មានគីឡូធ្ងន់ ហើយចង់សម្រកគីឡូ តែចូលចិត្តញុំាអាហារច្រើនមិនចង់កាត់បន្ថយអាហារដែលខ្លួនញុំារាល់ថ្ងៃទេ នេះជាកត្តាដែលគួរឱ្យធុញទ្រាន់ជាខ្លាំងចំពោះអ្នកសម្រកគីឡូនេះ ខណៈមានអ្នកខ្លះក៏ឈប់ចង់សម្រក ព្រោះមិនអាចទប់ចិត្តមិនញុំាអាហារឆ្ញាញ់ៗ ដែលខ្លួនចូលចិត្តដូចជា មាន់បំពង សាច់គោអាំង ស៊ុប…ជាដើម។ ហើយសំណួរចោទសួរឡើងនោះថា តើមានដំណោះស្រាយសម្រាប់អ្នកចង់សម្រកទម្ងន់តែ ទម្លាប់ញុំាច្រើនបែបនេះទេ?
ជាចម្លើយនោះគឺមាន ក៏ប៉ុន្តែពួកគាត់ត្រូវផ្លាស់ប្តូររបបអាហារ ដោយងាកមកទទួលទាននូវប្រភេទអាហារមួយចំនួនដែលល្អសម្រាប់សុខភាព ដែលសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ ផ្ដល់សារធាតុចិញ្ចឹម គ្រប់គ្រាន់សម្រាប់រាងកាយហើយ អ្វីដែលកាន់តែពិសេស គឺញុំាហើយមិនឡើងគីឡូទេ មានតែធ្វើឱ្យស្រកថែម។
កត្តានេះហើយ ក្រុមការងារចាបបៃតង សូមលើកយកប្រភេទអាហារសម្រន់ប៉ុន្មានមុខ ដែលល្អបំផុតសម្រាប់អ្នកសម្រកទម្ងន់ ដោយដកស្រង់ចេញពីប្រភព insider មានដូចជា៖
១. ផ្លែប៉ោម និង ប័រសណ្ដែកដី៖ ជាទូទៅ ផ្លែប៉ោម មួយផ្លែល្មម អាចមាន ៩៥កាឡូរី ចំណែកឯប័រសណ្ដែកដីមួយស្លាបព្រាអាចមានកាឡូរី ៩៥ដូចគ្នា។ ការសិក្សាបង្ហាញថា អាហារទាំងពីរប្រភេទនេះសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន ជាអាហារសម្រន់ល្អបំផុតនៅពេលដែលឃ្លានកំឡុងពេលសម្រក ដោយញុំាទៅធ្វើឱ្យឆ្អែតបានយូរ និងកាត់បន្ថយបរិមាណទទួលទានអាហារនៅពេលបន្ទាប់។
២. ចេក និង អាល់ម៉ុន៖ ផ្លែចេក១ផ្លែអាចមាន១០៥កាឡូរី ចំពោះអាល់ម៉ុន ១ភាគ៤នៃកែវ មានរហូតដល់២០៧ កាឡូរី ។ អាហារទាំងពីរនេះ សម្បូរដោយជាតិសរសៃ ជាតិខ្លាញ់ ប្រូតេអ៊ីន និងប៉ូតាស្យូម ដែលល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ញុំាទៅជួយឱ្យមិនឡើងគីឡូថែមទាំងបំប៉នសុខភាពប្រព័ន្ធរំលាយអាហារថែមទៀត។
៣. Hummus(ទឹកជ្រលក់ធ្វើពីសណ្តែកសៀងជាមុខម្ហូបបែបមជ្ឈិមបូព៌ា) និងការ៉ុត៖ Hummus ២ស្លាបព្រា មាន៦០កាឡូរី ហើយការរ៉ុតអាចមាន៥០កាឡូរី។ អាហារទាំងពីរនេះ សម្បូរដោយប្រូតេអ៊ីន កាប៊ូអ៊ីត្រាត ញុំាទៅជួយឱ្យឆ្អែតបានយូរ ហើយជួយសម្រកគីឡូបានទៀត។
៤. ស្រ្តបឺរី និងទឹកដោះគោជូរ៖ ស្រ្តបឺរីមួយពែង មាន៥៣កាឡូរី និងទឹកដោះគោជូរមួយកែវមាន១០០កាឡូរី។ អាហារទាំងពីរនេះសម្បូរដោយប្រូតេអ៊ីន ប្រូបាយអូទិច ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយ និងដំណើរការបន្ទោបង់បានល្អ។
៥. ឈីស mozzarella និងគ្រាប់ស្វាយចន្ទី៖ ឈីស mozzarella មួយដុំ មាន៥០ កាឡូរី ចំណែកគ្រាប់ស្វាយចន្ទីមួយពែងមាន១៩៧កាឡូរី។ គ្រាប់ស្វាយចន្ទី សម្បូរដោយជាតិខ្លាញ់ ប្រូតេអ៊ីន ដែលមិនធ្វើឱ្យលើសជាតិស្ករក្នុងឈាម រីឯឈីស mozzarella មានជាតិខ្លាញ់ទាប ជួយទប់ជាតិស្ករក្នុងឈាម និងកាឡូរី ល្អក្នុងការយកធ្វើជាអាហារសម្រន់កំឡុងចន្លោះពេលព្រឹក និងរសៀល។
៦. សណ្ដែក និងស៊ុតស្ងោរ៖ សណ្ដែក ១ភាគ៤នៃពែង មានកាឡូរី១៦១កាឡូរី ស៊ុតមួយមាន៧៨កាឡូរី សម្បូរដោយ ប្រូតេអ៊ីន កាឡូរីទាប និងសារធាតុចិញ្ចឹមជួយទប់ការឃ្លានបានយ៉ាងល្អ។
ជាការពិតណាស់ អាហារទាំងអស់នេះអាចរួមចំណែកធ្វើជាអាហារសម្រន់ដ៏ល្អមួយផ្នែក ហើយមិនមែនមានតែអាហារប៉ុន្មានមុខនេះទេ ដែលអាចជួយសម្រកទម្ងន់នោះ គឺនៅមានប្រភេទអាហារបន្លែផ្លែឈើជាច្រើនទៀត។ តែក្រៅពីរបបអាហារ ការហាត់ប្រាណក៏ជាផ្នែកមួយយ៉ាងសំខាន់ដែរ ដើម្បីជួយឱ្យស្រកគីឡូបានលឿន និងធ្វើឱ្យរាងកាយមាំមួនមានសុខភាពល្អបរិបូណ៍៕
អត្ថបទដោយ៖ ប៉ែត ធីតា