នរណាខ្លះមានទម្លាប់គេងស្រាតនៅពេលយប់? ប្រហែលជាធ្លាប់មកឮរួចមកហើយពីអត្ថប្រយោជន៍ខ្លះៗក្នុងការគេងស្រាត ដោយអ្នកខ្លះលើកឡើងថា ការគេងស្រាតល្អសម្រាប់សុខភាព ឆាប់គេងលក់ កាត់ស្ត្រេស ត្រជាក់ស្រួលជាដើម។ តើវាពិតដែរឬទេ ដែលគ្រាន់តែគេងស្រាតអាចជំនួយដល់សុខភាពបាន? ហើយតើការគេងស្រាតអាចមានផលប៉ះពាល់អ្វីដែរទេ?
ជាការពិតណាស់ ផ្អែកតាមការលើកឡើងពី sleepfoundation បានឱ្យដឹងថាត្បិតមិនទាន់មានការសិក្សាពីអត្ថប្រយោជន៍ដោយផ្ទាល់របស់ការគេងស្រាតចំពោះសុខភាព តែមានការសិក្សាមួយចំនួន ដែលវាផ្សារភ្ជាប់គ្នាជាមួយការគេងស្រាតជះផលវិជ្ជមានដល់សុខភាព។ ការគេងស្រាត ជួយឱ្យឆាប់គេងលក់លឿន។
រាងកាយរបស់យើងត្រូវបានគ្រប់គ្រងដោយ ចង្វាក់ circadian របស់យើង ដែលដំណើរការតាមលំនាំកំដៅ និងត្រជាក់ពេញមួយថ្ងៃ។ នៅពេលដែលយើងចាប់ផ្តើមមានអារម្មណ៍នឿយហត់នៅពេលយប់សម្រាក ការផលិតមេឡាតូនីនរបស់យើងកើនឡើង ហើយសីតុណ្ហភាពរាងកាយស្នូលរបស់យើងថយចុះ ហេតុនេះការក្តៅពេកនៅពេលយប់ រំខានដល់ដំណេក។ ដោយហេតុផលនេះ មនុស្សមួយចំនួនជឿថាការដេកអាក្រាតកាយអាចជួយឱ្យរាងកាយសម្រេចបាននូវសីតុណ្ហភាពស្នូលត្រជាក់លឿនជាងមុន និងជម្រុញឱ្យគេងលក់ស្រួល។
ជាមួយគ្នានេះផងដែរ សម្រាប់ស្ត្រីជួយជាជំនួយដល់សុខភាពទ្វារមាស ការគេងអាក្រាតអាចជួយការពារផ្សិត Candida មិនឱ្យរីកក្នុងទ្វារមាស។ ការកើនឡើងនៃ Candida បណ្តាលឱ្យមានការ ឆ្លងមេរោគផ្សិត ដែលអាចរលាកភ្នាសរំអិលនៃទ្វារមាស បណ្តាលឱ្យមានការឈឺចាប់ និងរមាស់។ ហានិភ័យនៃការឆ្លងមេរោគផ្សិតច្រើនតែកើនឡើងដោយសារ ចរន្តខ្យល់មិនគ្រប់គ្រាន់ ជាទូទៅដោយសារតែខោទ្រនាប់។ ហេតុនេះ ការមិនស្លៀកសម្លាក់បំពាក់ ឬខោទ្រនាប់តឹង នៅពេលគេងនឹងអាចជួយឱ្យទ្វារមាសមានសុខភាពល្អជាងមុន។
រីឯសម្រាប់បុរសវិញ ការគេងស្រាតជួយដល់សមត្ថភាពនៃការមានកូនរបស់បុរ ទោះបីជាវាមិនត្រូវបានសិក្សាដោយផ្ទាល់ក៏ដោយ។ ការស្រាវជ្រាវបានបង្ហាញថា ការស្លៀក ខោទ្រនាប់តឹងណែន បង្កើនសីតុណ្ហភាពនៃពងស្វាស ដែលអាចបន្ថយចំនួនមេជីវិតឈ្មោល និងបរិមាណ។ ការគេងស្រាតអាចជួយអ្នករក្សាសីតុណ្ហភាពរាងកាយរបស់អ្នកឱ្យត្រជាក់ ភាពត្រជាក់ដែលទាក់ទងនឹងការគេងអាក្រាតអាចបង្កើនសុខភាពមេជីវិតឈ្មោលបានល្អផងដែរ។
សម្រាប់អ្នកមានដៃគូ ការគេងស្រាតអាចជួយជម្រុញឱ្យអ្នកឆាប់មានកូនបានផងដែរ។ ការដេកស្រាតក្បែរដៃគូរបស់អ្នកអាចបង្កើនអារម្មណ៍នៃការបំពេញក្ដីស្រឡាញ់ ទំនាក់ទំនង រវាងគូស្នេហ៍។ ដៃគូដែលចំណាយពេលវេលាក្នុងការប៉ះស្បែកគ្នា ទំនងជាមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងតិច និងកាន់តែជិតស្និទ្ធជាមួយដៃគូរបស់ពួកគេ។ ការប៉ះពាល់ស្បែកនឹងបញ្ចេញអ័រម៉ូន Oxytocin ដែលជាអ័រម៉ូនមានអារម្មណ៍ល្អដែលលើកកម្ពស់អារម្មណ៍សុវត្ថិភាព និងសេចក្ដីស្រឡាញ់ ព្រមទាំងជួយកាត់បន្ថយការថប់បារម្ភផងដែរ។
ជារួមមក ជាសិទ្ធក្នុងការរស់នៅរបស់អ្នក ដែលអ្នកចង់គេងបែបណា ដែលងាយស្រួលឆាប់គេងលក់។ ក្នុងនោះផងដែរ ក៏មិនទាន់មានការលើកឡើងណាមួយ ពីផលប៉ះពាល់នៃការគេងស្រាតនោះឡើយ៕
អត្ថបទដោយ៖ Senghong

