តីសុខ ព្រោះវាជាទម្លាប់របស់ខ្ញុំ។ ខ្ញុំចង់ឱ្យអ្នកទិញសៀវភៅមួយក្បាល ហើយផឹកកាហ្វេមួយកែវ អ្នកនឹងស្រែកខ្លាំងៗ ថា ខ្ញុំរីករាយណាស់។ នេះហើយជាអត្ថន័យក្នុងជីវិតដែលអ្នកព្យាយាមអនុវត្តនៅរឿងតូចៗ រាល់ថ្ងៃហ្នឹង។ សូម្បីតែខួរក្បាលរបស់អ្នកដកភាពស្មុកស្មាញ និងស្រ្តេសរត់ចេញបាត់ដែរ។ សម្រាប់ខ្ញុំ រស់ជាតិក្លិននៃការឆុងកាហ្វេ និងអារម្មណ៍អានសៀវភៅនៅក្នុងដៃរបស់ខ្ញុំនៅពេលព្រឹកជាវេទមន្តដែលជប់ផ្លូវចិត្តរបស់ខ្ញុំមានក្តីសុខណាស់។ អ្នកធ្វើដូចខ្ញុំ អ្នកនឹងមានក្តីសុខហើយដាស់អារម្មណ៍អ្នករីករាយជាមួយការងារបន្ថែមទៀតផង។
ភាពរីករាយជាមួយការងារជាម៉ោងដែលអ្នកផ្តោតអារម្មណ៍ មិនមែនម៉ោងធ្វើលេងៗ ធ្វើឱ្យរួចតែពីដៃនោះទេ។ តាមលោក Brian Tracy បានលើកឡើងថា “គន្លឹះភាពជោគជ័យជាការផ្តោតអារម្មណ៍របស់យើងទៅលើអ្វីដែលយើងចង់បាន មិនមែនផ្តោតអ្វីដែលយើងខ្លាចនោះទេ”។ ការផ្តោតអារម្មណ៍ធ្វើឱ្យអ្នកស៊ីជម្រៅដោយលំហូរចិត្តរីករាយក្នុងការងារ។ កុំព្យាយាមធ្វើការច្រើនមុខក្នុងពេលតែមួយ វាជាការរំខានអារម្មណ៍របស់អ្នកទៅវិញទេ។ មានរឿងតូចមួយទៀតជាគ្រាប់ពូជបណ្តុះសមត្ថភាពអ្នកឱ្យរីកចម្រើនគឺការរៀនសូត្រ។
តាមគតិបណ្ឌិតរបស់លោក ខុង ជឺ ជាអ្នកប្រាជ្ញចិនបានពោលថា “កិច្ចការមួយដែលធ្វើឱ្យខ្ញុំមិនចេះធុញហើយមិនចេះអស់កម្លាំងពេញមួយថ្ងៃនោះគឺការរៀនសូត្រ”។ អ្នកសាកសង្គេតលមើលថាអ្នកដែលមានសមត្ថភាពពូកែ និងរីករាយក្នុងជីវិត សុទ្ធសិងតែជាបុគ្គលស្រឡាញ់ការរៀនសូត្រ ព្រោះចំណេះដឹងកើតចេញការរៀនសូត្រនាំឱ្យជីវិតរបស់គេមានអត្ថន័យនិងធ្វើការកាន់តែមានគុណតម្លៃទ្វេដង៕ អត្ថបទដោយ៖ ទ្រ សុភាព
សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24