ជាធម្មតាទេ ពេលយើងជួបបញ្ហាឡើងមុន ជ្រុះសក់ ស្បែកមានភាពស្រអាប់មើលទៅមិនស្រស់ថ្លា។ កត្តាទាំងអស់នេះអាចមកពីអ្នកស្រ្តេសច្រើន គេងមិនសូវបាន ញុំាមិនសូវបាន មិនសូវធ្វើលំហាត់ប្រាណ…ជាដើម។ ទើបបង្កឱ្យអ្នកចេះតែមានបញ្ហាជ្រុះសក់ ឡើងមុន ស្បែកស្រអាប់បែបហ្នឹង។
អាស្រ័យហេតុនេះហើយ ដើម្បីកាត់បន្ថយស្ថានភាពនេះបាន អ្នកគួរតែកាត់បន្ថយស្រ្តេស ព្យាយាមឆ្លៀតហាត់ប្រាណតិចតួច គេងឱ្យបានគ្រប់គ្រាន់ ជាពិសេសជ្រើសរើសអាហារដែលអាចជួយកាត់បន្ថយការឡើងមុន ជ្រុះសក់ និងជួយស្បែករបស់អ្នកឱ្យភ្លឺថ្លា មានជីវិតជីវ៉ាឡើងមកវិញ។
ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមធ្វើការលើកយក ភេសជ្ជៈផលិតចេញពីបន្លែផ្លែឈើធម្មជាតិ ដែលអ្នកគួរតែធ្វើផឹកជាចប្រចាំថ្ងៃ ក៏ព្រោះតែភេសជ្ជៈទាំងនោះ គឺសម្បូរសារធាតុចិញ្ចឹម វីតាមីន ល្អៗសម្រាប់ជួយធ្វើឱ្យសក់របស់អ្នកលូតលាស់ល្អ លែងសូវជ្រុះ ស្បែករបស់អ្នកនឹងចាប់ផ្ដើមប្លែកបន្តិចម្ដងៗ និងមុនស្នាម ក៏ចាប់ផ្ដើមអនថយជាងមុន នេះបើយោងតាមរយៈគេហទំព័រ truebasics.com ។
១.ទឹកក្រឡុកផ្លែល្ហុងលាយម្នាស់៖ ភេសជ្ជៈ៣មុខគឺជាប្រភេទទឹកក្រឡុកដែលមានប្រយោជន៍ច្រើនសម្រាប់ជួយដល់ស្បែក សក់ កាត់បន្ថយការឡើងមុន និងស្នាម។ អ្វីដែលកាន់តែពិសេសទឹកក្រឡុកនេះ និងជួយឱ្យស្បែករបស់អ្នក ចាប់ផ្ដើមមានសុខភាពល្អ ប្រែមកភ្លឺថ្លាបន្ដិចម្ដងៗឱ្យតែអ្នកផឹកបានទៀងទាត់។របៀបផឹកបងប្អូន អាចផឹក១ថ្ងៃ១កែវ ផឹកនៅពេលព្រឹក រយៈពេល៣ខែ ស្បែក សក់ ក្រចក មុនស្នាមលើខ្លួន លើមុខ របស់អ្នកនឹងចាប់ផ្ដើមធូរស្បើយជាងមុន។
២.ទឹកការ៉ុតលាយជាមួយក្រូច៖ ទឹកក្រឡុកមួយប្រភេទនេះគឺមានប្រយោជន៍ជួយដល់សក់ និងស្បែករបស់អ្នកខ្លាំងណាស់។ ព្រោះអាចជួយកាត់បន្ថយភាពខូចខាតស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ កាត់បន្ថយភាពជ្រីវជ្រួញឡើងមក ជួយជម្រុញការផលិតកូឡាជេន ធ្វើឱ្យស្បែកភ្លឺថ្លា មិនងាយចាស់។
៣.ទឹកមើមយ៉េន៖នរណាខ្លះចូលចិត្តផឹកទឹកមើមយ៉េន? មានដឹងអត់ថា ទឹកមើមយ៉េនអាចជួយការពារភាពស្លេកស្លាំងនៃរាងកាយជាពិសេសចំពោះស្រ្តី ក៏ព្រោះតែមើមយ៉េនសម្បូរដោយ ជាតិដែក និងអាស៊ីតហ្វូលិកជាច្រើន ដែលជួយទៅបំពេញគ្រាប់ឈាមក្នុងរាងកាយ ការពារទប់ស្កាត់ភាពស្លេកស្លាំង ដូច្នេះស្ត្រីគួរតែផឹកទឹកមើមយ៉េនជាប្រចាំថ្ងៃល្អចំពោះសុខភាព។ បន្ថែមលើសពីនេះ ទឹកមើមយ៉េន ក៏អត្ថប្រយោជន៍ចុងក្រោយមួយទៀតនៃមើមយ៉េន គឹជួយបន្សាបជាតិពុលបែបធម្មជាតិចេញពីក្នុងខ្លួន សម្រួលមុខងាររបស់ថ្លើម ឱ្យប្រសើរជាងមុន ការពារការឡើងជាតិពុលក្នុងថ្លើម ការពាររលាកថ្លើម ជួយទៅបន្សុទ្ធឈាម ជួយស្បែកស្អាតផងដែរ។
សរុបមកភេសជ្ជៈទាំង៣ខាងលើនេះបងប្អូនមានបញ្ហា ហើយចង់ផឹកមួយណាក៏បានដែរ ឱ្យតែបងប្អូនចូលចិត្ត កុំតែផឹកច្រើនកែវក្នុង១ថ្ងៃទៅបានហើយព្រោះមិនល្អ។ បន្ថែមពីនេះក្រៅពីភេសជ្ជៈទាំងនេះ ការគេងឱ្យបានគ្រប់គ្រាន់កាត់បន្ថយស្រ្តេស និងការពិសារទឹកធម្មតា ឱ្យបានគ្រប់គ្រាន់គឺកាន់តែជួយបានលឿនខ្លាំងបំផុត៕