អាហារ
មៀនខ្មែរថែសុខភាព! អត្ថប្រយោជន៍ផ្លែមៀន ជួយជីវិតអ្នកទទួលទានជៀសឆ្ងាយពីជំងឺជាង១៣មុខ
Pheakdey Pao
August 23 2021
4.8 K views

រដូវកាលខែផ្លែមៀន សម្បូរហូរហៀរ កសិកប្រជានាំគ្នាលក់ក្នុងតម្លៃធូរថ្លៃ តើប្រិយមិត្តអ្នកអានប្រុសស្រីបានជាវទុកទទួលទានហើយឬនៅ? មកទល់ពេលបច្ចុប្បន្ន វត្តមានផ្លែមៀនកំពុងដាក់ចរាចរពាសពេញទីផ្សារ និងនៅគ្រប់បណ្ដាតំបន់ទាំងនៃព្រះរាជាណាចក្រកម្ពុជា។ ហើយថ្ងៃនេះផងដែរ Healthy Cambodia នឹងលើកយកនូវគុណប្រយោជន៍ដ៏មានតម្លៃនៃផ្លែមៀនខ្មែរ ដែលជួយដល់សុខភាពរបស់មនុស្សនូវគ្រប់ស្រទាប់វ័យ ឱ្យទទួលបាននូវសុខភាពល្អ និងជៀសឆ្ងាយពីជំងឺទាំងពួង៖

១. បង្កើនប្រព័ន្ធភាពស៊ាំ៖ យោងតាមប្រភព boldsky.com ផ្លែមៀន ជាប្រភពដ៏ល្អនៃវីតាមីន C ដែលជាអង់ទីអុកស៊ីដង់រលាយក្នុងទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ការពារជំងឺផ្សេងៗ និងមានសមត្ថភាពខ្លាំងក្លាក្នុងការជួយការពាររាងកាយពីផលអាក្រក់នៃរ៉ាឌីកាល់សេរី។

២. ប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ៖ សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ក្នុងផ្លែមៀន ជួយប្រឆាំងរ៉ាឌីកាល់សេរីដែលអាចបំផ្លាញកោសិការបស់រាងកាយ និងនាំឱ្យមានជំងឺរ៉ាំរ៉ៃ ថែមទាំងជួយជួសជុលកោសិកាខូចខាតផងដែរ។

៣. ទ្រទ្រង់ដំណើរការរំលាយអាហារ៖ ផ្លែមៀន មានជាតិសរសៃជួយដោះស្រាយបញ្ហាបន្ទោរបង់ និងសម្រួលដល់ចលនាពោះវៀនឱ្យមានដំណើរការបានត្រឹមត្រូវ។ លើសពីនេះទៅទៀត វាក៏ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អមិនបង្កររោគផ្សេងៗទៀតដូចជា ទល់លាមក រាក​ ឈឺពោះ ហើមពោះ និងរមួលក្រពើ។

៤. កាត់បន្ថយការរលាក៖ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាកដែលជួយក្នុងការព្យាបាលរបួស និងផ្សះមុខរបួស។

៥. ដោះស្រាយបញ្ហានៃការគេងមិនលក់៖ នៅក្នុងឱសថបុរាណចិនផ្លែមៀនត្រូវបានគេប្រើសម្រាប់ព្យាបាលការគេងមិនលក់។

៦. ជួយបង្កើនការចងចាំ៖ ការសិក្សាលើផ្នែកអាហារូបត្ថម្ភបង្ហាញដែរថា ផ្លែមៀនអាចជួយបង្កើនសមត្ថភាពខួរក្បាល និងការចងចាំតាមរយៈការបង្កើនអត្រានៃកោសិកាខួរក្បាល។

៧. បង្កើនចំណង់ផ្លូវភេទ៖ នៅក្នុងឱសថបុរាណចិនផ្លែមៀនក្រៀម ត្រូវបានគេប្រើដើម្បីបង្កើនចំណង់ផ្លូវភេទទាំងបុរសនិងស្ត្រី។

៨. បំបាត់ការថប់បារម្ភ៖ ជំងឺសុខភាពផ្លូវចិត្តដែលត្រូវបានកំណត់ទៅលើអ្នកមានអារម្មណ៍ឆាប់ព្រួយបារម្ភ ឬភ័យខ្លាចខ្លាំង ជាការណែនាំយ៉ាងល្អពីក្រុមវេជ្ជបណ្ឌិត បានជ្រើសយកផ្លែមៀនធ្វើជាវីតាមីនបន្ថែមសម្រាប់គ្រប់គ្រាន់អារម្មណ៍។

៩. សម្រកទម្ងន់៖ ការទទួលទានផ្លែមៀន អាចជួយសម្រកទម្ងន់ បានដោយសារកាឡូរីទាប។ ការសិក្សាឆ្នាំ ២០១៩ ដែលបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិស្រាវជ្រាវរុក្ខជាតិជាឱសថ បានបង្ហាញថាផ្លែមៀន អាចជួយបំបាត់ចំណង់អាហារ និងជម្រុញការសម្រកទម្ងន់។

១០. គ្រប់គ្រងសម្ពាធឈាម៖ វត្តមានប៉ូតាស្យូមនៅក្នុងផ្លែឈើ១មុខនេះ អាចជួយគ្រប់គ្រងសម្ពាធឈាមដោយ ប៉ូតាស្យូមធ្វើការ បន្ធូរភាពតានតឹងនៅក្នុងជញ្ជាំងសរសៃឈាមដែលជួយបន្ថយសម្ពាធឈាម។

១១. ការពារភាពស្លេកស្លាំង៖ នៅក្នុងការដកស្រង់ពីក្បួនឱសថបុរាណចិន គេប្រើផ្លែមៀន ដើម្បីព្យាបាលភាពស្លេកស្លាំងដោយសារតែរុក្ខជាតិនេះមានជាតិដែក អាចជួយជម្រុញការផលិតកោសិកាឈាមក្រហមនិងបង្កើនចរន្តឈាម។

១២. គ្រប់គ្រងជំងឺមហារីក៖ វត្តមាននៃសមាសធាតុប៉ូលីហ្វេណុលនៅក្នុងផ្លែមៀន អាចជួយការពារការវិវត្តនៃជំងឺមហារីក។

១៣. ជួយពង្រឹងសុខភាពស្បែក៖ ផ្លែមៀន សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយផ្តល់ឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ។ វាផ្ទុកបរិមាណវីតាមីន C ល្អដែលមានប្រសិទ្ធភាពកាត់បន្ថយការខូចខាតអុកស៊ីតកម្មលើស្បែកនិងជម្រុញការបង្កើតកូឡាជែន។

បន្ថែមជាមួយនឹងគុណប្រយោជន៍ជាច្រើននេះ ផ្លែមៀនក៏មានតម្លៃធូរថ្លៃផងដែរ ហើយកំពុងតែទាមទារការជ្រោមជ្រែងពីសំណាក់បងប្អូនប្រជាជនកម្ពុជា។ ព្រោះថា ប្រសិនបើបងប្អូនក្រឡេកទៅមើលទីផ្សារផ្លែឈើក្នុងស្រុកនាសព្វថ្ងៃនេះ ផ្លែមៀនកំពុងតែដើរទីផ្សារទាំងពិបាកដោយសារ វិបត្តិកូវីដ១៩នៅតែបន្តអុកឡុកទីផ្សារសកលដើរដល់ដំណាក់កាលផ្អាកសកម្មភាពនាំទំនិញចេញចូលមួយចំនួនធំ។ អាស្រ័យហេតុនេះ ដើម្បីចូលរួមចំណែកក្នុងការជួយកសិករកម្ពុជា និងរួមគ្នាថែសុខភាពនាសម័យកូវីដ១៩ កុំភ្លេចជួយជាវយកមៀនខ្មែរយកទៅពិសារដែលមានលក់នៅតាមបណ្ដាទីផ្សារក្នុងប្រទេសកម្ពុជា ក្នុងទិសដៅពាក្យមួយឃ្លា «កម្ពុជាជួយគ្នាក្នុងគ្រាលំបាក» ៕ 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia