អាឡែហ្សីអាហារគឺជាប្រតិកម្ម ដែលកើតឡើងនៅពេលដែលរាងកាយប្រឆាំងនិងសារធាតុ មានក្នុងអាហារព្រោះគិតថាជាសារធាតុបង្កគ្រោះថ្នាក់។ ប្រតិកម្មនេះកើតឡើងភ្លាមៗបន្ទាប់ពីញុំាអាហារចូល ហើយអាចមានគ្រោះថ្នាក់ពីស្រាលទៅធ្ងន់ បើមិនបានទទួលការជួយសង្ក្រោះទាន់ពេលវេលា។
ជាការពិតក្នុងថ្ងៃនេះដែរ ក្រុមការងារចាបបៃតង ចង់លើកយក ក្រុមអាហារ១ក្រុមដែលងាយបង្កជាបញ្ហាអាឡែហ្សីឡើងមក ហើយអាចមានគ្រោះថ្នាក់ដល់កុមារបាន។ មានន័យថាអាចធ្វើឱ្យកុមារមានបញ្ហាអាឡែហ្សីពីស្រាលទៅធ្ងន់ ដូចជា ឡើងរមាស់ស្បែក ក្រហមស្បែក ហើមក ហើមមាត់ រមាស់មាត់ ឬក៏អាចមានបញ្ហាធ្ងន់ធ្ងរឡើងមក ដូចជា ពិបាកដកដង្ហើម តឹងបំពង់ក ស្លេកស្លាំង អស់កម្លាំង ឈឺក្បាល វិលមុខ ឬឈានដល់សន្លប់ក៏មានដែរទាំងនេះសុទ្ធសឹងជាអាការធ្ងន់ធ្ងរ។ ដូច្នេះ សូមម៉ាក់ប៉ាគ្រប់រូបប្រយ័ត្នកុំចេះតែឱ្យកូនញុំា ព្រោះគិតថាអាហារនេះល្អចំពោះសុខភាព អាហារគឺល្អមែន តែអាចមកពីប្រព័ន្ធរាងកាយរបស់កូនប្រឆាំង អ៊ីចឹងអាចគ្រោះថ្នាក់ដល់កូនតូចៗរបស់អ្នកបាន។ អាស្រ័យហេតុនេះហើយត្រូវសង្កេត និងពិនិត្យមើលអាហារដែលកូនអាចញុំាបានឬញុំាមិនបាន ចៀសវាងធ្វើបាបក្មេង ប្រសិនណាជាប្រតិកម្មអាឡែហ្សីធ្ងន់ធ្ងរដែលគេហៅថា(អាណាហ្វីឡាក់ស៊ី)។
ជាមួយគ្នានេះដែរ បើយោងតាមរយៈប្រភព healthychildren ចុះផ្សាយពីAmerican Academy of Pediatrics (AAP)ប្រាប់ អំពីអាហារងាយបង្កជាបញ្ហាអាឡែហ្សីច្រើនបំផុតដល់កុមារ និងប្រាប់ពីរបៀបចៀសវាងអាហារមានប្រតិកម្មអាឡែហ្សីឡើងមក។ ក្រុមអាហារទាំងនោះមានដូចជា ផលិតផលទឹកដោះគោ សណ្ដែកដី ស៊ុត ផ្លែឈើ ត្រីសមុទ្រ គ្រឿងសមុទ្រ (បង្កង បង្គារ…)។ ប្រភពដដែលបានបន្ដថា ប្រមាណថា 80% ទៅ 90% នៃអាឡែហ្សី ដែលកុមារភាគច្រើនកើត បង្កពី ស៊ុត ទឹកដោះគោ ស្រូវសាលី និងសណ្តែកសៀង សណ្ដែកដី ហើយអាការអាឡែហ្សី អាចនឹងបាត់ទៅវិញនៅពេលពួកគេមានអាយុ 5 ឆ្នាំឬលើសនេះ តែក៏មានប្រតិកម្មអាឡែហ្សីក្មេងខ្លះនៅតែបន្តទោះបីពួកគេធំក៏ដោយ។ ជាឧទាហរណ៍ កុមារតូចៗ 1 នាក់ក្នុងចំណោម 5 នាក់នឹងកើនឡើងអាឡែហ្ស៊ីសណ្តែកដី ឬក៏គ្រឿងសមុទ្រតាំងពីតូច ដល់ធំឡើងនៅតែអាឡែហ្សីដដែល ។
គូសបញ្ជាក់ឱ្យដឹងថា ប្រសិនណាកូនមានអាការដូចជា ពិបាកដកដង្ហើម ស្លេកស្លាំង ហើមក ហើមមាត់ រមាស់ជាដើម សូមប្រញាប់មកពីគ្រោះជាមួយគ្រូពេទ្យផ្នែកជំងឺអាឡែហ្សីឱ្យបានលឿន ចៀសវាងមានគ្រោះថ្នាក់ដល់កូនតូចៗរបស់អ្នក។ មួយវិញទៀត ត្រូវកំណត់ចំណាំនូវអាហារណាដែលកូនមានប្រតិកម្មអាឡែហ្សី នឹងព្យាយាមពន្យល់ប្រាប់កូនឱ្យចៀសវាងអាហារទាំងនេះ ឬក៏មានថ្នាំបំបាត់អាឡែហ្សីនៅជាប់ខ្លួនក៏ជាវិធីល្អ១ដែរ បើមានប្រតិកម្មភ្លាម អាចលេបថ្នាំទប់ស្កាត់ទុកមុនបាន៕
អត្ថបទដោយ៖ ប៉ែត ធីតា

