បញ្ហាមនុស្សស្រីអំឡុងពេលមករដូវមានសុខភាពពុំសូវល្អ បានក្លាយវិបត្តិចោទធំមួយ ដែលនេះអាចជះឥទ្ធិពលខ្លាំងទៅកាន់សុខភាពស្បួន និងបញ្ហាអត់កូនទៅថ្ងៃអនាគតផងដែរ។ តួយ៉ាង ដូចដែលប្រិយមិត្ត Healthy Cambodia ធ្លាប់បានឆ្លងកាត់ក៏ដូចជាទទួលបានចំណេះដឹងជាច្រើនកន្លងរួចមកហើយថា មានស្រ្តីមួយចំនួន មិនថានៅក្នុងប៉ែកអាស៊ី ឬអឺរ៉ុបនោះទេ តែជួបនូវអាការសុខភាពដូចជា ងាយរមួលក្រពើ, ឆ្អល់ ឬហើមពោះ, ឈឺក្បាល, ចុកពោះ, ក្អួតចង្អោរ, អស់កម្លាំងល្ហិតល្ហៃ, រដូវមកច្រើន ឬតិចខុសប្រក្រតី, ការប្រែប្រួលអារម្មណ៍លឿនខុសពីធម្មតា, រាគ...ជាដើម។
ដោយសារតែលើកឡើងខាងលើនេះហើយ ថ្ងៃនេះ Healthy Cambodia នឹងសូមលើកយកនូវក្បួនញ៉ាំថែសុខភាពអំឡុងពេលមករដូវ ដើម្បីស្រាយនូវវិបត្តិដែលកើតមានដោយយោងតាមប្រភព healthline.com ៖
១. ទឹក៖ ការផឹកទឹកច្រើនមានសារៈសំខាន់ណាស់ សម្រាប់មនុស្សស្រីក្នុងអំឡុងពេលមករដូវ។ ដោយហេតុថា ការរក្សាជាតិទឹកអាចកាត់បន្ថយនូវអាការឈឺក្បាល ខ្សោះជាតិទឹក និងបញ្ហាហើមពោះ ដែលជារោគសញ្ញាទូទៅនៃការមករដូវ។
២. ផ្លែឈើ៖ ផ្លែឈើសម្បូរជាតិទឹក ដូចជាឪឡឹក និងត្រសក់ស្រូវ គឺល្អសម្រាប់រក្សាជាតិទឹកក្នុងខ្លួនពេលមករដូវ។ ផ្លែឈើផ្អែម អាចជួយទប់ស្កាត់ការឃ្លានជាតិស្ករ ដោយមិនចាំបាច់ទទួលទានជាតិស្ករចម្រាញ់ច្រើន ដែលបង្ករឱ្យកម្រិតជាតិស្ករកើនឡើងក្នុងខ្លួនឡើយ។
៣. បន្លែស្លឹកបៃតង៖ ជារឿងធម្មតាទេ ដែលជួបអ្នកមករដូវប្រទះនឹងការធ្លាក់ចុះនៃកម្រិតជាតិដែកក្នុងខ្លួន ព្រោះនេះដោយសារលំហូរមករដូវ។ តែប្រសិនណាបើឈាមរដូវធ្លាក់មកខ្លាំងជាតិដែកនៅក្នុងខ្លួនរបស់អ្នកក៏កាន់តែធ្លាក់ចុះតាមនោះដែរ។ កត្តានេះ អាចនាំឱ្យអស់កម្លាំង ឈឺរាងកាយ រមួលក្រពើ និងវិលមុខ។ បើអ្នកកំពុងស្ថិតនៅក្នុងករណីនេះ សូមទទួលទានបន្លែស្លឹកបៃតងឱ្យបានច្រើនដូចជា ខាត់ណា ត្រកួន និងស្ពៃខ្មៅ ជាដើម ដើម្បីជួយបង្កើនកម្រិតជាតិដែកឡើងវិញ។
៤. តែខ្ញី៖ តែខ្ញីក្តៅមួយកែវអាចធ្វើឱ្យរោគសញ្ញាមួយចំនួននៃការមករដូវមានភាពប្រសើរឡើង។ ខ្ញីមានឥទ្ធិពលប្រឆាំងការរលាក ដែលអាចបន្ធូរសាច់ដុំ។ ជាងនេះទៅទៀត ខ្ញីក៏អាចកាត់បន្ថយការចង្អោរផងដែរ ដោយការសិក្សាមួយក្នុង ឆ្នាំ ២០១៨ បានរកឃើញថាខ្ញីមានប្រសិទ្ធភាពកាត់បន្ថយការចង្អោរ និងក្អួតក្នុងត្រីមាសទី១ នៃការមានផ្ទៃពោះ។ ការទទួលទានតែខ្ញីក្តៅៗ ក្នុងពេលមករដូវអាចជួយសម្រួលសរសៃឈាម និងធ្វើឱ្យឈាមរដូវដើរបានល្អ។ ក្នុងនេះអ្នកជំនាញក៏បាន ក៏បានណែនាំនូវប្រភេទតែជីអង្កាមឱ្យទទួលទានផងដែរ ប្រសិនណាបើ ពុំចេះទទួលតែខ្ញី ព្រោះប្រសិទ្ធភាពភេសជ្ជៈទាំង២នេះ មានមុខងារស្រដៀងគ្នា។
៥. មាន់៖ សាច់មាន់ គឺជាអាហារសម្បូរជាតិដែក និងប្រូតេអ៊ីន។ ការទទួលទានសាច់មាន់ អាចជួយឱ្យអ្នកឆាប់ឆ្អែត និងឆ្អែតបានយូរក្នុងអំឡុងពេលមករដូវ កាត់បន្ថយការឃ្លាន។
៦. ត្រី៖ សាច់ត្រី សម្បូរដោយជាតិដែក ប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលសារធាតុដែកក្នុងសាច់ត្រីប្រឆាំងនឹងការធ្លាក់ចុះនៃកម្រិតជាតិដែក អំឡុងមានពេលមករដូវប្រកបដោយប្រសិទ្ធិភាព។ ជាងនេះទៅទៀត យោងតាមការសិក្សាឆ្នាំ ២០១២ បានឲ្យដឹងថា អូមេហ្គា ៣ អាចកាត់បន្ថយការឈឺចាប់ពេលមករដូវ កាត់បន្ថយការធ្លាក់ទឹកចិត្តផងដែរ។ សម្រាប់អ្នកដែលមានអារម្មណ៍ប្រែប្រួលលឿនក្នុងពេលមករដូវគួរទទួលទានប្រភេទសាច់និងអាហារបំប៉នសម្បូរទៅដោយជាតិអូមេហ្គា៣ឱ្យច្រើន។
៧. យ៉ាអួ៖ មនុស្សជាច្រើនបានឆ្លងមេរោគផ្សិតអំឡុងពេល ឬក្រោយពេលមករដូវ។ ប្រសិនបើអ្នកមានទំនោរទៅរកការឆ្លងមេរោគផ្សិត អាហារសម្បូរប្រូបាយអូទិកដូចជា យ៉ាអួ អាចចិញ្ចឹមបាក់តេរី "ល្អ" នៅក្នុងទ្វារមាសរបស់អ្នក ហើយអាចជួយអ្នកប្រឆាំងនឹងការឆ្លងមេរោគ។ យ៉ាអួ ក៏សម្បូរទៅដោយ ម៉ាញេស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ដូចជាកាល់ស្យូម ដែលមានមុខងារសំខាន់ក្នុងការជួយដល់សារពាង្គកាយផងដែរ។
គួរបន្ថែមជាមួយគ្នានេះផងដែរ ក្នុងទិសដៅជួយជម្រុញសុខភាព នាពេលមករដូវ នារីៗគ្រប់រូបតែឆ្លៀតធ្វើលំហាត់ប្រាណបែបស្រាល ដូចជា ប្រភេទយូហ្គា ដើម្បីជួយសម្រួលដល់សរសៃឈាម និងបណ្តេញជាតិពុលចេញពីក្នុងខ្លួនតាមរយៈការបែកញើស។ ជាងនេះទៅទៀត ការគេងឱ្យបានគ្រប់គ្រាន់ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការជំនួយដល់បញ្ហាសុខភាពអារម្មណ៍ និងខួរក្បាលផងដែរ ហេតុនេះសូមគេងឱ្យបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ៨ ម៉ោងក្នុង១ថ្ងៃ៕