នៅក្នុងចំណោមប្រទេស G7(កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងអាមេរិក ព្រមទាំងសហភាពអ៊ីរ៉ុប) គេបានសិក្សារកឃើញថា ប្រទេសជប៉ុនជាប្រទេសដែលមានអាយុវែងជាងគេ ដែលមនុស្សស្រីអាចមានអាយុដល់ ៨៧ឆ្នាំ រីឯបុរសអាចមានអាយុដល់ ៨១ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ Prevention Warch។
បានជាជប៉ុនមានអាយុវែងជាងគេលើលោក ពីព្រោះជប៉ុនតែងរឿងនូវរឿងអាថ៌កំបាំងទាំង០៣រួមមាន ការរីករាយ ការធ្វើលំហាត់ប្រាណ និងការញុំារបបអាហារបែបជប៉ុន។ ពួកគេបានចាត់ទុកអាហារ ជាកត្តាចម្បងសម្រាប់ពួកគេ ភាគច្រើនពួកគេចូលចិត្តញុំា ត្រីសមុទ្រ សណ្ដែកសៀង បន្លែ និងគ្រាប់ធញ្ញជាតិ។ មិនតែប៉ុណ្ណោះទេ ពួកគេសុទ្ធតែដឹងថា អាហារដែលសម្បូរខ្លាញ់ឆ្អែតច្រើន អាហារប្រៃខ្លាំង អាហារផ្អែមខ្លាំង អាចនាំឱ្យពួកគេកើតជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូង។ ដូច្នេះពួកគេមិនចូលចិត្តញុំាទេ។ នេះបើយោងតាមប្រភព WikiHow។
ខាងក្រោមនេះជាការណែនាំអំពីរបបអាហារដែលជនជាតិជប៉ុនតែងញុំាជារៀងរាល់ថ្ងៃ ដើម្បីថែសុខភាព និងបង្កើនអាយុរបស់ពួកគេឱ្យកាន់តែរឹងមាំ មិនងាយចុះចាញ់នឹងជំងឺរួមមាន៖
-ស្ដេចអាហារទី១. ញុំាគ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ គឺជាអាហារពេញនិយមជាខ្លាំងសម្រាប់ប្រជាជនជប៉ុន ភាគច្រើនជាអង្ករ ឬក៏គុយទាវដែលធ្វើចេញពីគ្រាប់ធញ្ញជាតិ។ នៅក្នុងនោះប្រទេសជប៉ុនបានណែនាំឱ្យប្រជាជនរបស់ខ្លួនទម្លាប់ញុំាគ្រាប់ធញ្ញជាតិឱ្យបានច្រើនដងចន្លោះពី៥ទៅ៦ដងក្នុងមួយថ្ងៃ។
-ស្ដេចអាហារទី២. ញុំាបន្លែ៖ ការញុំាបន្លែមិនខុសគ្នាពីការញុំាអង្ករ ឬគុយទាវធ្វើចេញពីគ្រាប់ធញ្ញជាតិប៉ុន្មាននោះទេ ហើយប្រទេសជប៉ុនបានណែនាំឱ្យប្រជាជនរបស់ខ្លួនញុំាបន្លែទូទៅដូចជា ដំឡូងជ្វា ផ្សិត ការ៉ុត និងស្ពៃក្ដោប។ នៅក្នុងនោះដែរ ដំឡូងជ្វា និងត្រសក់របស់ជនជាតិជប៉ុនដែលមានប្រភពមកពី អូគីណាវ៉ា សម្បូរទៅដោយវីតាមីន សារធាតុរ៉ែ ដែលជួយកាត់បន្ថយការកើតជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ រីឯសារាយសមុទ្រ គឺត្រូវបានប្រជាជនជប៉ុនចាត់ទុកជាអាហារពិសេសសម្រាប់ថែរក្សាសុខភាពខួរក្បាល និងថែរក្សាឱ្យអ្នកមានអាយុវែង។
-ស្ដេចអាហារទី៣. ញុំាត្រី និងគ្រឿងសមុទ្រ៖ ជនជាតិជប៉ុនរស់នៅតំបន់អូគីណាវ៉ាទម្លាប់ញុំាត្រីច្រើនជាងសាច់ក្រហម ពីព្រោះថា ត្រី និងគ្រឿងសមុទ្រផ្សេងៗទៀតសម្បូរជាតិប្រូតេអ៊ីនច្រើន។ នៅក្នុងនោះមន្ត្រីសុខាភិបាលរបស់ជប៉ុនបានណែនាំឱ្យប្រជាជនរបស់ខ្លួនញុំាត្រី ស៊ុត និងសៀងចន្លោះពី៣ទៅ៤ដងក្នុងមួយថ្ងៃ។ ការញុំាត្រីច្រើន ញុំាមឹកច្រើន បានជួយដល់សុខភាពបេះដូង និងសុខភាពខួរក្បាល។
-ស្ដេចអាហារទី៤. ផឹកតែ និងទឹក៖ បើសិនជាចង់ឱ្យអ្នកមានអាយុវែង ដូចអ្នកផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ នៅក្នុងនោះ មន្ដ្រីសុខាភិបាលរបស់ប្រទេសជប៉ុនបានណែនាំឱ្យប្រជាជនរបស់ខ្លួនផឹកទឹកឱ្យបានយ៉ាងហោចណាស់ ២លីត្រនៅក្នុងមួយថ្ងៃ។ លើសពីការផឹកទឹក ប្រជាជនជប៉ុនតែងផឹកតែបៃតងជំនួសទឹក ដើម្បីជួយដល់ការរំលាយអាហារ និងថែរក្សាសុខភាពខួរក្បាល។
បន្ទាប់ពីអានរួចហើយ តើអ្នកអាចផ្លាស់ប្ដូរទម្លាប់បានទេ? ការញុំាអាហារ គឺជាកត្តាសំខាន់សម្រាប់ការដកដង្ហើមបន្ត ប្រសិនបើអ្នកនៅតែញុំាគ្រឿងប្រៃ គ្រឿងផ្អែម គ្រឿងផ្អាប់ តើសុខភាពរបស់អ្នកនឹងទៅជាយ៉ាងណា? ហើយប្រជាជនខ្មែរភាគច្រើនមានទស្សនៈថា កើតមកមួយជាតិនេះ ត្រូវតែញុំាអាហារដែលខ្លួនចង់ញុំា។ ទស្សនៈនេះមិនខុសទេ ប៉ុន្តែខុសត្រង់ថា អាហារដែលអ្នកតែងប្រាថ្នាចង់ញុំានោះច្រើនតែអាហារខ្លាញ់ច្រើន អាហារផ្អាប់ អាហារផ្អែម និងអាហារប្រៃ។ បើនៅតែដូច្នេះទៀត សុខភាពរបស់អ្នកនឹងត្រូវខូច ដោយសារតែប្រាថ្នាខុសរបស់អ្នក។
អត្ថបទដោយ៖ Daddy_Rath