យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ម៉ៅ ដានី បានប្រាប់មកក្រុមការងារចាបបៃតង ទាក់ទងនឹងបញ្ហារលាកទ្វារមាសរបស់ស្រ្តី ដែលការរលាកទ្វារមាសនេះ បើទុកយូរស្រ្តី មិនព្រមមកឆែកសុខភាពឱ្យបានត្រឹមត្រូវ រលាកខ្លាំងទៅៗគឺងាយប្រឈមជាមួយជំងឺមហារីកមិនខាន ហើយកាលណាកើតមហារីកហើយ អាចគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិតមិនខានឡើយ។
តួយ៉ាងវេជ្ជបណ្ឌិត ម៉ៅ ដានី បានប្រាប់បន្តមកថាជំងឺរលាកទ្វារមាសនេះ គឺបង្កមកពី ពពួកបាក់តេរី ពពួកផ្សិត ជំងឺកាមរោគ ការខ្វះអនាម័យ ក្នុងការរស់នៅជាប្រចាំថ្ងៃ ដូចជា ពេលរួមភេទហើយមិនបានសម្អាតទ្វារមាសឱ្យបានត្រឹមត្រូវ រស់នៅគ្មានអនាម័យទាំងការងូតទឹកសម្អាតខ្លួន តាមជនបទមិនមានអនាម័យចងពុងទៅងូតទឹក ដូច្នេះមិនអាចសម្អាតមេរោគចេញ ពីខ្លួនអស់ កត្តាញុំាអាហារគ្មានមូលដ្ឋានត្រឹមត្រូវអាហារខ្វះអនាម័យ និងកត្តាមិនដែលទម្លាក់ព្រូនទាល់តែសោះ កត្តាខ្វះអនាម័យទាំងនេះហើយនាំឱ្យទ្វារមាសស្រ្តី រមាស់ ចេញផ្សិត ធ្លាក់ស យូរទៅៗរលាកទ្វារមាសកើតឡើង។
ចំពោះវិធីការពារការរលាកទ្វារមាសចៀសវាងបង្កជាផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តី៖ វេជ្ជបណ្ឌិត ម៉ៅ ដានីបាន បន្ដថា ដើម្បីការពារ ការរមាស់ រលាកទ្វារមាស ការពារសុខភាព ស្ត្រីគ្រប់រូបគួរតែព្យាយាមទៅពិនិត្យសុខភាពទ្វារមាសឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ៦ខែ ទៅ១ឆ្នាំម្ដង ហើយមុនបត់ដៃបត់ជើងត្រូវមើលបង្គន់ស្អាតឬអត់ ចាំប្រើប្រាស់ ពេលបត់ជើងហើយត្រូវសម្អាត ទ្វារមាសឱ្យបានត្រឹមត្រូវ ដោយ ជូតសម្អាតពីមុខទៅក្រោយឱ្យបានស្ងួតល្អ ដើម្បីចៀសវាងការឆ្លងរោគចូលទ្វារមាសបានងូតទឹកលាងសម្អាតទ្វារមាសដោយប្រើទឹកហ្នឹង ប្រសិនណាមានលទ្ធភាព ប្រើប្រាស់ទឹកអនាម័យក៏ល្អដូចគ្នា តែមុនប្រើត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុខសិនព្រោះទឹកអនាម័យស្រ្តីមិនអាចប្រើប្រាស់បានដូចគ្នាឡើយ។
ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា គ្រប់ស្រ្តីទាំងអស់គឺងាយប្រឈមរលាកទ្វារមាស ធ្លាក់សផ្សិត ដូចគ្នា មិនថានៅលីវ ឬមានស្វាមីឡើយដូច្នេះស្រ្តីដែលនៅ លីវ ក៏គួរយកចិត្តទុកដាក់ថែរក្សាទ្វារមាសដូចគ្នាមិនចាំបាច់មានប្ដីនោះទេ។ ចូលដល់ការធ្លាក់សនេះវិញ វេជ្ជបណ្ឌិតបានរៀបរាប់ពន្យល់ថា ការធ្លាក់សខ្លះ គឺជាការធ្លាក់សបែបធម្មជាតិ មិនមានជាបញ្ហា អ្វីឡើយកុំច្រឡំថាបញ្ហាទៅផ្សំថ្នាំលេប ថ្នាំលាបផ្ដេសផ្ដាស ក៏បណ្ដាលឱ្យស្ងួតទ្វារមាសខ្លាំង បង្កជាផលប៉ះពាល់ដល់សុខភាពទ្វារមាសវិញមិនខាន ។
គូសបញ្ជាក់ផងដែរថា រោគសញ្ញារលាកទ្វារមាស មិនបានបញ្ចេញឱ្យដឹងនោះទេ គ្រានើតែដឹងថាការរលាកនេះ បង្កមកពីផ្សិតរុំារ៉ៃ ដូច្នេះប្រសិនណា ស្រ្តីមានអាការ រមាស់ ក្រហាយ ធ្លាក់សហើយគួរតែប្រយ័ត្ន ព្រោះកាលណាចេញជាអាការនេះហើយ បង្ហាញថា ទ្វារមាសកំពុងមានបញ្ហារលាក៕

អត្ថបទដោយ៖ ប៉ែត ធីតា

