ភាពស្រស់ស្អាតសម្រាប់មនុស្សស្រីគឺពិតជាសំខាន់ណាស់ តែមនុស្សស្រីមួយចំនួនស្ទើរតែគ្មានពេលគ្រប់គ្រាន់ក្នុងការមើលថែសម្រស់ខ្លួនឯង នេះដោយសារតែពួកគេមានកិច្ចការងារច្រើនជាបន្ទុក ទាំងការងារក្រៅផ្ទះ និងក្នុងផ្ទះ ដែលធ្វើឱ្យសម្រស់ពួកគេមួយចំនួនមានការប្រែប្រួលទៅជាចាស់ជាងវ័យ ហើយចាប់ផ្ដើមបាក់ទឹកចិត្ត និងគ្មានទំនុកចិត្តលើខ្លួនឯង។ យ៉ាងណាមិញគេហទំព័រ The Healthsite បានចែករំលែកថា មនុស្សស្រីទោះបីជាមានកិច្ចការងាររវល់យ៉ាងណាក៏ដោយ ក៏មិនត្រូវភ្លេចមើលថែខ្លួនឯងដែរ ត្រូវផ្ដល់ពេលសម្រាប់ខ្លួនឯង យ៉ាងហោចណាស់ការផ្តល់ពេលត្រឹម 5 ទៅ 10 នាទីក្នុងមួយថ្ងៃ ក៏អាចជួយឱ្យអ្នករក្សារូបរាង និងសម្រស់ស្អាត ទាន់សម័យ និងមានទំនុកចិត្តបានដែរ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ទាំង ៥ ដែលអាចអនុវត្តបានប្រចាំថ្ងៃ៖
១. សម្អាតមុខជារៀងរាល់ថ្ងៃ៖ ការសម្អាតគឺជាជំហានដំបូង និងសំខាន់បំផុតសម្រាប់ស្បែក។ ចំពោះមនុស្សស្រីដែលធ្វើការច្រើន ត្រូវប្រឈមជាមួយ ធូលីដី ជាតិពុល និងឧស្ម័នពុល ផ្សេងៗពេលធ្វើដំណើរទៅមកពីការងារ។ ដូច្នេះ៖ ការលាងមុខឱ្យបានស្អាតនៅពេលល្ងាចមុនចូលគេង គឺពិតជាសំខាន់ អ្នកអាច លាងមុខពីតង់ ដើម្បីយកគ្រឿង Makeup ញើស និងធូលីកខ្វក់ ចេញពីផ្ទៃមុខ។ ការជ្រើសហ្វូមលាងមុខឱ្យត្រូវជាមួយស្បែកក៏រិតតែសំខាន់ដូចគ្នា ប្រើ ហ្វូមលាងដែលមានសមាសធាតុធម្មជាតិ ដូចជា Tulsi និង Neem ដែលសមស្របសម្រាប់អាកាសធាតុក្តៅសើម។ វាជួយកម្ចាត់បាក់តេរី ការពារកន្ទួល និងផ្តល់អារម្មណ៍ស្រស់ស្រាយ។
២. ផ្តល់សំណើម និងការពារកម្តៅថ្ងៃ៖ ស្បែកស្អាតនឹងស្រស់ថ្លាបាន ទាល់តែវាទទួលបានសំណើមគ្រប់គ្រាន់ និងទទួលបានការការពារពីពន្លឺព្រះអាទិត្យ។ ដូច្នេះមិនថាអ្នកនៅកន្លែងម្លប់ ឬនៅក្រោមកម្ដៅថ្ងៃទេ កុំភ្លេចឱ្យសោះក្រែមផ្តល់សំណើម ត្រូវជ្រើសរើសក្រែមផ្ដល់សំណើមណាដែលគ្មានជាតិប្រេង សម្រាប់អាកាសធាតុក្តៅ សើម។ ហើយប្រសិនបើអ្នកធ្វើការក្រៅ ឬធ្វើដំណើរញឹកញាប់ ត្រូវប្រើឡេការពារកម្តៅថ្ងៃ (Sunscreen) ជារៀងរាល់ថ្ងៃ។ សម្រាប់ស្បែកដែលមានជាតិខ្លាញ់ ត្រូវជ្រើសរើសឡេការពារកម្តៅថ្ងៃជាប្រភេទ Gel-based ដើម្បីជៀសវាងភាពប្រេងកប់។
៣. ស្ក្រាប់ និងបិតម៉ាសឱ្យទៀងទាត់៖ ដើម្បីរក្សាស្បែកឱ្យភ្លឺថ្លា ត្រូវតែឧស្សារហ៍ជម្រុះកោសិកាស្បែកចាស់ៗចេញជាប្រចាំ។ អ្នកអាចស្ក្រាប់មុខ 2 ទៅ 3 ដងក្នុងមួយសប្តាហ៍ (សម្រាប់ស្បែកស្ងួត ប្រើត្រឹម 1 ដង) កុំឱ្យស្បែកមានការរលាក។ ការជម្រុះកោសិកាចាស់ៗចេញ នឹងជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា កាត់បន្ថយការឡើងមុន និងធ្វើឱ្យស្បែកមានសុខភាពល្អ។ ទន្ទឹមជាមួយគ្នានោះអ្នកក៏ត្រូវការបិតម៉ាសផ្ដល់សំណើមដល់ស្បែកជាប្រចាំដែរ ដើម្បីជួយផ្ដល់សារធាតុចិញ្ចឹម និងធ្វើឱ្យស្បែកស្រស់ថ្លា មានសំណើម។ ការបិតម៉ាសមុខឱ្យមានប្រសិទ្ធភាពបំផុតអ្នកអាចបិតម៉ាស ២ ដងក្នុងមួយសប្ដាហ៍។
៤. ចេះរៀបចំខ្លួនឱ្យទាក់ទាញ៖ ស្ត្រីដែលមានការងារច្រើន ពិតណាស់ថាពួកគេស្ទើរតែគ្មានពេលសម្រាប់រៀបចំខ្លួន ទោះជាយ៉ាងណាអ្នកអាចយករបស់ដែលអាចដាក់តាមខ្លួនបាន ដាក់ក្នុងកាបូបដើម្បីប្រើប្រាស់នៅពេលដែលចាំបាច់ដូចជា៖ ក្រដាសជូតសើម មានក្លិនក្រអូប ដើម្បីជួយសម្អាត និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ម្សៅផាត (Compact powder) សម្រាប់កម្ចាត់ស្បែកប្រេងនៅពេលថ្ងៃក្តៅ។ ក្រដាសជូតមាត់ អាចប្រើសំអាតប្រេង មុនពេលប្រើម្សៅ។
៥. ថែរក្សាសក់ឱ្យស្អាត៖ សក់ក៏ជាមន្តស្នេហ៍មួយរបស់មនុស្សស្រីដែរ ហើយនៅពេលអ្នកធ្វើការច្រើន ឬធ្វើដំណើរច្រើនវាក៏រងនូវឥទ្ធិពលពីធូលីដី និងសារធាតុពុលដូចជាស្បែកដែរ។ គន្លឹះក្នុងការថែរក្សាសក់ សម្រាប់សក់ធម្មតា ឬសក់ស្ងួត ត្រូវកក់សាប៊ូ 2 ដងក្នុងមួយសប្តាហ៍។ សម្រាប់សក់មានជាតិប្រេងត្រូវកក់សក់ 3 ទៅ 4 ដងក្នុងមួយសប្តាហ៍។ បន្ថែមពីនេះអ្នកអាចលាបប្រេងអូលីវម្តងក្នុងមួយសប្តាហ៍ ដើម្បីចិញ្ចឹមសសៃសក់។ ហើយចុងក្រោយអាចលាងសក់ដោយទឹកដែលមានទឹកក្រូចឆ្មា ពាក់មួកពេលធ្វើដំណើរ ដើម្បីការពារពន្លឺថ្ងៃ និងធូលី។
ឈប់យកលេសរឿងការងារច្រើនគ្មានពេលមើលថែខ្លួនទៀតទៅ អ្នកអាចស្រស់ស្អាត និងមានទំនុកចិត្ត បានដោយគ្រាន់តែចំណាយពេលតិចតួចប៉ុណ្ណោះក្នុងមួយថ្ងៃ។ ទោះជាការងាររវល់កម្រិតណាក៏ដោយ ចូរមើលថែខ្លួនឯងចាប់ផ្តើមពីចំណុចតូចៗទាំងនេះនឹងធ្វើឱ្យអ្នកមានសម្រស់ស្អាត ទាក់ទាញ ហើយមានទំនុកចិត្តជាងមុន៕
អត្ថបទដោយ៖ សារួ