ឈាមរដូវ ប្រែពណ៌អាចជាសញ្ញាចង់បង្ហាញពីភាពមិនប្រក្រតីណាមួយដែលកើតលើសុខភាពរបស់ស្ត្រី។ តើអ្នកធ្លាប់ដែលបានសង្កេតមើលពណ៌ឈាមរដូវរបស់អ្នកជារៀងរាល់ខែដែលឬទេ? ក្នុងអំឡុងពេលមករដូវ រាងកាយត្រូវការបញ្ចេញជាលិកា និងឈាមរដូវមកតាមមាត់ស្បូន និងទ្វារមាស។ ឈាមនៃរដូវ ប្រែពណ៌ ពីក្រហមធម្មតាទៅជាខ្មៅ ពណ៌ត្នោត ក្រហមស្រាល វាអាចអាស្រ័យលើសុខភាពរបស់ស្ត្រីនិងអាយុផងដែរ។
តើឈាមរដូវប្រែបណ៌អាចជាសញ្ញាចង់បង្ហាញអ្នកពីអ្វី? តើប្រែពណ៌បែបណាដែលអាចមានគ្រោះថ្នាក់ដល់សុខភាពបន្តពូជ ក៏ដូចជាស្បូនរបស់អ្នក? ខាងក្រោមនេះ ជាលក្ខណៈខ្លះៗដែលអ្នកគួរដឹង ប្រសិនបើឈាមរដូវរបស់អ្នកប្រែពណ៌។
១ ឈាមរដូវពណ៌ផ្កាឈូកស្រាល៖ យោងតាមប្រភពmedicalnewstoday បានឱ្យដឹងថាឈាមរដូវប្តូរទៅជាពណ៌ផ្កាឈូក អាចមកពីឈាមរដូវលាយជាមួយនឹងទឹករំអិលដែលចេញពីស្បូន។ មួយវិញអាចជាសញ្ញាបង្ហាញថាអ្នកកំពុងទទួលទានរបបអាហារមិនល្អសម្រាប់សុខភាពច្រើន ឬមកពីការព្យាយាមតមអាហារដើម្បីសម្រក់គីឡូខ្លាំងពេក និងការទទួលទានអាហារកង្វះជាតិដែក ប្រូតេអ៊ីនដែលនាំឱ្យអ្នកមានកំពុងជួបនឹងភាពស្លេកស្លាំង។ ក្នុងករណីសម្រាប់ស្រ្តីមានផ្ទៃពោះ សុខៗស្រាប់តែឃើញមកឈាមពណ៌ផ្កាឈូកចេញមក អមជាមួយនឹងការរមួលក្រពើរ ឈឺចុកចាប់ អាចជាសញ្ញាកូនរលូតនៅក្នុងផ្ទៃ គួរឆាប់ទៅពិនិត្យសុខភាព។
២ ពណ៌ខ្មៅ៖ ឈាមរដូវពណ៌ខ្មៅពេលខ្លីមាននៅថ្ងៃមករដូវដំបូងឬថ្ងៃដែលជិតអស់រដូវទៅវិញ វាអាចជាឈាមចាស់ដែលចំណាយពេលយូរហូរចេញពីស្បូនរងនៅអុកស៊ីតកម្ម ធ្វើឱ្យវាប្រែទៅជាពណ៌ខ្មៅ ត្នោត ឬក្រហមក្រម៉ៅជាដើម។ ករណីឈាមរដូវប្រែពណ៌បែបនេះ អមជាមួយនឹងមានក្លិនមិនល្អ ហើម រមាស់ទ្វារមាស ពិបាកក្នុងការនោម ឬនោមឈឺ គ្រុនក្ដី អាចជាសញ្ញាមិនល្អសម្រាប់សុខភាពស្បូន។ អាចនឹងមានបញ្ហាអ្វីមួយដែករះស្ទះមិនឱ្យឈាមរដូវរបស់អ្នកចេញមកក្រៅ ហេតុនេះគួរប្រុងប្រយ័ត្ន។
៣ ឈាមក្រហមភ្លឺ៖ ឈាមក្រហមស្រស់ ក្រហមភ្លឺអាចជាសញ្ញាធម្មតាសម្រាប់ស្រ្តីមួយចំនួនគាត់ចាប់ផ្ដើមហូរឈាមខ្មៅសិន ទើបមានឈាមក្រហម ប៉ុន្តែស្ត្រីមួយចំនួនអាចឈាមក្រហមស្រស់ពេញវដ្តរដូវរបស់គាត់តែម្ដង។ អ្វីដែលអ្នកគួរសង្កេតនោះទេ មានហូរឈាមខុសប្រក្រតីនៅចន្លោះវដ្តរដូវ ដែលវាមិនមែនជាការមករដូវ ដូចជាការហូរឈាមមុនថ្ងៃមករដូវ ការមករដូវរួចហើយ សុខៗស្រាប់តែមានឈាមហូរមកទៀត ក្នុងវដ្ដរដូវតែមួយ ឬក៏មានហូរឈាមច្រើនខុសធម្មតា ទាំងនេះអាចជាសញ្ញានៃការឆ្លងមេរោគតាមផ្លូវភេទ ឬមានការលូតលាស់ស្រទាប់ខាងក្នុងនៃស្បូនខុសធម្មតា។ ក្នុងករណីកម្រមួយចំនួនវាក៏អាចជារោគសញ្ញានៃមហារីកស្បូនផងដែរ។ មានរោគសញ្ញាមហារីមាត់ស្បូនមួយចំនួនដែលគួរចាប់អារម្មណ៍ដូចជា ឈាមរដូវច្រើនខុសធម្មតា ការមករដូវយឺតខុសធម្មតា(វដ្តរដូវជាធម្មតាពី២៣ទៅ៣៨ថ្ងៃមកម្ដង) មានទឹករំអិលក្លិនមិនល្អតាមទ្វារមាស ឈឺចាប់អាងត្រគាក ឬខ្នងផ្អែកខាងក្រោម បាត់ចំណង់អាហារ និងស្រកទម្ងន់ខុសប្រក្រតី។
ទាំងអស់នេះជាសញ្ញាដែលស្ត្រីគ្រប់រូបគួរសង្កេត ដើម្បីការពារខ្លួនពីការឆ្លងមេរោគ ឬជំងឺមហារីក ស្ត្រីគួរតែធ្វើការពិនិត្យសុខភាពមាត់ស្បូនរាល់ថ្ងៃ ចាក់វ៉ាក់សាំងការពារ និងចូលកុំខ្មាស់អៀននិងស្ទាក់ស្ទើរទៅជួបគ្រូពេទ្យប្រសិនបើសម្គាល់ឃើញថាសុខភាពរបស់ខ្លួនឯងខុសប្រក្រតី៕
អត្ថបទដោយ៖ Senghong