ជឿថាជីវិតមនុស្សគ្រប់គ្នា គេចមិនផុតទេពី អារម្មណ៍ពិបាកចិត្ត សម្ពាធ និងវិបត្តិផ្លូវចិត្ត គ្រាន់តែថាបញ្ហាដែលមនុស្សម្នាក់ៗជួបប្រទះគឺខុសៗពីគ្នា ខ្លះបញ្ហាតូច ខ្លះបញ្ហាធំ ខ្លះដោះស្រាយទាន់ពេល ខ្លះទៀតក៏បណ្តែតបណ្តោយឱ្យចិត្តខ្លួនឯងលិចលង់ជាមួយអារម្មណ៍សម្ពាធកាន់តែជ្រៅ រហូតកើតទៅជាជំងឺស្រ្តេស ហើយជំស្រ្តេសនេះទៀតសោតបើទុកឱ្យនៅរ៉ាំរ៉ៃយូរគឺវាបំផ្លាញអាយុជីវិតមនុស្សបានលឿនបំផុត។
ជាការពិតណាស់ យោងតាមសង្ឃដីការបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះអង្គបានមានសង្ឃដីកាថា ជីវិតរបស់មនុស្សយើងម្នាក់ៗរងឥទ្ធិពលខ្លាំងពីកត្តា២យ៉ាង៖
ទីមួយ៖ រងឥទ្ធិពលពីខាងក្រៅពីអ្នកដទៃ មានន័យថា មនុស្សមួយចំនួនគាត់ស្តាប់សម្តីពីអ្នកដទៃច្រើន ជាពិសេសសម្តីអាក្រក់ចេញពីមាត់អ្នកដទៃ គាត់ចូលចិត្តសន្សំដាក់ទុកនៅក្នុងចិត្ត។ ចង់មិនចង់នៅពេលដែលគាត់ព្យាយាមប្រមូលផ្តុំរឿងមិនល្អ សម្តីមិនល្អ ពីខាងក្រៅមកទុកក្នុងចិត្តយូរៗនឹងកើតទៅជាស្អប់ខ្លួនឯង បន្ទោសខ្លួនឯងថាគ្មានចំណុចល្អ មិនស្មើនិងអ្នកដទៃ គំនិតទាំងអស់នេះហើយជាហេតុនាំឱ្យផ្លូវចិត្តបាក់ស្បាត ហើយកើតជំងឺស្រ្តេសគ្រោះថ្នាក់។
ទីពីរ៖ រងឥទ្ធិពលពីគំនិតគិតខុស មានន័យថា អ្នកខ្លះមានចិត្តស្រណែនជាមួយអ្នកដទៃ ឃើញគេមានបាន មានទ្រព្យសម្បិត្តិ មានឡានទំនើប ផ្ទះវីឡាស្កឹមស្កៃ ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ថាខ្លួនឯងមិនដល់គេ ខ្លួនឯងគ្មានប្រយោជន៍។ ក្រុមមនុស្សមួយចំនួនទៀត ឃើញអ្នកដទៃមានបានកើតចិត្តច្រណែនចងគំនុំ ព្យាបាទ បណ្តោយឱ្យចិត្តខ្លួនឯងធ្លាក់ចុះក្នុងភ្នក់ភ្លើងច្រណែន យូរៗដកមិនរួច កើតទៅជាស្រ្តេស ស្អប់ខ្លួនឯង មានអារម្មណ៍មិនស្មើអ្នកដទៃ។ សម្ពាធផ្លូវចិត្ត ស្រ្តេសក៏ចាប់ផ្តើមកើតឡើង គ្រោះថ្នាក់បំផុត។
ដូច្នេះដើម្បីចាក់វ៉ាក់សាំងផ្លូវចិត្តខ្លួនឯងឱ្យស្ងប់ ត្រជាក់ កុំឱ្យកើតស្រ្តេស អ្នកត្រូវ៖
· កាត់ផ្តាច់ខ្លួនឯងពីមនុស្សអវិជ្ជមាន៖ មានន័យថា មនុស្សដែលគិតអវិជ្ជមាន សម្តីមិនល្អដែលចេញពីមាត់អ្នកដទៃកុំយកមកទុកនៅក្នុងចិត្ត។ ត្រូវចាំមនុស្សគ្រប់គ្នា មិនមែនសុទ្ធតែមានបំណងល្អចំពោះអ្នកនោះទេ ចុះហេតុអ្វីអ្នកត្រូវយកសម្តីមនុស្សទាំងអស់នោះមកទុកក្នុងចិត្ត។
· ផ្តោតលើខ្លួនឯង៖ ផ្តល់ពេលវេលាឱ្យខ្លួនឯងបាននៅជាមួយខ្លួនឯង ធ្វើរឿងដែលអ្នកកំពុងធ្វើឱ្យល្អបំផុត ឧទាហរណ៍៖ ពេលអ្នកកំពុងញ៉ាំបាយអ្នកត្រូវផ្តោតអារម្មណ៍ទៅលើការញ៉ាំបានរបស់អ្នកតែ១មុខគត់ មិនត្រូវយកអារម្មណ៍ទៅមើលទូរស័ព្ទ ឬមើលទូរទស្សន៍នោះទេ។ ដូចគ្នាដែរ ប្រសិនជាអ្នកកំពុងមានគោលដៅ១នៅក្នុងជីវិត ដែលអ្នកកមពុងតែបោះជំហានទៅរកវា អ្នកត្រូវផ្តោតទៅលើវាឱ្យខ្លាំង កុំផ្តោតទៅលើរឿងមិនបានការ រឿងរំខានផ្សេងៗ។
· ចេះសរសើរខ្លួនឯង៖ មិនមែនមានន័យថាឱ្យអ្នកលើកសរសើរខ្លួនឯងរហូតភ្លេចពីកំហុសនោះទេ ប៉ុន្តែកំហុសដែលកន្លងហួសទោះអ្នកនៅត្រាំត្រែងជាមួយវាក៏អ្នកមិនអាចកែខៃបានដែរ។ ដូច្នេះ ត្រូវរៀនរស់ជាមួយថ្ងៃនេះ ហើយកុំបណ្តោយឱ្យកំហុសនោះកើតឡើងម្តងទៀត។ រៀនសរសើខ្លួនឯង ឧទាហរណ៍៖ ក្នុងចំណោមរឿង១០ បើអ្នកធ្វើខុស៧ធ្វើត្រូវ៣ អ្នកត្រូវចេះយករឿង៣ដែលធ្វើត្រូវនោះមកសរសើខ្លួនឯង ថាទោះជាយ៉ាងណាក៏អ្នកមានចំណុចល្អដែរ មិនមែនខុសទាំងអស់ទេ។
· កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ៖ ត្រូវចាំថាមនុស្សម្នាក់ៗមានតម្លៃរៀងៗខ្លួន តម្លៃមនុស្សមិនមែនវាស់នៅលើទ្រព្យសម្បត្តិមានប្រាក់លុយឡានផ្ទះវីឡា ប៉ុន្តែវាស់នៅលើទង្វើ វាស់នៅលើភាពស្មោះត្រង់។ ទោះជាអ្នកគ្មានទ្រព្យសម្បត្តិហូរហែដូចគេ ប៉ុន្តែមិនមែនមានន័យថាអ្នកគ្មានតម្លៃជាមនុស្សនោះទេ។ ជីវិតអ្នកនឹងមានតម្លៃកាន់តែខ្លាំងជាងមនុស្សមានទ្រព្យសម្បិត្តហូរហៀមួយចំនួននៅពេលអ្នកចេះគ្រប់គ្រាប់ ចេះទទួលយកការពិត ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជាប់ក្នុងខ្លួន។
សរុបមកវិញ៤ចំណុចខាងលើប្រៀបដូចជាវ៉ាក់ស៊ាំងដែលចាក់ការពារផ្លូវចិត្តរបស់អ្នកកុំឱ្យកើតស្រ្តេស។ ប្រសិនជាអ្នកអាចអនុវត្តចំណុចទាំង៤ខាងលើក្នុងជីវិតរបស់អ្នកបាន អ្នកគឺជាមនុស្សម្នាក់ដែលរស់នៅមានក្តីសុខបំផុត ហើយក្នុងជីវិតរបស់អ្នកគឺគ្មានថ្ងៃកើតស្រ្តេសនោះទេ។ គេហៅថាមនុស្សសុខទាំងកាយសប្បាយទាំងចិត្ត៕
អត្ថបទដោយ៖ មឿន គន្ធា

