ខែត្រជាក់ ធ្លាក់ខ្យល់ មនុស្សម្នាធ្លាក់ខ្លួនឈឺ ក្តៅខ្លួន ក្អក កណ្តាស់ ដែលអាចជាសញ្ញានៃជំងឺផ្តាសាយ។ ប៉ុន្តែអ្នកជំនាញបានបកស្រាយថា វីរុសកើតមានជាប្រចាំថ្ងៃទាំងថ្មីទាំងចាស់ មិនមែនឱ្យតែមានសញ្ញាទាំងនេះ សុទ្ធតែផ្តាសាយទាំងអស់នោះទេ រោគសញ្ញាអាចស្រដៀងគ្នា តែអ្នកអាចមានជំងឺភ្សេងក្រៅពីផ្តាសាយដែលត្រូវយកចិត្តទុក្ខដាក់ខ្ពស់បំផុត។ នៅក្នុងអត្ថបទនេះយើងនឹងធ្វើការបែងចែក នូវរោគសញ្ញាជំងឺផ្តាសាយ និងជំងឺឆ្លងផ្សេងៗទៀតដែលមានលក្ខណៈស្រដៀងគ្នា ដើម្បីឱ្យបងប្អូនងាយស្រួលយល់និងការពារខ្លួន។
វេជ្ជបណ្ឌិត Charu Dutta Arora ជាគ្រូពេទ្យពិគ្រោះយោបល់ និងឯកទេសជំងឺឆ្លងនៅ Amerihome Healthcare និងមន្ទីរពេទ្យ Asian បានពន្យល់ឱ្យដឹងនៅក្នុងHealthshotថា ជំងឺផ្តាសាយអាចបណ្តាលឱ្យមានរោគសញ្ញាដូចជាគ្រុនក្តៅ ឈឺបំពង់ក ញ័រ ញាក់ ឈឺសាច់ដុំ ក្អក កកស្ទះ ហៀរសំបោរ ឈឺក្បាល និងហត់នឿយ។ ករណីខ្លះអាចមានការក្អួត និងរាគបន្ថែមទៀត។ ប៉ុន្តែវេជ្ជបណ្ឌិតបានពន្យល់បន្ថែមថា អ្នកអាចមានជំងឺផ្សេង ប្រសិនអ្នកមានរោគសញ្ញានៃជំងឺដូចខាងក្រោម។
កូវីដ១៩: ជំងឺកូវីដ១៩គឺជាជំងឺឆ្លងមួយប្រភេទដែលបងប្អូនបានស្គាល់រួចមកហើយ វាកើតឡើងតាំងពីឆ្នាំ២០១៩មកម្លេះ។ ទោះបីជាកូវីដ១៩បានធូរស្បើយ មិនរាតត្បាតខ្លាំងដូចពីមុន អ្នកក៏មិនគួរមើលស្រាលនៃឥទ្ធិពលរបស់វាលើសុខភាពដែរ។ វាមានអាការដូចជាផ្តាសាយ ប៉ុន្តែបន្ថែមនូវអាការក្តៅខ្លួនខ្លាំងជាង, ឈឺក្បាលខ្លាំងជាង, បាត់បង់ក្លិននិងរសជាតិអាហារ។ ហេតុនេះ បើមានសញ្ញាបែបនេះ គប្បីតេស្តរហ័សសាកល្បងដើម្បីប្រាកដចិត្តថាមិនឆ្លងកូវីដ១៩ ឬឆ្លងប្រញាប់ព្យាបាលឱ្យទាន់ពេល។
ឆ្លងបាត់តេរី pharyngitis: បាត់តេរី១ប្រភេទនេះឆ្លងតាមខ្យល់ ខណៈរោគសញ្ញាស្ទើរតែស្រដៀងទៅនឹងជំងឺផ្តាសាយ ការឆ្លងមេរោគនេះចូលទៅបំពង់ក និង tonsils អាចបណ្តាលឱ្យមានកូនកណ្តុរហើម ចំណុចក្រហមនៅខាងក្នុងមាត់ និងគ្រុនក្តៅខ្លាំង។ ប៉ុន្តែវាមិនតឹងច្រមុះ ដូចផ្តាសាយឡើយ។

ការរលាកសួត: ការឆ្លងមេរោគបាក់តេរី, មេរោគផ្សិតធ្ងន់ធ្ងរ ឬជំងឺរលាកសួត គឺជាផលវិបាកទូទៅមានសញ្ញាស្រដៀងនឹងជំងឺផ្តាសាយ។ អ្នកអាចគ្រុនក្តៅយូរ ក្អកជាប់ៗគ្នា និងឈឺទ្រូង ដែលនេះជាលក្ខណៈ នៃការឆ្លងមេរោគរលាកសួត។ បន្ថែមពីនេះអ្នកជំងឺអាចមានដង្ហើមខ្លី ឬកម្រិតអុកស៊ីសែនក្នុងឈាមមិនគ្រប់គ្រាន់។
រលាកទងសួត: ការរលាកផ្លូវដង្ហើម ឬរលាកទងសួត មានលក្ខណៈស្រដៀងគ្នានឹងជំងឺគ្រុន ដូចជាក្អក តឹងច្រមុះ និងឈឺបំពង់ក។ ទោះជាយ៉ាងណាក៏ដោយ ជំងឺរលាកទងសួតអាចបណ្តាលមកពីអាឡែស៊ី ឬការបំពុលផ្សេងៗ។ ដូចគ្នានេះផងដែរ ការក្អកក្នុងករណីរលាកទងសួតអាចអូសបន្លាយជាច្រើនសប្តាហ៍ ហើយអាចត្រូវការថ្នាំស្តេរ៉ូអ៊ីតទើបអាចព្យាបាលបាន។ ដូចនេះបើកត់សម្គាល់ឃើញខ្លួនឯង ក្អកលើសជាប់ដល់សប្តាហ៍គប្បីរកពេទ្យដើម្បីពិគ្រោះជំងឺ។
ឆ្លងមេរោគបំពង់ ក /រលាកបំពង់ ក: ជំងឺនេះមានរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយ ដែលអាការនឹងចេញមករួមជាមួយនឹងការមានកូនកណ្តុរហើម កន្ទួល អស់កម្លាំងខ្លាំង និងហើមប៉ោងត្រង់ក ដែលសុទ្ធតែជាសញ្ញាសម្គាល់ហើយគប្បីទៅពេទ្យដើម្បីព្យាបាល។
ជំងឺរលាកស្រោមខួរក្បាល: បញ្ហារលាកស្រោមខួរក្បាល (ស្រទាប់ជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង) អាចបង្កឡើងដោយមេរោគ ឬបាក់តេរី មានរោគសញ្ញាដែលចាប់ផ្តើមដូចនឹងជំងឺផ្តាសាយ ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរឹងក ឈឺក្បាលខ្លាំង គ្រុនក្តៅខ្លាំង ក្អួត ប្រតិកម្មទៅនឹងពន្លឺ និងសំឡេង និងការភាន់ច្រលំ។ សូមរមឹ្លកផងដែរថា នេះជាជំងឺធ្ងន់ធ្ងរដែលមានអត្រាមរណៈខ្ពស់ដែលត្រូវប្រុងប្រយ័ត្នមែនទែន។
ជំងឺទាំងអស់ខាងលើនេះ មានរោគសញ្ញាស្រដៀងនឹងផ្តាសាយ ហេតុនេះប្រសិនបើបងប្អូនមានរោគសញ្ញាស្ថិតក្នុងជំងឺណា១ដែលសង្ស័យ គប្បីទៅពេទ្យពិនិត្យឱ្យបានលឿនបំផុត។ កុំគ្រាន់តែទិញថ្នាំលេបតាមឱសថស្ថាន ត្រូវទៅរកពេទ្យដើម្បីវិនិច្ឆ័យរោគសញ្ញា រួចចាំយកវេជ្ជបញ្ជារបស់ពេទ្យទៅរកថ្នាំ។ ការពារប្រសើរជាងព្យាបាល រកឃើញជំងឺលឿន ព្យាបាលក៏ឆាប់ជា។ ខែត្រជាក់មនុស្សឈឺច្រើន សូមមើលថែសុខភាពឱ្យបានល្អណា៎ ផឹកទឹកក្តៅ ហាត់ប្រាណ គេងឱ្យគ្រប់ ញ៉ាំអាហារមានតុល្យភាពនោះទើបសុខភាពអ្នករឹងមាំ៕
អត្ថបទដោយ៖ កញ្ញា លីហួយ

