លោក Keisuke Hondaជាកីឡាករឆ្នើមសញ្ជាតិជប៉ុន និងជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជាផងដែរ។ គាត់មានគោលបំណងមកធ្វើជាគ្រូបង្វឹកនៅកម្ពុជាដើម្បីលើកស្ទួយកីឡាករបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ អតីតកាលរបស់គាត់មានប្រវត្តិតស៊ូខ្លាំងណាស់ និងធ្លាប់ជោគជ័យច្រើន និងជាសហគ្រិនផងដែរ។ គាត់អាចកសាងខ្លួនឱ្យមានតម្លៃព្រោះតែរូបលោកមានគតិបណ្ឌិតផ្ទាល់ដំណើរជីវិតផហដែរ។ នេះជាគំនិតរបស់លោកហុងដា៖
១. “យើងត្រូវតែជឿលើខ្លួនឯង ទោះវាជាលទ្ធផលតូចតាចក៏ដោយ គឺយើងមិនបោះបង់រហូតដល់ទីបញ្ចប់”។ ទោះបីយើងមានសង្ឃឹមតិចតួចក៏ដោយ កុំបោះបង់វាទេ មានតែការព្យាយាមធ្វើរឿងតូចៗ ហ្នឹងហើយជាផ្លូវរស់នៃអនាគត។
២. “ខ្ញុំដាច់ខាតមិនអនុញ្ញាតឱ្យអ្នកណាម្នាក់មកកំណត់មាគ៌ាជីវិតរបស់ខ្ញុំទេ គឺមានតែខ្ញុំម្នាក់គត់ជាអ្នកកំណត់ផ្លូវជីវិតរបស់ខ្ញុំខ្លួនឯង”។ បើយើងមិនព្យាយាមធ្វើតាមក្តីស្រមៃរបស់ខ្លួន អ្នកដទៃនឹងជូលយើងបម្រើក្តីស្រមៃរបស់គេហើយ។
៣. “ខ្ញុំពិតជាស្រលាញ់ស្នាមញញឹមរបស់ប្រជាជនខ្មែរណាស់”។ ជនជាតិថ្លៃថ្នូរមានស្នាមញញឹមជាអត្តសញ្ញាណជាតិ។
៤. “វាជារឿងងាយស្រួលក្នុងការនិយាយថា យើងឈ្នះក្នុងការប្រកួត១នេះ។ សម្រាប់ខ្ញុំមានមោទនភាពចំពោះចំពោះកីឡាករទាំងអស់គ្នាដែលបានព្យាយាមទទួលបានពិន្ទុ ១នៅយប់មិញនេះ។ នេះជាដំណើរក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់យើងបានឆាប់បំផុត ហើយយើងបានត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់”។ ការឈ្នះរឿងតូចៗ ធ្វើឱ្យមនុស្សផ្លាស់ប្តូរផ្នត់គំនិតចាស់ ដើម្បីសាងអនាគតជាថ្មី។
៥. “ធ្វើសកម្មភាពឥឡូវនេះ។ អ្នកត្រូវតែធ្វើវាឥឡូវនេះ នៅពេលដែលអ្នកចង់ប្រកួតប្រជែងឈ្នះវា”។ បើបង្កើតពាក្យថា ចាំស្អែក ចំធ្វើវា អនាគតអ្នកក៏ចាំស្អែកដែរ។ គ្រាន់តែធ្វើវាភ្លាម លទ្ធផលតូចៗ ក៏កើតឡើងមកដែរ។
៦. “បើអ្នកចង់រីកចម្រើន អ្នកត្រូវតែដឹងថា ខ្លួនមានបញ្ហាអ្វីខ្លះ”? ការដឹងពីបញ្ហាធ្វើឱ្យយើងចេះកែបញ្ហា។ ពេលយើងដឹងពីភាពល្ងង់ខ្លៅ នាំឱ្យយើងមានបញ្ញាដែរ។ ព្រោះពេលយើងពីបញ្ហា យើងនឹងគិតរកដំណោះស្រាយហើយ។
៧. “យើងត្រូវតែផ្តោតដើម្បីការលូតលាស់របស់យើង មិនមែនដើម្បីតែលទ្ធផលទេ។ ខ្ញុំជឿថា ជ័យជម្នះជារង្វាន់នៃការរីកចម្រើន”។ ពេលយើងផ្តោតកសាងខ្លួនឱ្យរីកចម្រើនម្តងបន្តិចៗ ឥទ្ធិពលរបស់យើងនឹងសាយភាយនាំឱ្យកើតការផ្លាស់ប្តូរទាំងខ្លួនឯង មិត្តភក្តិ គ្រួសារ និងសង្គមជាតិផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព