សព្វថ្ងៃនេះ មនុស្សភាគច្រើនមានផលប៉ះពាល់ផ្លូវចិត្តខ្លាំងព្រោះតែសម្ពាធការងារ ហិរញ្ញវត្ថុ ដៃគូ និងគ្រួសារជាដើម។ ពេលជួបបញ្ហាទាំងអស់នេះ ម្តងបន្តិចៗ ផ្លូវចិត្តកាន់តែមានស្រ្តេស និងអស់ថាមពលចេញខ្លួន នាំឱ្យរាងកាយកើតបញ្ហាទាំងរាងកាយ និងផ្លូវចិត្ត។ កម្មវិធីទាំង ២នេះ បញ្ចូលថាមពលផ្លូវចិត្តឱ្យមានរស់នៅមានក្តីសុខមកវិញ។
ការសិក្សាបុគ្គលអស្ចារ្យក្នុងប្រវត្តិសាស្រ្តកម្រមានបញ្ហាផ្លូវចិត្ត ទោះបីពួកគាត់ខំធ្វើការខ្លាំងក៏ដោយ ក៏សប្បាយរីករាយដែរ។ មានបុគ្គលដូចជា លោក មហាត្មៈ គន្ធី ស្តេចណាប៉ូលេអុង ប៉ូណាបប៉ាត និង Dale Carnegieជាអ្នកនិពន្ធ ពួកគាត់មានកម្មវិធីមួយសង្រ្គោះផ្លូវចិត្តឱ្យមានថាមពលឡើងវិញ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ ហៅថា(១) “កម្មវិធីពិចារណាក្នុងភាពស្ងប់ស្ងាត់” ព្រោះការពិចារណាពីកំហុសឆ្គងក្នុងភាពស្ងប់ស្ងាត់ ដើម្បីកែលម្អក្នុងជីវិត ហើយជាការបញ្ចូលថាមពលផ្លូវចិត្ត។ ខ្ញុំពិតជាចូលចិត្តសម្តីមួយឃ្លានេះខ្លាំងណាស់ បានលើកឡើងថា “ការរក្សាភាពស្ងៀមស្ងាត់គ្មានការរំខានពីខាងក្រៅ ជួយបញ្ចូលថាមពលដល់ផ្លូវអារម្មណ៍ ជួយបំផុសគំនិតថ្មីៗ និងធ្វើឱ្យចក្ខុវិស័យមើលឃើញកាន់តែច្បាស់ពីគោលដៅនៃជីវិត។ មិនត្រឹមតែប៉ុណ្ណោះ វាជួយយើងឱ្យគ្រប់គ្រងលើតណ្ហា ហើយសម្រួចការយល់ដឹងរបស់យើងកាន់តែស៊ីជម្រៅជាងមុន។” ឃ្លានេះដកស្រង់ចេញពីសៀវភៅ Stillness is the Key របស់លោក Ryan Holiday។
មានសំនួរមួយខ្ញុំចង់សួរអ្នកថា(២) អ្វីជារឿងសំខាន់បំផុតក្នុងជីវិតអ្នក? ជាសំនួរមួយបញ្ជាក់ពីការប្រើប្រាស់ពេលវេលា និងធ្វើឱ្យអ្នកចេះរៀបចំគម្រោងការណ៍នៃជីវិតបានល្អដូចជាលើការងារ លើទ្រព្យសម្បត្តិ និងគ្រួសារជាដើម។ បើអ្នកចង់សម្រេចបានលទ្ធផលច្រើនឬតិច អាស្រ័យលើទម្លាប់គ្រប់គ្រងពេលវេលានេះឯង។
អ្នកត្រូវគិតថា អ្វីដែលសំខាន់បំផុតសម្រាប់ជីវិតអ្នក? បើអ្នកមិនមានចក្ខុវិស័យច្បាស់លាស់ថា អ្នកចង់ទៅទីណាទេ នោះអ្នកនឹងមិនអាចបញ្ចប់គោលដៅពិតប្រាកដបានឡើយ។ នេះហើយធ្វើឱ្យមនុស្សភាគច្រើនមានបញ្ហាផ្លូវចិត្ត ព្រោះតែអារម្មណ៍មានកង្វល់ច្រើនរហូតចិត្តអត់ស្ងប់សោះ។ តាមទស្សនវិទូ Seneca មានប្រសាសន៍ថា យើងចំណាយពេលវេលាពេញមួយជីវិតដើម្បីរៀនពីរបៀបរស់នៅ ហើយយើងត្រូវបន្ថែមថា គួរតែចំណាយពេលនេះរៀនពីរបៀបស្លាប់ដែរ។ ការចៀសវាងបញ្ហាផ្លូវចិត្តអ្នកត្រូវតែអភិវឌ្ឍសមត្ថភាពតាមរយៈស្តាប់អ្នកជំនាញ អានសៀវភៅ និងសុំយោបល់អ្នកណាម្នាក់ ជួយអ្នកឱ្យមានជំនឿចិត្តបន្តដំណើរទៅមុខ។ ចូរធ្វើជាសិស្ស កុំធ្វើជាគ្រូចេះគ្រប់រឿង វាធ្វើឱ្យជីវិតអត់រីកចម្រើនលឿននោះទេ៕
អត្ថបទដោយ៖ ទ្រ សុភាព