រូបភាព៖ The Strait Times
ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកើតឡើងនៅក្នុងកោសិកានៃក្រពេញទីរ៉ូអ៊ីតដែលជាក្រពេញមានរាងដូចមេអំបៅដែលមានទីតាំងស្ថិតនៅត្រង់ក ចំពីក្រោមបំពង់សំលេង និងនៅខាងមុខបំពង់ខ្យល់។ វាផលិតអរម៉ូនទីរ៉ូអ៊ីត និងអរម៉ូនកាលស៊ីតូនីនដែលមានមុខងារជាអ្នកផលិតអរម៉ូនដែលគ្រប់គ្រងចង្វាក់បេះដូង សម្ពាធឈាម សីតុណ្ហភាពរាងកាយ និងទម្ងន់។ មហារីកក្រពេញទីរ៉ូអ៊ីតប្រហែលជាមិនបង្កឱ្យមានរោគសញ្ញាអ្វីឡើយ ក្នុងដំណាក់កាលដំបូងៗ។ ប៉ុន្តែនៅពេលវាលូតលាស់ វាអាចបណ្តាលឱ្យឈឺចាប់ និងហើមនៅករបស់អ្នក។ ឡើងកូនកណ្តុរ ឫដុំពកនៅកអាចជាសញ្ញានៃជំងឺមហារីកក្រពេញទីរ៉ូអុីត។
ថ្វីត្បិតអ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញច្បាស់ទេថាតើមូលហេតុអ្វីបណ្តាលឱ្យមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត តែគេដឹងថាមហារីកក្រពេញទីរ៉ូអ៊ីតកើតឡើងនៅពេលកោសិកាក្នុងក្រពេញទីរ៉ូអ៊ីតឆ្លងកាត់ការផ្លាស់ប្តូរហ្សែន ដែលអនុញ្ញាតឱ្យកោសិការីកលូតលាស់ និងស្វ័យគុណយ៉ាងឆាប់រហ័ស ដែលយូរៗទៅធ្វើឱ្យកោសិកាធម្មតាដែលមានសុខភាពស្លាប់ និងកោសិកាក្រពេញទីរ៉ូអ៊ីតមិនធម្មតា (កោសិកាមហារីក) ដែលកកកុញបង្កើតបានជាដុំមហារីក ហើយលុកលុយជាលិកាក្បែរៗ និងអាចរាលដាល (មេតាសាស) ទៅផ្នែកផ្សេងទៀតនៃរាងកាយ។
ប្រភេទមហារីកក្រពេញទីរ៉ូអ៊ីតមានច្រើនប្រភេទ។ ខ្លះលូតលាស់យឺតណាស់ ហើយខ្លះទៀតអាចឈ្លានពានវិវត្តខ្លួនបានយ៉ាងរហ័យ។ បើទោះបីជាអត្រាមហារីកក្រពេញទីរ៉ូអ៊ីតហាក់ដូចជាកំពុងតែកើនឡើង តែករណីមហារីកក្រពេញទីរ៉ូអ៊ីតភាគច្រើនអាចព្យាបាលបានដោយការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
ប្រភេទនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត
ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតត្រូវបានចាត់ថ្នាក់ជាប្រភេទផ្សេងៗគ្នា ដោយផ្អែកលើប្រភេទកោសិកាដែលមាននៅក្នុងដុំសាច់ដែលអាចពិនិត្យក្រោមមីក្រូទស្សន៍ សម្រាប់ពិចារណាក្នុងការកំណត់ការព្យាបាលនិងការព្យាករណ៍ស្ថានភាពជំងឺ។
យោងតាមគេហទំព័រ Parathyroid.com ប្រភេទនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតរួមមាន៖
1.Papillary thyroid cancer (PTC) (80%)
Papillary thyroid cancer (PTC) ជាទម្រង់ទូទៅបំផុតនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកើតឡើងពីកោសិកា follicular ដែលផលិត និងរក្សាទុកអរម៉ូនទីរ៉ូអ៊ីត។ PTC អាចកើតមាននៅគ្រប់វ័យ ប៉ុន្តែភាគច្រើនវាប៉ះពាល់ដល់មនុស្សដែលមានអាយុពី ៣០ ទៅ ៥០ ឆ្នាំ។
2.Follicular thyroid cancer (FTC) (10%)
Follicular thyroid cancer (FTC) កើតឡើងពីកោសិកានៃក្រពេញទីរ៉ូអ៊ីត។ វាច្រើនតែជះឥទ្ធិពលដល់មនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំ។ FTC គឺជាប្រភេទមហារីកក្រពេញទីរ៉ូអ៊ីតដែលកម្រ និងមានរោគសញ្ញាខ្លាំងជាង។
3.Anaplastic thyroid cancer (ATC) (2%)
Anaplastic thyroid cancer (ATC) គឺជាប្រភេទមួយដ៏កម្រនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលចាប់ផ្តើមនៅក្នុងកោសិកានៃក្រពេញទីរ៉ូអ៊ីត។ វាលូតលាស់យ៉ាងឆាប់រហ័ស ហើយពិបាកព្យាបាលណាស់។ ATC ជាទូទៅ កើតឡើងចំពោះមនុស្សពេញវ័យដែលមានអាយុលើសពី ៦០ ឆ្នាំ។
4.Medullary thyroid cancer (MTC) (2%)
Medullary thyroid cancer (MTC) ចាប់ផ្តើមនៅក្នុងកោសិកាទីរ៉ូអ៊ីត ហៅថាកោសិកា C ដែលផលិតអរម៉ូន calcitonin។ ការកើនឡើងកម្រិតជាតិកាល់ស្យូមនៅក្នុងឈាមអាចបង្ហាញពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនៅដំណាក់កាលដំបូង។
5.Anaplastic (1%)
Anaplastic ជាប្រភេទមហារីកដ៏កម្របំផុតផ្សេងទៀតដែលចាប់ផ្តើមនៅក្នុងក្រពេញទីរ៉ូអ៊ីតរួមមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលចាប់ផ្តើមនៅក្នុងកោសិកាប្រព័ន្ធភាពស៊ាំនៃក្រពេញទីរ៉ូអ៊ីត និងក្រពេញទីរ៉ូអ៊ីតដែលចាប់ផ្តើមនៅក្នុងកោសិកាជាលិកាភ្ជាប់នៃក្រពេញទីរ៉ូអ៊ីត។
កត្តាហានិភ័យ
កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតរួមមាន៖
- ភេទស្រី
- ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកើតឡើងជាញឹកញាប់លើស្ត្រីជាងបុរស។
- ការប៉ះពាល់នឹងកម្រិតវិទ្យុសកម្មខ្ពស់
- ការព្យាបាលដោយប្រើកាំរស្មីដើម្បីព្យាបាលនៅបរិវេនក្បាល នឹងបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។
- ហ្សែន
- រោគសញ្ញាហ្សែនដែលបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតរួមមាន៖
- ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតជាលក្ខណៈគ្រួសារ
- គ្រួសារមានប្រវត្តិកើតជំងឺមហារីក neoplasia endocrine ច្រើន
- រោគសញ្ញា Cowden's និង polyposis adenomatous ក្នុងគ្រួសារ។
ផលវិបាក
មហារីកក្រពេញទីរ៉ូអ៊ីតអាចត្រឡប់មកវិញ ទោះបីជាមានការព្យាបាល ឫទោះបីអ្នកបានកាត់ក្រពេញទីរ៉ូអ៊ីតចេញក៏ដោយ។ បញ្ហានេះអាចកើតឡើងប្រសិនបើកោសិកាមហារីកមីក្រូទស្សន៍រីករាលដាលហួសពីក្រពេញទីរ៉ូអ៊ីតមុនពេលវាត្រូវបានយកចេញ។
មហារីកក្រពេញទីរ៉ូអ៊ីតអាចកើតមានឡើងវិញនៅក្នុង៖
- កូនកណ្តុរនៅក
- បំណែកតូចៗនៃជាលិកាទីរ៉ូអ៊ីតបានបន្សល់ទុកក្នុងពេលវះកាត់
- តំបន់ផ្សេងទៀតនៃរាងកាយដូចជាសួតនិងឆ្អឹង។
តែជាដំណឹងល្អ ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលកើតឡើងម្តងទៀតអាចព្យាបាលបាន។ គ្រូពេទ្យអាចណែនាំឱ្យធ្វើតេស្តឈាមតាមកាលកំណត់ ឬស្កែនទីរ៉ូអ៊ីតដើម្បីពិនិត្យរកមើលរោគសញ្ញានៃការកើតមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត៕
ដោយ ហៃ សុចិន្តា
ប្រភព Mayo Clinic & Parathyroid.com
ទទួលបានព័ត៌មាន និងចំណេះដឹងសំខាន់ៗអំពីសុខភាពតាមរយៈ Healthy Cambodia