ត្បិតថា ទូរទឹកកកជាជម្រើសដ៏ល្អ និងជាទីតាំងរក្សាទុកអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈផ្សេងៗឱ្យនៅមានគុណភាណនិងមិនងាយខូចក៏ពិតមែន ប៉ុន្តែមានអាហារក៏ដូចជាភេសជ្ជៈមួយចំនួនគឺគេមិនណែនាំឱ្យរក្សាទុកក្នុងទូរទឹកកកនោះទេ ពីព្រោះវាធ្វើឱ្យអាហារនោះខូចគុណភាព និងបាត់បង់រសជាតិផងដែរ។
ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ timesofindia អាហារ ផ្លែឈើ និងភេសជ្ជៈ ខាងក្រោមអ្នកគួរកាត់បន្ថយយកទៅទុកក្នុងទូរទឹកកក៖
១. នំប៉័ង៖ នំប៉័ងគឺគេមិនណែនាំឱ្យរក្សាទុកនៅក្នុងទូរទឹកកកនោះទេ ពីព្រោះកាលណាទុកនំប៉័ងក្នុងទូរទឹកកកគឺធ្វើឱ្យបាត់បង់គុណភាព និងគ្មានរសជាតិផងដែរ។ អ្នកគួរតែទិញមកភ្លាមញ៉ាំភ្លាម ឬញ៉ាំក្នុងមួយថ្ងៃឱ្យអស់ ពីព្រោះនំប៉័ងធ្វើពីម្សៅផ្អាប់ ងាយដុះផ្សិតបំផុត។
២. ដំឡូង៖ ទាំងដំឡូងស្រស់ ដំឡូងបំពង ឬដំឡូងស្ងោរ អ្នកមិនគួរយកវាទៅរក្សាទុកក្នុងទូរទឹកកកនោះទេ បើទោះជាការរក្សាទុកក្នុងទូរទឹកកកអាចធ្វើឱ្យវានៅស្រស់បានយូរក៏ពិតមែន ប៉ុន្តែរសជាតិដំឡូងនោះមិនប្រែទៅជាសាប និងគ្មានជាតិ។
៣.ផ្លែឈើ៖ ដូចជាផ្លែបឺរ ផ្លែប៉ោម ចេក ផ្លែក្រូច ផ្លែប៊ឺរី អ្នកមិនគួរទុកក្នុងទូរទឹកកកលើសពី៤ថ្ងៃនោះទេ ពីព្រោះការណាទុកយូរជាងនេះគឺគុណភាពនៅក្នុងផ្លែឈើទាំងអស់នោះ និងបាត់បង់អស់មិនខាន។ ជម្រើសដ៏ល្អ និងអាចទាញយករសជាតិពីផ្លែឈើបានកាន់តែច្រើន អ្នកគួរតែយកផ្លែឈើទាំងនេះដាក់ក្នុងទូរទឹកកករយៈពេល ៣០ នាទីមុនពេលញ៉ាំ។
៤. បន្លែ៖ ដូចជាខ្ទឹមបារាំង សាឡាដ ប៉េងប៉ោះជាដើមក៏អ្នកមិនគួរទុកក្នុងទូរទឹកកកយូរលើសពី៤ថ្ងៃដែរ ព្រោះធ្វើឱ្យវាបាត់បង់គុណភាព។
៥. គ្រឿងទេស៖ ម្រេច ខ្ទឹម ស្ករ អំបិល ទឹកត្រី ប្រេងខ្យង ទឹកស៊ីអ៊ីវ... គ្រឿងទេសទាំងនេះវានឹងមានគុណភាពល្អនៅពេលយើងរក្សាទុកក្នុងសីតុណ្ហភាពធម្មតាក្នុងផ្ទះបាយ ប៉ុន្តែប្រសិនជាអ្នកយកវាទៅរក្សាទុកក្នុងទូរទឹកកកវិញនោះ វានឹងបាត់បង់គុណភាព ក៏ដូចជារសជាតិភ្លាម។
៦. ទឹកឃ្មុំ៖ ចង់ឱ្យទឹកឃ្មុំមានគុណភាព និងរក្សាជាតិផ្អែមរបស់ទឹកឃ្មុំបានល្អអ្នកគួរតែរក្សាវាទុកនៅក្នុងសីតុណ្ហភាពធម្មតា មិនចាំបាច់ទុកក្នុងទូរទឹកកកនោះទេ ព្រោះទូរទឹកកកមិនបានបន្ថែមគុណភាពឱ្យទឹកឃ្មុំឡើយ មានតែធ្វើទឹកឃ្មុំបាត់បង់រសជាតិផ្អែមថែមទៀតផង៕
អត្ថបទដោយ៖ មឿន គន្ធា