យោងតាមការឱ្យដឹងពីសារព័ត៌មានអន្តរជាតិ CNA នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រទេសឥណ្ឌូនេស៊ីរកឃើញ និងផ្អាកដំណើរការក្រុមហ៊ុនថ្នាំពេទ្យ២ដែលបានប្រើប្រាស់សារធាតុគីមីលើសកម្រិតនៅក្នុងស៊ីរ៉ូក្អក ដែលអាចបង្កឱ្យមានបញ្ហាសុខភាព ជាពិសេសនាំទៅរកបញ្ហារបួសតម្រងនោមស្រួចស្រាវ។ លើសពីនេះ សារធាតុគីមីទាំងនេះក៏បានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារជិត២០០នាក់ កន្លងមកផងដែរ។
ប្រទេសនៅអាស៊ីអាគ្នេយ៍ បានហាមឃាត់ការលក់ថ្នាំដែលមានលក្ខណៈជាស៊ីរ៉ូជាបណ្តោះអាសន្ននៅក្នុងខែតុលា បន្ទាប់ពីបានរកឃើញវត្តមាននៅក្នុងផលិតផលថ្នាំពេទ្យមួយចំនួននោះមានផ្ទុកសារធាតុគីមីដែលមានឈ្មោះថា ethylene glycol និង diethylene glycol ដែលជាកត្តាដែលអាចបង្កឱ្យមានជំងឺលើអ្នកប្រើប្រាស់។ សារធាតុផ្សំទាំង២នេះ ត្រូវបានគេប្រើប្រាស់នៅក្នុងសារធាតុប្រឆាំងការកក និងឧស្សាហកម្មផ្សេងទៀត ខណៈវាជាជម្រើសថោកជាងជម្រើសសារធាតុផ្សំផ្សេងៗទៀតដែលអាចប្រើក្នុងស៊ីរ៉ូក្អកបាន។ សារធាតុទាំង២នេះអាចពុល និងនាំឱ្យមានរបួសតម្រងនោមស្រួចស្រាវ។
ជាមួយគ្នានេះ Penny K. Lukito ប្រធានទីភ្នាក់ងារអាហារ និងឱសថ (BPOM) បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុន - PT Samco Farma និង PT Ciubros Farma បានប្រើអេទីឡែន glycol និង diethylene glycol កម្រិតខ្ពស់នៅក្នុងផលិតផលរបស់ពួកគេ។ ហេតុនេះ ក្រុមហ៊ុននានាត្រូវបានបញ្ជាឱ្យទាញផលិតផលមកវិញ និងបំផ្លាញផលិតផលដែលនៅសេសសល់ ហើយក្រុមហ៊ុននេះក៏ត្រូវបានដកហូតអាជ្ញាប័ណ្ណផលិតរបស់ពួកគេជាបណ្ដោះអាសន្នផងដែរ។
សូមបញ្ជាក់បន្ថែមផងដែរថា ប្រទេសឥណ្ឌូនេស៊ីបាននឹងកំពុងស៊ើបអង្កេតការស្លាប់នៅក្នុងការពិគ្រោះយោបល់ជាមួយអង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីឧប្បត្តិហេតុស្រដៀងគ្នានេះនៅក្នុងប្រទេសហ្គាំប៊ីក្នុងឆ្នាំនេះ ដែលបានឃើញការស្លាប់យ៉ាងហោចណាស់ ៧០នាក់ទាក់ទងនឹងថ្នាំស៊ីរ៉ូ ដែលផលិតដោយឱសថ Maidenរបស់ប្រទេសឥណ្ឌា៕
អត្ថបទដោយ៖ កញ្ញា លីហួយ