ការចាក់វ៉ាក់ស៊ាំងពិតជាមធ្យោបាយដ៏ល្អមួយក្នុងចំណោមមធ្យោបាយផ្សេងៗទៀតដើម្បីបង្ការកុំឱ្យឆ្លងវីរុសកូវីដ១៩ដែលបំប្លែងខ្លួនឥតឈប់ឈរ។ ទូទាំងពិភពលោក ប្រទេសខ្លះទើបតែបានចាក់វ៉ាក់ស៊ាំង២ដូស ប្រទេសខ្លះចាក់បាន៣ដូស ហើយប្រទេសខ្លះទៀតបានចាក់ដូសទី៤រួចរាល់ និងបន្តសិក្សាចាក់ដូសទី៥បន្ថែមទៀត ខណៈប្រសិទ្ធភាពនិងរយៈពេលដូសទី៤អាចនឹងអស់ប្រសិទ្ធភាព។
យោងតាមការឱ្យដឹងរបស់កាសែតបាងកកផុស នៅថ្ងៃទី៨ ខែមេសានេះ ក្រសួងសាធារណៈការកំពុងសិក្សាថាតើរយៈពេលនៃប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំក្រោយចាក់វ៉ាក់ស៊ាំងលើកទី៤ នឹងមានរយៈពេលយូរប៉ុណ្ណា ហើយថាតើត្រូវការព័ត៌មានសំខាន់ៗ អ្វីខ្លះទៀតមុនពេលសម្រេចថា តើពេលណាត្រូវចាក់វ៉ាក់ស៊ាំងលើកទី៥បន្ថែម។
វេជ្ជបណ្ឌិត Opas Karnkawinpong បាននិយាយថា “យើងនៅកំពុងប្រមូលទិន្នន័យដែលបានរកឃើញនៅក្នុងការធ្វើតេស្តឈាម ដើម្បីមើលថាតើប្រព័ន្ធភាពស៊ាំក្រោយចាក់ដូសទី៣ និងទី៤នៅមានកម្រិតណា។” ជាមួយគ្នានេះ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានប្រាប់ថា “អ្នកដែលមិនទាន់បានចាក់ដូសទៅ៤ គួរតែធ្វើភ្លាមទៅ។”
ការចាក់វ៉ាក់ស៊ាំងបានគ្រប់ចំនួនពីរដូស ត្រូវបានរកឃើញនៅក្នុងការសិក្សាមុនៗថាមានប្រសិទ្ធភាពជាង ៥ ទៅ ៦ ដងច្រើនជាងការមិនបានចាក់វ៉ាក់ស៊ាំងទាល់តែសោះ ក្នុងការការពារការស្លាប់ពីវីរុស។ ខណៈដែលដូសជម្រុញ ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពជាង ៣០ទៅ ៤០ដងក្នុងការបង្ការហានិភ័យពីការស្លាប់។ ដូចនេះ ឥលូវវាគយរតែដល់ពេលសិក្សាហើយថាពេលណាត្រូវចាក់វ៉ាក់ស៊ាំងដូសទី៥បន្ថែមទៀត ដើម្បីបន្តការពារជីវិតពីវីរុសកូវីដ១៩បំប្លែងខ្លួនបន្តបន្ទាប់៕
រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ