ការទទួលទានរបបអាហារប្រចាំថ្ងៃពិតជាមានឥទ្ធិពលខ្លាំងណាស់ចំពោះការអភិវឌ្ឍរូបរាងកាយរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីអាហារូបត្ថម្ភការទទួលភេសជ្ជៈក៏បានដើរតួនាទីសំខាន់ផងដែរ តួយ៉ាងភេសជ្ជៈ៨ប្រភេទនេះ អាចធ្វើឱ្យយើងលូតកម្ពស់បានដោយពុំចាំបាច់ប្រើថ្នាំឡើយ។ ជាក់ស្ដែងផ្អែកតាមការឱ្យដឹងពីប្រភពHowtogrowtallerបានឱ្យដឹងថា ភេសជ្ជៈ៨ប្រភេទទាំងនោះរួមមាន៖
ទឹក ៖ ទឹកគឺជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតនៅក្នុងរាងកាយ ហើយជាជម្រើសដ៏ល្អបំផុតវាមានសារៈសំខាន់ចំពោះសុខភាព និងចាំបាច់សម្រាប់ដំណើរការអភិវឌ្ឍន៍ជាច្រើននៅក្នុងរាងកាយ។ ការខះជាតិទឹកនឹងបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន និងផលវិបាកដល់សុខភាពរបស់អ្នកតាមវិធីជាច្រើន ធ្វើឱ្យមុខងារខួរក្បាលថយចុះ ទល់លាមក ឬអស់កម្លាំងជាដើម។
ទឹកដោះគោ៖ ទឹកដោះគោ គឺភេសជ្ជៈពេញនិយមបំផុតក្នុងចំណោមភេសជ្ជៈសុខភាពល្អ ដែលវាអាចបង្កើនកម្ពស់សម្រាប់កុមារ និងក្មេងជំទង់។ ផ្អែកតាមប្រភពTimesofindia ទឹកដោះគោមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា កាល់ស្យូម ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ។ ក្នុងចំណោមសារធាតុចិញ្ចឹមសំខាន់ៗ កាល់ស្យូម ដែលជួយឱ្យឆ្អឹងលូតលាស់កាន់តែរឹងមាំនិងវែង ត្រូវបានរកឃើញច្រើននៅក្នុងទឹកដោះគោ។ បន្ថែមពីនោះប្រូតេអ៊ីននៅក្នុងទឹកដោះគោជួយបង្កើនរបាំងសាច់ដុំ និងការលូតលាស់រាងកាយ។
ចេកក្រឡុក៖ ទឹកក្រឡុកចេកគឺជាភេសជ្ជៈដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដោយវាអាចជួយឱ្យអ្នកលូតកម្ពស់បានយ៉ាងពិតប្រាកដ។ ភេសជ្ជៈប្រភេទនេះមានជាតិកាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម និងបាក់តេរីល្អ(probiotic) វាក៏បានជួយបន្សាបជាតិសូដ្យូម និងជួយរក្សាកំហាប់កាល់ស្យូមនៅក្នុងឆ្អឹងផងដែរ។
ទឹកក្រូច៖ ផ្លែក្រូច គឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីនC ជាវីតាមីនចាំបាច់សម្រាប់ការលូតលាស់កម្ពស់របស់អ្នក។ វាមានតួនាទីពង្រឹងជាលិកាឆ្អឹង បង្កើនចរាចរឈាម និងបង្កើនការលូតលាស់រាងកាយឱ្យកាន់តែមានភាពប្រសើរឡើង។
ទឹកត្របែក៖ ផ្លែត្របែកគឺជាប្រភេទអាហារដែលសម្បូរទៅដោយវីតាមីន D និងវីតាមីន C ដែលវាជួយដល់ការលូតលាស់កម្ពស់ និងការលូតលាស់រាងកាយយ៉ាងខ្លាំង។ វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយក និងបញ្ជូនកាល់ស្យូមទៅឆ្អឹង និងធ្មេញរបស់អ្នក។ ហើយចំណុចដែលអ្នកមិនត្រូវមើលរំលងនោះរាល់ពេលដែលអ្នកយកវាទៅកិន អ្នកគួរតែកុំចិតសំបកចេញព្រោះសំបកនេះវាមានផ្ទុកនូវវីតាមីនC ផងដែរ។
ទឹកដូង៖ ទឹកដូងធម្មតាផ្តល់សារធាតុចិញ្ចឹមជាច្រើនសម្រាប់ការលូតលាស់ដូចជា វីតាមីន C ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ការលូតលាស់កម្ពស់។ វាជាភេសជ្ជៈដ៏ល្អមួយដើម្បីផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នក។ បើទោះបីជាវាមានកាឡូរី និងជាតិស្ករក៏ដោយ ប៉ុន្តែវានៅតែជម្រើសល្អសម្រាប់សុខភាព បើប្រៀបធៀបទៅនឹងភេសជ្ជៈសូដា ឬភេសជ្ជៈដែលមានជាតិស្ករផ្សេងទៀត។
ទឹកក្រឡុកបៃតង៖ ភេសជ្ជៈបៃតងគឺភេសជ្ជៈដ៏ពេញនិយមបំផុតនៅប៉ែកអឺរ៉ុប វាត្រូវបានធ្វើឡើងពីបន្លែធម្មជាតិមួយចំនួនដូចជា ស្ពៃ ខាត់ណា ផ្លែប៊័រជាដើម។ ពួកវាអាចត្រូវបានលាយបញ្ចូលគ្នានៅក្នុងទឹកដោះគោឆៅ ម្សៅកាកាវជាដើម។ ស្ពៃខ្មៅសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដ៏មានតម្លៃជាច្រើន ជាតិសរសៃ ម៉ាញ៉េស្យូម កាល់ស្យូម ជាដើម ដែលទាំងអស់នេះរួមចំណែកដល់ការលូតលាស់ឆ្អឹងរឹងមាំ និងមានសុខភាពល្អ។ វាក៏ផ្ទុកនូវបរិមាណវីតាមីនD ខ្ពស់ផងដែរ។
តែរុក្ខជាតិ៖ តែរុក្ខជាតិ ត្រូវបានគេដឹងថាមានអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការបង្កើនកម្ពស់បានល្អបំផុត។ រុក្ខជាតិដែលយើងអាចច្នៃយកទៅធ្វើតែនោះរួមមាន ស្លឹកគ្រៃ ជីអង្កាម ផ្កាខាត់ណាខៀវជាដើម។
ជារួមភេសជ្ជៈធម្មជាតិទាំងនេះ សុទ្ធតែងាយស្រួលរក និងមានគុណប្រយោជន៍ច្រើនដល់សុខភាព ក្នុងវ័យលូតលាស់គួរទទួលទានឱ្យបានច្រើន ជាពិសេសកូនៗរបស់អ្នក៕
អត្ថបទដោយ៖ ស្រីណុច