ក្មេងដែលកំពុងតែពេញលូតលាស់ របបអាហារសម្រាប់ពួកគេគឺសំខាន់បំផុត ដើម្បីជួយឱ្យរាងកាយ ខួរក្បាលលូតលាស់ល្អ។ បើឪពុកម្ដាយចង់ឱ្យ កូនមានសុខភាពល្អ ខួរក្បាលឆ្លាត ឆ្អឹងរឹងមាំរបបអាហារទាំង៥ខាងក្រោមនេះ អាចជួយឱ្យកូនៗរបស់លោកអ្នកមានសុខភាពមាំមួន។
នេះបើយោងតាមរយៈគេហទំព័រ healthmug គេបានបញ្ជាក់ឱ្យដឹងថា ប្រសិនណាឪពុកម្ដាយចង់ឱ្យកូនឆ្លាត គួរតែពិនិត្យមើលរបបអាហារឱ្យកូនៗរបស់អ្នកជាមុនសិន ព្រោះក្មេងត្រូវការការលូតលាស់ច្រើនណាស់ បើកាលណាអាហារមិនគ្រប់គ្រាន់ពួកគេក៏គ្មានថាមពល គ្មានកម្លាំង ឬក៏មិនសូវអភិវឌ្ឃខួរក្បាល ឆ្អឹងនិងផ្នែកផ្សេងៗទៀតនៃរាងកាយឱ្យល្អផងដែរ។
អាហារទាំងនោះមានដូចជា៖
១.ទឹកដោះគោ៖ ជាការពិតណាស់ នៅក្នុងទឹកដោះគោសម្បូរដោយ វីតាមីនដេ កាល់ស្យូម ផូស្វរ វីតាមីនបេ៦ វីតាមីនបេ១២ ដែលវាចាំបាច់បំផុតសម្រាប់កុមារ ដល់ការលូតលាស់ឆ្អឹង ធ្មេញ ក្រចកឱ្យរឹងមាំ។ បែបនេះហើយម៉ាក់ប៉ាគួរតែផ្ដល់ទឹកដោះគោឱ្យកូន បើបានគ្រប់២ឆ្នាំគឺកាន់តែល្អ បើអាចផ្ដល់ជាប្រភេទទឹកដោះគោគ្មានខ្លាញ់ឱ្យបន្ថែមទៀតកាន់តែល្អ បន្ទាប់ពីអ្នកផ្ដាច់ដោះកូន។ ព្រោះទឹកដោះគោអាចជួយឱ្យឆ្អឹងរបស់ក្មេងលូតលាស់ល្អ បង្ការបញ្ហាតឿ ទាបឡើងមក។
២.ស៊ុត៖ គឺមានប្រយោជន៍ដល់ការអភិវឍ្ឍខួរក្បាលកុមារ និងផ្ដល់ជាថាមពលដល់ពួកគេ ព្រោះស៊ុតសម្បូរដោយ វីតាមីនបេ១២ អាស៊ីតខ្លាញ់ អូមេហ្កា៣ ស័ង្កសី ជាតិដែក ដែលសុទ្ធតែមានអត្ថប្រយោជន៍ល្អបំផុតសម្រាប់ការលូតលាស់របស់ក្មេង។ ចំពោះ ការញុំា អ្នកអាចផ្ដល់ ស៊ុតច្រើនដងក្នុង១សប្ដាហ៍សម្រាប់ជាអាហារពេលព្រឹកដល់កូនលោកអ្នកគឺសំខាន់ ល្អដល់សុខភាពរបស់ពួកគេ។
៣.ត្រី៖ ឪពុកម្ដាយ យ៉ាងយោចណាស់ គួរតែផ្ដល់របបអាហារដែលមានត្រី ឱ្យកូនៗលោកអ្នក២ដងក្នុងមួយសប្ដាហ៍ដែរ។ ព្រោះក្នុងត្រីសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលល្អសម្រាប់ការលូតលាស់ផ្នែកខួរក្បាល ភ្នែក និងសុខភាពរបស់បេះដូងផងដែរ។ ម្យ៉ាងវិញទៀតត្រីក៏មានផ្ទុកនូវអាស៊ីតខ្លាញ់ទាប វីតាមីនបេ រួមទាំងសារធាតុរ៉ែសំខាន់ៗទៀតជួយដល់ការលូតលាស់របស់កុមារ
៤.សណ្ដែក៖ ប្រភពដដែលក៏បានបន្ដថា សណ្ដែកគឺមានប្រយោជន៍បំផុតសម្រាប់ក្មេងកំពុងតែលូតលាស់ ព្រោះសណ្ដែកមានផ្ទុកដោយ កាល់ស្យូម សរសៃ ជាតិដែក និងវីតាមីន B ដែលញុំាទៅធ្វើឱ្យក្មេងមានថាមពល ស្វាហាប់ មានកម្លាំងកំហែង ជំនួយដល់សុខភាពរបស់បេះដូងក្មេង រួមទាំងមានប្រយោជន៍ល្អសម្រាប់ការពារជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងៗផងដែរ។
៥.ខាត់ណាខៀវ៖ គឺល្អសម្រាប់សុខភាពរបស់កូនៗលោកអ្នកព្រោះជាប្រភពនៃជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ស័ង្កសី និងអាស៊ីតហ្វូលិក ដែលជួយដល់សុខភាពភ្នែករបស់កូនអ្នកឱ្យល្អជម្រុញការលូតលាស់ កូនៗរបស់អ្នក រួមទាំងការពារការខូតខាតកោសិកាក្នុងរាងកាយ។
ជាចុងក្រោយ របបអាហារទាំង៥នេះ អាចជួយដល់ការលូតលាស់ ឆ្អឹង ខួរក្បាល រួមទាំងផ្នែកផ្សេងៗទៀតនៃរាងកាយដល់ក្មេងកំពុងលូតលាស់។ គឺធ្វើឱ្យក្មេងឆាប់ធំ មានសុខភាពល្អ ឆ្លាត រាងកាយមាំមួន៕
អត្ថបទដោយ៖ ប៉ែត ធីតា