ការអាន និងហាត់ប្រាណ សុទ្ធតែជួយដល់ខួរក្បាលគិតបានល្អ ប៉ុន្តែបើខ្វះរបបអាហារនោះ ខួរក្បាលរបស់អ្នកក៏ខ្វះសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ដែរ។ ចឹងហើយ ខួរក្បាលគិតបានល្អ មិនអាចខ្វះអាហារល្អៗ បានទេ។ នេះជាអាហារល្អបំផុតទាំង ៥ជួយឱ្យការចងចាំបានល្អ ដល់វ័យចាស់ក៏ដោយ៖
១. ផ្លែប៉េងប៉ោះ៖ បើយោងតាម Scitechdaily បានចុះផ្សាយថា ផ្លែនេះ មានផ្ទុកសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដ៏សំខាន់គឺមាន Carotenoid lycopene ដែលជួយការពារមិនឲ្យខូចខាតនៃកោសិកាខួរក្បាល និងកាត់បន្ថយហានិភ័យនៃការកើត ជំងឺវិកលចរិតបានច្រើនទម្រង់ផងដែរ។
២. អាហារកំពូលមនុស្ស៖ តាមលោកស្រី Herta Waldow ធ្លាប់ជាស្រ្តីមេផ្ទះរបស់លោកអាញស្តាញ បានសរសេរក្នុងសៀវភៅរបស់គាត់ថា លោកអាញស្តាញ បានញ៉ាំអាហារពេលព្រឹកជាមួយស៊ុតចៀនចំនួនពីរគ្រាប់ ហើយចូលចិត្តផ្សិត និងទឹកឃ្មុំថែមទៀត។ សម្រាប់ផ្សិតវិញគាត់ហូបបីដងក្នុងមួយថ្ងៃក៏មានដែរ។” តាមលោក Walter Isaacson ជាអ្នកសរសេរប្រវត្តិរបស់អាញស្តាញ បាននិយាយថា លោកអាញស្តាញរីករាយបានហូបអាហារស៊ុត ប៊ឺ និងនំបុ័ង។ ព្រោះវាមានសារធាតុចិញ្ចឹមខួរក្បាលឱ្យមានថាមពលគិតបានលឿន។
៣. អាហារប្រភេទចម្រុះ៖ តាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា អាហារដែលជួយឱ្យសុខភាពល្អ និងខួរក្បាលគិតលើការសិក្សាបានល្អ មានអាហារប្រភេទទឹកដោះគោ មានប្រភេទបន្លែ(ស្ពៃបៃតង,ខាត់ណាខៀវ,ការ៉ុត) ឬផ្លែឈើ និងប្រភេទសាច់ត្រី ស៊ុត… ជាដើម។ អាហារខាងលើនេះ វាជួយទ្រទ្រង់រាងកាយបានច្រើនបំផុត ជាពិសេសមានអារម្មណ៍ស្រស់ថ្លាក្នុងការអានសៀវភៅ ឬគិតលើរឿងអ្វីមួយបានល្អ។
៤. តែបៃតង៖ តែបៃតងជាកំពូលភេសជ្ជៈដ៏ល្អបំផុតដើម្បីគាំទ្រខួរក្បាលរបស់អ្នកឲ្យមានការចងចាំពូកែ។ ព្រោះវាមានជាតិហ្វេអ៊ីន ដែលមាននៅក្នុងតែបៃតងនេះ ជួយបង្កើនភាពប្រុងប្រយ័ត្នខណៈពេលដែលសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាដើម្បីការពារខួរក្បាល និង L-theanine ក៏ជួយឱ្យខួរក្បាលរបស់អ្នកសម្រាកបានល្អ ឬជួយឱ្យខួរក្បាលស្ងប់បានលឿនជាងពេលធម្មតា។
៥. ប្រេងធម្មជាតិ និង គ្រាប់ធញ្ញជាតិ៖ ពពួកប្រេង និងគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ ជារបបអាហារដែលមានជាតិប្រតេអ៊ីន និងវីតាមីនដើម្បីចិញ្ចឹមខួរក្បាលក្នុងការជំរុញការគិតបានរហ័ស និងការពារជំងឺលើសឈាម ជំងឺបេះដូង និងលើសជាតិខ្លាញ់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព