ភេសជ្ជៈមានច្រើនប្រភេទ តើអ្នកដឹងថាភេសជ្ជៈអ្វីខ្លះជួយសុខភាពថ្លើម ជួយឱ្យថ្លើមរីករាយ ជួយនាំថ្លើមបឺតជាតិពុលចេញពីខ្លួន ជួយបន្សុទ្ធឈាមបានល្អ? គឺមានមិនច្រើននោះទេ ក៏ព្រោះតែភេសជ្ជៈដែលមនុស្សមួយចំនួនផឹករាល់ថ្ងៃ គឺមិនបានជួយដល់ថ្លើមទេ មានតែធ្វើឱ្យថ្លើមរលាក ថ្លើមក្រិន ខ្លាញ់រុំថ្លើម សុខភាពថ្លើមកាន់តែអាក្រក់ជាងមុនទៅទៀត មានន័យថាបើមិនផឹកល្អជាង។
ចងចាំថា បើអ្នកចង់បានថ្លើមមានសុខភាពល្អ អ្នកគួរតែរកប្រភេទភេសជ្ជៈទាំងនេះផឹក និងយកប្រភេទភេសជ្ជៈមានជាតិស្ករលើសកំណត់ មានជាតិអាល់កុលចេញពីអ្នក នោះ សុខភាពថ្លើមអ្នកនិងមានអាយុកាលយូរ មិនងាយក្រិន មិនងាយរលាក មិនងាយខ្លាញ់រុំថ្លើមកើតឡើងទាំងវ័យក្មេង។
ផ្សារភ្ជាប់ជាមួយ អត្ថប្រយោជន៍របស់ភេសជ្ជៈប៉ូវថ្លើម ដោយយោងតាមរយៈគេហទំព័រ webmd ណែនាំភេសជ្ជៈ៣មុខ អ្នកចូលចិត្តផឹកមួយណា អាចជ្រើសរើសផឹកបានតាមចំណូលចិត្តដើម្បីជួយសុខភាពថ្លើម កុំតែផឹកភេសជ្ជៈបំផ្លាញថ្លើមថែមទៅគ្រប់គ្រាន់ហើយ។
ខាងក្រោមនេះជាភេសជ្ជៈ៣មុខជាប់ឈ្មោះស្ដារជីវិតថ្លើមឱ្យស្រស់បំព្រង គ្មានជំងឺរំខានមកយាយី
-ទី១ប្រភេទតែបៃតង៖ អ្នកអាចជ្រើសរើសប្រភេទ តែបៃតងដែលអ្នកចូលចិត្តមកផឹក បញ្ជាក់មិនមែន ប្រភេទតែបៃតងដាក់ទឹកដោះគោ ដាក់ទឹកកកឡើយ ។តែបៃតងប្រភេទនេះមិនជួយសុខភាពថ្លើមទេ តែជាប្រភេទតែបៃតងក្តៅៗគ្មានជាតិស្ករ ក្នុងតែបៃតងនេះមានផ្ទុកសារធាតុ catechins ជាសារធាតុជួយការពារកាជំងឺមហារីកថ្លើម។
-ទី២ កាហ្វេ៖ ការសិក្សាបានបង្ហាញថាការផឹកកាហ្វេ១ថ្ងៃ១ទៅ២កែវ អាចជួយកាត់បន្ថយការរលាកនៃថ្លើម ដោយសារខ្លាញ់រុំថ្លើម បង្កមកពីមនុស្សមានទម្លាប់ផឹកស្រាជាប្រចាំ រួមទាំងមានរបបអាហារប្រចាំថ្ងៃមិនល្អ ជាពិសេសការផឹកកាហ្វេ ជួយការពារជំងឺមហារីកថ្លើមផងដែរ។
-ទី៣ទឹកការ៉ុត៖ យោងតាមរយៈការសិក្សា របស់អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានជាតិអាហារូបត្ថម្ភ Jamia Osmania ទីក្រុង Hyderabad ប្រទេសឥណ្ឌា បានសិក្សារកឃើញថា ការទទួលទានទឹកការ៉ុត អាចជួយកាត់បន្ថយខ្លាញ់រុំថ្លើម ជាតិពុលក្នុងថ្លើមបាន។
គូសបញ្ជាក់ឱ្យដឹងថា ភេសជ្ជៈ៣ប្រភេទនេះមិនមែន ជាប្រភេទស្ដេចភេសជ្ជៈផឹកភ្លាមៗជួយថ្លើមបានភ្លាមនោះទេ តែបើអ្នកផឹកត្រឹមត្រូវជាប្រចាំ ហើយកាត់បន្ថយប្រភេទភេសជ្ជៈបំផ្លាញថ្លើម នោះនឹងមានប្រសិទ្ធភាពខ្ពស់ ជួយតោងជំងឺចេញពីថ្លើម ៕
អត្ថបទដោយ៖ ប៉ែត ធីតា

