នៅប៉ែកអាស៊ី មិនថាប្រជាជនខ្មែរ ថៃ ឥណ្ឌា និងសូម្បីប្រទេសជប៉ុនក៏និយមញ៉ាំបាយជាអាហារពេលព្រឹកដែរ។ ដោយសារតែបាយមានផ្ទុកជាតិកាបូនអ៊ីត្រាត(ជាតិស្ករ)ច្រើន ធ្វើឱ្យពេលយើងញ៉ាំធ្វើឱ្យឆាប់ឆ្អែត ផ្ដល់ថាមពលដល់រាងកាយបានភ្លាមៗ។ យ៉ាងណាមិញ នៅតែមានការព្រួយបារម្ភមួយចំនួន លើកឡើងពីបញ្ហាជាតិស្ករក្នុងបាយនេះ អាចធ្វើឱ្យមានការកើនឡើងជាតិស្ករក្នុងឈាម ងាយធ្វើឱ្យធាត់ លើសគីឡូ និងជំងឺទឹកនោមផ្អែមជាដើម។
ដោយសារហេតុនេះហើយ ទើបមានសំណួរចោទសួរជាច្រើនថា តើការញ៉ាំបាយជាអាហារពេលព្រឹក ល្អសម្រាប់សុខភាពឬអត់?
ឆ្លើយតបជាមួយគ្នាអ្នកស្រីNeha Pathania ដែលជាអ្នកឯកទេសខាងចំណីអាហារនៅមន្ទីរពេទ្យ Paras បានឱ្យដឹងក្នុងគេហទំព័រHealthshotsថា ការពិតការញ៉ាំបាយ គួរតែញ៉ាំនៅពេលមានថ្ងៃឬមុនពេលយប់ ជាពេលវេលាដែលរាងកាយយើងមានសកម្មភាពច្រើន វាត្រូវការបំប្លែងជាតិស្ករទាំងនោះទៅជាថាមពល។ អ្នកស្រី Neha Pathania បានលើកឡើងផងដែរថា ការញ៉ាំបាយនៅពេលព្រឹកគឺជាជារឿងល្អមួយ អ្នកកំពុងចង់សម្រកទម្ងន់ ឬអ្នកទឹកនោមផ្អែមក៏អាចញ៉ាំបាយជាអាហារពេលព្រឹកបានដែរ។ អ្នកស្រី បានបន្ថែមទៀតថាការញ៉ាំបាយនៅព្រឹកឱ្យបានជួយឱ្យការពារការកើនឡើងនៃជាតិស្ករបានផងដែរ ប៉ុន្តែក្នុងករណីទទួលទានមានកម្រិត និងជាផ្នែកមួយនៃអាហារដែលមានតុល្យភាព។
ញ៉ាំជាមួយ អាហារមានតុល្យភាព បើនិយាយឱ្យងាយយល់គឺការញ៉ាំបាយព្រឹកមានកម្រិត ជាមួយនឹងម្ហូបដែលត្រឹមត្រូវវាគ្មានផលប៉ះពាល់អ្វីនោះទេ។ ប្រសិនបើអ្នកញ៉ាំបាយច្រើនពេក ជាមួយ ម្ហូបក្រៀមក្រោះតិចតួច ឬជាម្ហូបដែលមានបន្ថែមជាតិស្ករ ជាតិប្រៃច្រើន ស្រូបខ្លាញ់មិនល្អ មិនមានជាតិបន្លៃ ឬកាកសរសៃទើបវាជាបញ្ហា។ ផ្អែកតាមប្រភពដដែល គេបានណែនាំគំរូបាយព្រឹកដ៏ល្អនិងងាយៗ អាចញ៉ាំបាយជាមួយស៊ុត និងខ្ទឹមសនៅពេលព្រឹក។ ខ្ទឹមសដែលមានលក្ខណៈសម្បត្តិអង់ទីប៊ីយ៉ូទិកត្រូវបានគេស្គាល់ថាជួយបង្កើនប្រព័ន្ធភាពស៊ាំកាត់បន្ថយសម្ពាធឈាមខ្ពស់។ ម្យ៉ាងវិញទៀត ស៊ុតគឺជាប្រភពប្រូតេអ៊ីនដ៏ល្អ ហើយក៏មានផ្ទុកនូវខ្លាញ់មិនឆ្អែតដែលផ្តល់សុខភាពបេះដូងផងដែរ។
មិនតែប៉ុណ្ណោះ លោកអ្នកអាចអាចបន្លែមបន្លែបៃតងជាមួយគ្នាបានផងដែរ ប្រសិនបើយកទៅឆា សូមចាំណាកុំបន្ថែមជាតិស្ករ អំបិលច្រើនពេក ហើយកុំដាក់បាយច្រើនលើសលុបលើម្ហូប។ ព្រោះបាយមានជាតិស្កររួចហើយ បើអ្នកបន្ថែមជាតិស្ករច្រើនទៀត នោះវាងាយធ្វើឱ្យអ្នកកើតឡើងជាតិស្ករក្នុងឈាមទៅវិញទេ ហើយជាតិអំបិលក៏អាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ផងដែរ។
ជារួមមក អ្នកអាចញ៉ាំបាយជាអាហារពេលព្រឹកបាន ប៉ុន្តែសូមញ៉ាំឱ្យមានតុល្យភាព កុំញ៉ាំឱ្យឆ្អែតខ្លាំងពេក ឬញ៉ាំបាយច្រើនពេក ព្រមទាំងមិនគួរបន្ថែមជាតិស្ករច្រើនពេក ក្នុងបាយ ឬម្ហូបដែលអ្នកញ៉ាំជាមួយគ្នានោះដែរ។ អ្នកជំនាញ ក៏បានបញ្ជាក់ផងដែរថា បាយគួរញ៉ាំនៅពេលថ្ងៃ និងចៀសវាងឬកាត់បន្ថយ ការញ៉ាំបាយនៅពេលល្ងាច ឬយប់ ព្រោះវានឹងធ្វើឱ្យយើងមានអារម្មណ៍ថាធ្ងន់ និងអាចរំខានដល់ការគេងបានផងដែរ ប្រសិនបើអ្នកញ៉ាំបាយច្រើនពេកនៅពេលល្ងាចឬយប់៕
អត្ថបទដោយ៖ Senghong
រូបតំណាង