សម្រាប់បងប្អូនមានបញ្ហាភ្នែកម្ញូប អាចមានឱកាសមើលឃើញច្បាស់ឡើងវិញ ដូចមនុស្សធម្មតា ដោយមិនបាច់ប្រើវ៉ែនតា ឬឡែនជំនួយ ដោយគ្រាន់តែធ្វើការបាញ់ Lasik ដែលចំណាយពេលត្រឹម៣ទី៥នាទី។ តើអ្វីទៅជា Lasik ?
Laser In Situ Keratomileusis(Lasik) ជាការវះកាត់ដោយបើកកញ្ចក់ភ្នែក និង ប្រើឡាស៊ែរបាញ់ទៅលើប្រស្រីភ្នែករបស់យើងដោយចំណាយពេលវះកាត់ត្រឹមតែ ៣-៥នាទីប៉ុណ្ណោះ អាស្រ័យលើសុខភាពភ្នែកម្នាក់ៗ នេះបើតាមការឱ្យដឹងពីគេហទំព័ររបស់មន្ទីរពេទ្យYanhee។ តាមការរំលែកផ្ទាល់ពីអ្នកដែលបានទទួលសេវាកម្មនេះ អ្នកនាង សៅ រតនា ក៏ធ្លាប់បានប្រាប់ចាបបៃតងថា ភ្នែករបស់អ្នកនាងម្ញូបម្ខាង ៤៧៥ដឺក្រេ និងម្ខាងទៀត ៤២៥ដឺក្រេ បន្ទាប់ពីបាញ់ LASIK ហើយ ភ្នែកក៏ធ្លាក់មកនៅ០ដឺក្រេវិញ ហើយអាចមើលបានភ្លឺច្បាស់ភ្លាមៗ ក្រោយវះកាត់រយៈពេល១ថ្ងៃ និងកាន់តែឃើញច្បាស់ក្រោយរយៈពេល ១សប្តាហ៍។
មុននឹងធ្វើការប្រើសេវាកម្មព្យាបាលភ្នែកម្ញូបនេះបាន ត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
យោងតាមគេហទំព័ររបស់មន្ទីរពេទ្យ Yanhee ដដែល បានឱ្យដឹងថា មុននឹងមានប្រើសេវាកម្មនេះបានមានលក្ខខណ្ឌដូចជា៖
-អ្នកជំងឺមានអាយុចាប់ពី ១៨ដល់អាយុ ៥០ ឆ្នាំ
- ត្រូវពិនិត្យដឺក្រេម៉ាញ៉ូបភ្នែក
- វាស់សម្ពាធកែវភ្នែក
- ត្រួតពិនិត្យកញ្ចក់ភ្នែក
- វាស់ភាពកោងកញ្ចក់ភ្នែកទាំងមុខនិងក្រោយ
- ពិនិត្យកម្រាស់កញ្ចក់ភ្នែក
- វិភាគសភាពខ្សែភ្នែកនិងវាស់បរិមាណទឹកភ្នែក
ជារួមមក ប្រសិនបើខាងមន្ទីរពេទ្យពិនិត្យរួចមិនមានបញ្ហាអ្វី ត្រឹមត្រូវតាមលក្ខខណ្ឌ ហើយកញ្ចក់ភ្នែកមិនស្ដើង គឺអាចប្រើប្រាស់សេវាកម្មបាញ់ Lasik ឱ្យភ្នែកភ្លឺឡើងវិញ ដូចបានកើតថ្មីនេះបាន។ ក្រោយពីបាញ់រួច អាចមើលឃើញច្បាស់វិញបានពី៥ឆ្នាំទៅ៣០ឆ្នាំ ឬមួយជីវិត អាស្រ័យលើការថែទាំងសុខភាពភ្នែករបស់បុគ្គលម្នាក់ៗ។ សម្រាប់បងប្អូនដែលចង់បានភ្នែកភ្លឺច្បាស់ឡើងវិញ អាចប្រឹក្សាជាមួយគ្រូពេទ្យជំនាញឬមន្ទីរពេទ្យណាមួយដែលមានសេវាកម្មនេះ និងពិនិត្យសុខភាពភ្នែកឱ្យបានត្រឹមត្រូវជាមុនផងដែរ៕

