ពាក្យចាស់ថា “ការពារប្រសើរជាងព្យាបាល” បើគ្មានទម្លាប់ល្អក្នុងការរស់នៅទេ រាងកាយអ្នកនឹងចុះខ្សោយ។ បើហូបអាហារ ភេសជ្ជៈកែច្នៃ អាហារវេចខ្ចប់ លឿនរហ័ស បូករួមទាំងមានបញ្ចូលសារធាតុគីមីផ្សេងៗនៅក្នុងអាហារដើម្បីរក្សាគុណភាព និងភាពស្រស់បំព្រង ការបំពុលខ្យល់ រួមទាំងគ្រឿងស្រវឹងផ្សេងៗទៀត រួមចំណែកដល់ការវិវត្តនៃប្រភេទផ្សេងៗនៃជំងឺមហារីក។ ថ្ងៃនេះ យើងមានភេសជ្ជៈ និងបន្លែ ជួយការពារអ្នកពីជំងឺមហារីកផងដែរ។
១. ទឹកអំពៅ៖ តាមលោកស្រី Rujuta Diwekar ជាឯកទេសអាហារូបត្ថម្ភដ៏ល្បីល្បាញឈ្មោះក៏បញ្ជាក់បន្ថែមអំពីទឹកអំពៅ អត្ថប្រយោជន៍សុខភាពជាច្រើនដូចជា៖ ជួយការពារជំងឺមហារីក ជំងឺថ្លើម តម្រងនោម ជួយឱ្យធ្មេញរឹងមាំ ថែមទាំងជួយដល់សុខភាពសម្រស់ទៀតផង ធ្វើឱ្យស្បែកមានសំណើម កាត់បន្ថយភាពស្ងួត ដែលនាំឱ្យស្បែកជ្រីវជ្រួញឡើងមក ព្យាបាលនិងកាត់បន្ថយការឡើងមុនលើមុខខ្លួន។ ព្រោះទឹកអំពៅមានសារធាតុ flavonoids ប្រឆាំងនឹងជំងឺមហារីកមានប្រសិទ្ធភាពខ្ពស់ ដែលវាមានតួនាទីជួយការពារអ្នកពីការកើនឡើងនៃកោសិកាមហារីក និងជួយរារាំងដល់ជំងឺមហារីកក្រពេញប្រូស្ដាត និងមហារីកសុដន់។
២. ផ្កាខាត់ណាខៀវ៖ តាមលោកវេជ្ជបណ្ឌិត Paul K. Gilbert បានណែនាំបន្លែអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ ព្រោះវាមានផ្ទុកនូវសមាសធាតុ glucosinolate ដែលរាងកាយរបស់អ្នកអាចបំលែងទៅជាម៉ូលេគុលដែលគេហៅថា isothiocyanates ដែលមានប្រសិទ្ធភាពប្រឆាំងនឹងមហារីក។ ក្នុង១ថ្ងៃគួរញ៉ាំខាត់ណាខៀវក្នុងវរិមាណ២០០ក្រាមស្មើនឹង២ខាំ។
៣. ផ្លែប័រ៖ យោងតាមប្រភព WebMD បញ្ជាក់ឱ្យដឹងថា ផ្លែប័រអាចជួយការពារជំងឺមហារីក នេះក៏ដោយសារតែសារធាតុ folate ដែលអ្នកទទួលបានពីផ្លែប័រ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ដូចជាមហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ។ មួយវិញទៀត ផ្លែប័រក៏ជួយសម្រួលដល់ជំងឺរលាកសន្លាក់ និងជំងឺពុកឆ្អឹងផងដែរ។
៤. ផ្លែចេក៖ យោងតាមការស្រាវជ្រាវ FDA ចំណីអាហារអាមេរិកបញ្ជាក់ថា ការញ៉ាំផ្លែចេកជួយបញ្ចុះសម្ពាធឈាម និងការពារជំងឺបេះដូង។ ព្រោះផ្លែចេកមានផ្ទុកទៅដោយប៉ូតាស្យូម និងសូដ្យូមទាប។ ហើយអ្នកហូបផ្លែចេកពីរផ្លែក្នុងមួយថ្ងៃ ការពារបន្ថយសម្ពាធឈាមបាន១០%និងការពារជំងឺមហារីកផងដែរ នេះជាអត្ថប្រយោជន៍ល្អបំផុតរបស់ផ្លែចេក”។ ផ្លែចេកសារធាតុ Lectin ជាប្រូតេអ៊ីនមានក្នុងផ្លែចេកអាចជួយបង្ការការលូតលាស់កោសិកាជំងឺមហារីកគ្រាប់ឈាមបានល្អបំផុត៕
អត្ថបទដោយ៖ ទ្រ សុភាព