ដង្កូវឌួង ដង្កូវដូង ឬ Sago Worm គឺជាប្រភេទសត្វល្អិតមួយប្រភេទ ត្រូវបានគេយកមកធ្វើជាអាហារសម្រាប់ញ៉ាំលេង ដែលវាពេញនិយមខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី វៀតណាម ប៉ាពួញូហ្គីណេ និងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ជាច្រើនទៀតរួមមាន ថៃ និងកម្ពុជា ផងដែរ។ សត្វល្អិតមួយប្រភេទនេះ ភាគច្រើនរស់នៅតាមគល់ត្នោត ឬគល់ដូងដែលងាប់ៗ ហើយមកទល់នាពេលបច្ចុប្បន្ន ដង្កូវឌួងក៏ត្រូវបានចាប់យកធ្វើជារបបអាជីពចិញ្ចឹមលក់ និងផ្គត់ផ្គង់ក្នុងទីផ្សារ រកប្រាក់ចំណូលបានច្រើនមិនធម្មតាចេញពីការលក់ចែកចាយ។
យ៉ាងណាមិញ កត្តាដែលជម្រុញឱ្យមនុស្សម្នាមួយចំនួនធំទទួលទាននូវប្រភេទសត្វល្អិតនេះ វាមិនមែនមកពីរសជាតិឆ្ងាញ់តែ១មុខនោះទេ បើក្រឡេកមើលពីវីតាមីនដែលមាននៅក្នុងខ្លួនវាវិញត្រូវបានក្រុមអ្នកជំនាញ រកឃើញប្រភពប្រូតេអ៊ីនដែលសម្បូរទៅដោយ អាស៊ីដអាមីណូ ប្រេងល្អ កាបូអ៊ីដ្រាត សារធាតុរ៉ែ រួមទាំងមានផ្ទុកនូវជាតិសរសៃ ហ្វៃប៊ឺថែមទៀតផង នេះបើយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ healthguide.ng។
ជាងនេះទៅទៀតក្នុងស្រាវជ្រាវមួយឆ្នាំ ២០១១ បានបញ្ជាក់ថា ដង្កូវឌួង គឺជាប្រភពជីវជាតិសម្បូរបែបមានដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ស័ង្កសី ជាតិដែក ប៉ូតាស្យូម ផូស្វ័រ អាស៊ីតខ្លាញ់ លីពីត ជាតិសរសៃហ្វៃប៊ឺកាបូអ៊ីដ្រាត និងផ្ទុកនូវអាស៊ីតខ្លាញ់ដូចជាអាស៊ីត palmitic និងអាស៊ីត stearic ដែលសុទ្ធសឹងតែប្រភេទប្រូតេអ៊ីនជំនួយដល់សុខភាពរាង្គកាយ។ ជាក់ស្តែងតាមរយៈការវិភាគសមាសធាតុអាហារូបត្ថម្ភរបស់ដង្កូវឌួងក្នុងទម្ងន់ ១០០ ក្រាម គេសង្កេតឃើញថាមាន៖
១. ប្រូតេអ៊ីន ២៥,៨ក្រាម
២. ខ្លាញ់ ៣៥,៥ក្រាម
៣. Ash ២.១ក្រាម
៤. កាបូអ៊ីដ្រាត ៣៣,២ ក្រាម
៥. ថាមពល (kcal) ៥៨៣
បន្ថែមនឹងកម្រិតប្រូតេអ៊ីនមាននៅក្នុងដង្កូវដួងដែលបានរៀបរាប់ខាងលើនេះ នឹងជួយដល់សរីរាង្គរបស់យើងដូចជា៖
១. ល្អសម្រាប់ការរំលាយអាហារ៖ ជាតិសរសៃហ្វៃប៊ឺដែលមាននៅក្នុងដង្កូវឌួងជួយក្នុងការរំលាយអាហារដែលការពារហានិភ័យនៃការទល់លាមក និងហើមពោះ។
២. ពង្រឹងឆ្អឹង និងធ្មេញ៖ ដង្កូវឌួងសម្បូរទៅដោយជាតិរ៉ែ ដូចជាកាល់ស្យូម និងម៉ាញ៉េស្យូម ដែលជួយការពារ ពង្រឹងដល់ឆ្អឹង និងធ្មេញ។
៣. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម៖ ដង្កូវឌួង បានក្លាយជាជម្រើសអាហារដែលមានសុខភាពល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាមានជាតិស្ករទាប ហើយអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។
៤. ប្រយុទ្ធប្រឆាំងនឹងបាក់តេរី៖ ការសិក្សាផ្នែកវេជ្ជសាស្រ្តបានបង្ហាញថាប្រូតេអ៊ីននៅក្នុងដង្កូវឌួងផ្តល់នូវរបាំងការពារប្រឆាំងនឹងអតិសុខុមប្រាណ ដោយសារតែវាសម្បូរទៅដោយ សារជាតិដែក និងស័ង្កសី។
៥. ជួយជួសជុលជាលិការដែលខូច៖ ដង្កូវឌូងមានផ្ទុកប្រូតេអ៊ីនខ្ពស់ដូចជាស៊ុតដែរ វាមានសមត្ថភាពជួយជុលជាលិការដែលខូចហើយបណ្តុះនូវជាលិកាថ្មី។ តាមរយៈការសិក្សាឆ្នាំ ២០១៧ បានធ្វើការវិភាគលើប្រូតេអ៊ីនរបស់ដង្កូវឌួងបង្ហាញថា បរិមាណប្រូតេអ៊ីនដែលមាននៅក្នុងដង្កូវមួយប្រភេទនេះ អាចចូលជួយបំពេញជាលិកាដែលកំពុងខ្វះ ឬខូចខាតក្នុងសរីរាង្គ។ មិនតែប៉ុណ្ណោះក៏មានការសិក្សាផ្សេងទៀតបានស្តែងឱ្យឃើញថា អាស៊ីតអាមីណូ អាស៊ីត palmitic និងអាស៊ីត stearic និងក្រុមប្រូតេអ៊ីនផ្សេងទៀត សុទ្ធសឹងតែមាននៅក្នុងសារធាតុដែលក្រុមហ៊ុនឱសថជាច្រើនប្រើដើម្បីផលិតឱសថ៕

