ជ្រុះសក់ខ្លាំងជាប្រចាំថ្ងៃ គឺជាបញ្ហាមិនល្អមួយបង្ហាញពីសុខភាពរាងកាយ ខណៈពេលដែលបញ្ហាសក់ជ្រុះខ្លាំងនេះ គឺអាចបណ្ដាលមកពីកត្តាគួបផ្សំផ្សេងៗដូចជា កង្វះវីតាមីន បម្រែបម្រួលវ័យ អរម៉ូន ហ្សែនពីកំណើត និងសូម្បីតែអ្នកលេបថ្នាំមួយចំនួនដូចជា ថ្នាំពន្យាកំណើតក៏អាចធ្វើឱ្យជ្រុះសក់បានដែរ។
ផ្អែកទៅតាមប្រភព webmd បានលើកយកនូវក្រុមអាហារផ្ទុកជាតិវីតាមីនចំនួន៥មុខ ដែលអ្នកមានបញ្ហាសក់គួរញុំាជាប្រចាំថ្ងៃប្រចាំពេល ដើម្បីជំនួយសក់ឱ្យដុះលូតលាស់បានល្អប្រសើរឡើងវិញ៖
១. ដំឡូងជ្វា៖ ដំឡូងជ្វា មានផ្ទុកទៅនូវសារធាតុ បេតាការ៉ូទីនដែលរាងកាយយើងនឹងអាចបំលែងទៅជាវីតាមីន A ជួយការពារសក់ស្ងួត សក់សំពោង។ សារជាតិមួយនេះ ក៏ជួយជំរុញដល់ក្រពេញក្នុងស្បែកក្បាលឱ្យបង្កើតជាតិប្រេងម្យ៉ាងហៅថា សេប៊ុម (Sebum) ការពារសក់កុំឱ្យសក់ស្ងួតគ្មានសំណើម បណ្ដាលឱ្យសក់ងាយផុយ ឬដុះលូតលាស់មិនមានលក្ខណៈល្អ។
២. ស៊ុត៖ វីតាមីន B ដែលមានឈ្មោះថា Biotin មានក្នុងស៊ុត ជួយសក់ឱ្យដុះលឿន និងពង្រឹងក្រចកដៃដែលផុយ។ ការសិក្សាស្រាវជ្រាវមួយ បានពិសោធន៍ឃើញថា ក្នុងចំណោមស្ត្រីមួយក្រុមដែលមានការជ្រុះសក់ ៣៦% ត្រូវបានគេកំណត់ថា មានកង្វះសារធាតុ biotin។ ហេតុនេះការញ៉ាំស៊ុត នឹងអាចបំពេញសារធាតុ Biotin ដែលចាំបាច់សម្រាប់ផលិត keratin ដែលជាប្រភេទប្រូតេអ៊ីនសក់។
៣. Oats៖ កំហាប់ខ្ពស់នៃសារធាតុចិញ្ចឹមសំខាន់ៗដូចជា ជាតិដែក ស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា ៦ មាននៅក្នុង Oats មានសារៈសំខាន់ក្នុងការថែរក្សាស្បែកក៏ដូចជាសុខភាពសក់។ អ្នកអាចញ៉ាំ oats សម្រាប់អាហារពេលព្រឹករៀងរាល់ពីរបីដងក្នុងមួយសប្តាហ៍ ដើម្បីធានាថាសក់របស់អ្នកទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលវាត្រូវការ។
៤. អយស្ទ័រ៖ ជាតិស័ង្កសីមានក្នុងអយស្ទ័រ ត្រូវបានគេជឿថា មានសមត្ថភាពគ្រប់គ្រាន់ជួយដោះស្រាយបញ្ហាសក់ជ្រុះច្រើនជាប្រចាំ សូម្បីតែនៅក្នុងរោមភ្នែកក៏អាចការងារមិនឱ្យជ្រុះផងដែរ។ កោសិកាដែលបង្កើតសក់ គឺពឹងផ្អែកលើជាតិស័ង្កសីដែលមានក្នុងសរីរាង្គ ដើម្បីជួយសរសៃសក់ដែលត្រូវដុះឡើងនោះមានសភាពរឹងមាំ ជាមួយសុខភាពល្អ។ សារជាតិស័ង្កសីនេះដែរ មិនមែនមានតែនៅក្នុងអយស្ទ័រទេ វាក៏មាននៅក្នុងរបបអាហារផ្សេងៗទៀតដូចជា ក្តាម បង្កង និងធញ្ញជាតិដូចគ្នា។
៥. ស្ពៃខ្មៅ៖ បន្លែមួយប្រភេទនេះសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមដូចជា ហ្វូឡាត ជាតិដែក វីតាមីន A និងវីតាមីន C ដែលសុទ្ធតែមានសារៈប្រយោជន៍សម្រាប់ការលូតលាស់សក់ និងការពារសក់ជ្រុះ។
ក្រៅពីការញ៉ាំអាហារ អ្នកត្រូវបូកបន្ថែមជាមួយទម្លាប់៣ខាងក្រោមដើម្បីជួយឱ្យសរសៃសក់របស់អ្នកកាន់តែរឹងមាំ ព្យាបាលស្បែកក្បាល សក់ដុះលឿន៖
១. ឈប់សិតសក់៖ ស្តាប់មើលទៅដូចជាហូសចិត្តស្មានមិនដល់ ជាពិសេមនុស្សស្រីដែលចូកចិត្តសិតសក់ញឹកញាប់។ ជាការរពិតណាស់ការសិតសក់ញឹកញាប់ពេកបណ្តាលឱ្យសក់ជ្រុះកាន់តែខ្លាំង ជាពិសេសចំពោះអ្នកដែលមានសរសៃសក់ខ្សោយស្រាប់ នៅពេលដែលយើងព្យាយាមសិតវាញឹកញាប់ទៀតគឺវាកាន់តែបន្ថែមឱ្យសក់ជ្រុះកាន់តែខ្លាំងថែមទៀត។
២. ហាមសិតសក់ពេលសក់នៅសើម៖ នៅពេលដែលសក់យើងទើបតែកក់រួច គល់សក់របស់យើងវាបើកធំ ហើយពេលនោះបើយើងព្យាយាមសក់វាទៀតនោះសក់នឹងជ្រុះមកដោយទៅតាមក្រាស់របស់អ្នកកាន់តែខ្លាំង។
៣. កុំកក់សក់ញឹកពេក៖ គួរកត់ទៅតាមកាលវិភាគ និងប្រភេទនៃសក់ដូចខាងក្រោម៖
· សក់មានជាតិប្រេង៖ ត្រូវកក់ជារៀងរាល់ថ្ងៃ ដើម្បីការពារការកកើតជាតិកខ្វក់
· សក់ស្ងួត ខូច៖ ត្រូវកក់រៀងរាល់ ៥-៧ ថ្ងៃម្តង ដើម្បីទុកប្រេងធម្មជាតិមួយចំនួននៅលើ ស្បែកក្បាល ។
· សក់ស្តើង សរសៃតូចៗ ៖ ត្រូវកក់ជារៀងរាល់ថ្ងៃ ដើម្បីផ្តល់សំណើមដល់សក់របស់អ្នកឱ្យបានគ្រប់គ្រាន់
· សក់រួញ អង្កាញ់៖ ត្រូវកក់រៀងរាល់ ៤-៥ ថ្ងៃម្តង អាស្រ័យលើដង់ស៊ីតេសក់របស់អ្នក។
· សក់រួញ៖ ត្រូវកក់ម្តងក្នុងមួយសប្តាហ៍សម្រាប់ការលូតលាស់សក់ល្អបំផុត៕
អត្ថបទដោយ៖ មឿន គន្ធា

