ជំងឺ
ប៉ាម៉ាក់កុំប្រហែស! កុមារអាយុ១២ឆ្នាំឡើងងាយខ្សោយ&ខូចតម្រងនោមបំផុត បើមានទម្លាប់បែបនេះ
Mourn Kunthea
February 9 2023
426 views

ជំងឺតម្រងនោមគឺជាជំងឺធ្ងន់ធ្ងរ ប្រសិនបើកើត មិនថាមនុស្សពេញវ័យ មនុស្សចាស់ឬកុមារទេ គឺចាំបាច់ត្រូវការលាងឈាមរាល់សប្តាហ៍ រាល់ខែ ករណីធ្ងន់ធ្ងរគឺឈានទៅដល់ការផ្លាស់ប្តូរតម្រងនោមថ្មីដែលគ្រោះថ្នាក់ ហើយត្រូវចំណាយថវិកាច្រើនថែមទៀតផង។

ជាការពិតណាស់ កន្លងមកជឿថាប្រជាជនខ្មែរយើងភាគច្រើនមិនសូវបានដឹងច្បាស់អំពីជំងឺតម្រងនោមចំពោះកុមារនោះទេ ភាគច្រើនដឹងតែថាជំងឺខូចតម្រងនោម ឬខ្សោយតម្រងនោមកើតតែទៅលើមនុស្សពេញវ័យ មនុស្សចាស់ ដែលមានទម្លាប់ ផឹកទឹកតិច អង្គុយច្រើន ញ៉ាំអាហារមិនបានត្រឹមត្រូវ ញ៉ាំវីតាមីនឬថ្នាំសម្រកគីឡូខុសបច្ចេកទេស លើសជាតិពុល...ទើបបណ្តាលឱ្យខូចតម្រងនោម។

ដោយឡែកបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ NIH បានបញ្ជាក់ឱ្យដឹងថា ជំងឺខូចតម្រងនោមមិនមែនកើតតែចំពោះមនុស្សពេញវ័យ និងមនុស្សចាស់នោះទេ កុមារក៏ប្រឈមមុខខ្លាំងដែរ ជាពិសេសគឺកុមារី។ វេជ្ជបណ្ឌិតមកពី មូនិធិ IPNA foundation បាននិយាយថា បច្ចុប្បន្ន មនុស្ស ៧៥០ លាននាក់នៅទូទាំងពិភពលោកត្រូវបានរងផលប៉ះពាល់ដោយជំងឺតម្រងនោម ហើយមនុស្សជាច្រើនជាកុមារ។ កុមារីដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅគឺប្រឈមមុខទៅនឹងការខ្សោយនិងខូចតម្រងនោមធ្ងន់ធ្ងរ។ ប៉ាម៉ាក់ត្រូវតាមដានសុខភាពកូន ប្រសិនបើកូនៗមានអាការ ថយចុះចំណង់អាហារ ​អស់កម្លាំង គ្រុន សម្ពាធ​ឈាម​ខ្ពស់ រមាស់ស្បែក ក្អួត ចុះ​ទម្ងន់ នោមញឹក ហើមដៃជើង ទឹកនោមប្រែពណ៌ ទឹកនោមពពុះច្រើន...ជាដើមនេះជាសញ្ញាបញ្ជាក់ថាកូនរបស់អ្នកកំពុងមានបញ្ហាតម្រងនោមហើយ។

មូលហេតុចម្បងមួយចំនួនដែលបណ្តាលឱ្យកុមារឈានទៅដល់ដំណាក់កាលខ្សោយឬខូចតម្រងនោមទាំងវ័យក្មេងគឺមកពី៖

១. ញ៉ាំអាហារលើសជាតិប្រូតេអ៊ីន៖ ប្រូតេអ៊ីនដែលផ្ទុកនៅក្នុងអាហារផ្សេងៗគឺមានសារសំខាន់សម្រាប់សុខភាពកុមារ ជួយឱ្យកុមារសុខភាពល្អ រឹងមាំ លូតលាស់បានល្អទាំងឆ្អឹងនិងរាងកាយ។ ទន្ទឹមនឹងគុណប្រយោជន៍ ប្រូតេអ៊ីនអាចវាយលុកទៅលើតម្រងនោមកុមារបានលឿនបំផុត ប្រសិនបើរាងកាយកុមារលើសជាតិប្រូតេអ៊ីនខ្លាំង។ ដូច្នេះឪពុកត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារកូន។

២. ផឹកទឹកផ្ទុកជាតិរ៉ែ៖ ជាធម្មតាកុមារមិនសូវបានធ្វើការឬបញ្ចេញសកម្មភាពអ្វីច្រើនដែលធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកនោះទេ ដូច្នេះប្រសិនជាប៉ាម៉ាក់ព្យាយាមឱ្យកូនបរិភោគទឹករ៉ែជាប្រចាំរាល់ថ្ងៃនោះ អាចធ្វើឱ្យរាងកាយកូនលើសសារធាតុខនិជអាចប៉ះពាល់ដល់តម្រងនោមបាន ងាយខូចតម្រងនោមបាន។

៣. ញ៉ាំវីតាមីនលើស៖ គ្រប់វីតាមីនទាំងអស់ ជាពិសេសគឺវីតាមីនD គឺមានគុណប្រយោជន៍ច្រើនចំពោះកុមារ។ វីតាមីនD មាននាទីជួយឱ្យឆ្អឹងកុមារលូតលាស់បានល្អ ជំនួយសុខភាព ឱ្យកុមារលូតលាស់បាន។ ស្របជាមួយគ្នានេះដែរ ប្រសិនបើរាងកាយកុមារលើសជាតិវីតាមីន D គឺងាយខូចតម្រងនោមបំផុត។ ដូច្នេះឪពុកម្តាយ មុនឱ្យកូនៗញ៉ាំវីតាមីន គួរពិគ្រោះយោបល់ និងពិនិត្យសុខភាពកូនឱ្យបានច្បាស់ កុំចេះតែឱ្យញ៉ាំ។ មួយវិញទៀត គួរបង្រៀនកូនឱ្យញ៉ាំវីតាមីន D តាមរយៈការញ៉ាំជាប្រភេទ បន្លែបៃតង ផ្លែឈើ សាច់ត្រី ជំនួយឱ្យការញ៉ាំជាប្រភេទវីតាមីនគ្រាប់។

៤. ញ៉ាំប្រូបាយអូទិកលើស៖ សារធាតុប្រូបាយអូទិក មានតួនាទីជួយសម្រួលទៅដល់សុខភាពពោះវៀនរបស់កុមារ ជំនួយប្រព័ន្ធរំលាយឱ្យដំណើរការបានល្អ ជួយសម្រួលបញ្ហាទប់លាមក។ យ៉ាងណាមិញ ឪពុកម្តាយមុននឹងឱ្យកូនៗញ៉ាំប្រូបាយអូទិកគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យឱ្យបានច្បាស់ ពីព្រោះត្បិតប្រូបាយអូទិកល្អ ប៉ុន្តែវាងាយធ្វើឱ្យខូចតម្រងនោមខ្លាំងបំផុតបើញ៉ាំមិនបានត្រឹមត្រូវ។ ជាជម្រើសល្អ បើកូនៗមានបញ្ហាទល់លាមក ពិបាកបន្ទោបង់ប៉ាម៉ាក់គួរតែឱ្យកូនញ៉ាំជាប្រភេទអាហារណាដែលផ្ទុកជាតិសរសៃច្រើនដូចជា សណ្តែក ចេក ពោត គ្រាប់ធញ្ញជាតិ ផ្លែប៉ោម...ជាដើម។

សរុបមកវិញទម្លាប់អាក្រក់ដែលនាំឱ្យកុមារប្រឈមមុខជាមួយជំងឺខូចតម្រងនោមមិនមានអ្វីឆ្ងាយពីរបបអាហារ ទឹក និងទម្លាប់រស់នៅប្រចាំថ្ងៃនោះទេ។ ច្បាស់ណាស់ថា ប៉ាម៉ាក់រូបណា ក៏ប្រាថ្នាឱ្យកូនរបស់ខ្លួនសុខភាពល្អ រឹងមាំ លូតលាស់ល្អ ឈ្នះជំងឺ ហើយប៉ាម៉ាក់តែងតែជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់កូនជានិច្ច។

ប៉ាម៉ាក់ត្រូវងាកក្រោយមកគិតបន្តិចថា របស់ខ្លះល្អខ្លាំងពេក វាអាចទៅជាបង្កបញ្ហាដល់សុខភាពកូនក៏ថាបាន។ ត្រូវចាំថា ធម្មជាតិបង្កើតបន្លែផ្លែឈើ ម្ហូបអាហារគ្រប់មុខសុទ្ធតែមានផ្ទុកសារធាតុចិញ្ចឹម វីតាមីនល្អៗនៅក្នុងនោះរួចជាស្រេច សំខាន់ស្ថិតត្រង់ថា មនុស្សចេះញ៉ាំនិងទាញប្រយោជន៍ពីអាហារទាំងអស់នោះឬអត់៕

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia